ទៅខេត្តកំពត កុំភ្លេចចូលលេងសហគមន៍ទេសចរណ៍ត្រពាំងសង្កែរ !

​ក្រៅពី​ឋានសួគ៌​បូកគោ ទឹកឈូ និ​ង ​ទេសភាព​តាម​ដងព្រែក​កំពត​នោះ ខេត្តកំពត ក៏នៅមាន​សហគម​ន៍​ទេចរ​ត្រពាំង​សង្កែរ​ទៀត ​ដែលមាន​ទេសភាព​ស្រស់ស្អាត​មិន​ចាញ់​រមណីយដ្ឋាន​ទេសចរ​ណ៍នៃ​ប្រទេស​ដទៃទៀត​ឡើយ ។ សហគមន៍​ត្រពាំង​សង្កែ​មាន​ទីតាំងនៅ ភូមិ​កំពង់កែស ឃុំ​ត្រពាំង​សង្កែរ ស្រុក​ទឹកឈូ ខេត្តកំពត​ ។

​ភ្ញៀវទេសចរ​ទាំងឡាយ ​បើ​ចង់​ធ្វើដំណើរ​ទៅ​សហគមន៍​ត្រពាំង​សង្កែ ត្រូវធ្វើ​ដំណើរ​ចេញពីទីរួមខេត្តកំពត ទៅ ខេត្ត​កែប តាមផ្លូវ​លេខ ៣៣ ដែលមាន​ចម្ងាយ ប្រមាណជា ៨​ គីឡូម៉ែត្រ នៅ​ខាងស្ដាំ​ដៃ លោក​អ្នកនឹង​បានឃើញ​សហគមន៍​ត្រពាំង​សង្កែនេះ ។

រមណីយដ្ឋាន​សហគម​ន៍​ទេសចរណ៍​ត្រពាំង​សង្កែរ​លំអទៅដោយ​ព្រៃកោងកាង​យ៉ាង ស្រស់ត្រកាល មាន​ស្ពានឈើ​ថ្មី ​ដែល​ទើប​សាង​សង់កាត់​ព្រៃកោងកាង និង មាន​ទូក​ជិះ​លេង លម្ហែកាយ​មើល​អំពិលអំពែក​ពេល​រាត្រី ព្រមទាំង​មាន ផ្ទះសំណាក់​លម្ហែកាយ​យ៉ាង​ស្រស់ស្អាត រ​ងចាំស្វាគមន៍​ភ្ញៀវ​ទេសចរ ​ដែល​ទៅ​សម្រាក​លម្ហែកាយ​នៅ​ទីនោះ ។

លោក សយ ស៊ី​ណុល ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពត​បានឱ្យដឹងថា សហគមន៍ ទេសចរណ៍ ត្រពាំង​សង្កែរ នាពេលនេះ​កំពង់​តែមាន​ភាព​ទាញ​ភ្ញៀវ​ទេសចរជាតិ និង អន្តរជាតិ យ៉ាងច្រើន​ឱ្យ​ចូលទៅ​សម្រាកលម្ហែ​កាយ​នៅ​ទីនោះ ។

​សហគមន៍​ទេសចរណ៍​ត្រពាំង​សង្កែរ​មាន​ទេសភាព​យ៉ាង​ស្រស់ត្រកាល​លំអទៅដោយ​ព្រៃកោងកាង​ លាតសន្ធឹង​ជាប់ទៅនឹងជើងភ្នំ​ ដែល​​បាន​អង្រន់​បេះដូង ភ្ញៀវទេសចរ​ទាំងឡាយ​ ដែលបានទៅកម្សាន្ត​ម្តង​ហើយ​ ចង់ទៅកម្សាន្ត​ម្តងទៀត ៕ សុថា​ត់​

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច