LG បង្ហាញទូរស័ព្ទដំបូងលើលោក អាចបណ្តេញមូសបាន

ថ្មីៗ​នេះ​ក្រុមហ៊ុន LG បាន​បញ្ចេញ​ស្មា​ត​ហ្វូ​ន​ដំបូងបង្អស់​ក្នុង​ពិភពលោក ដោយ​បំពាក់​នូវ​រលក​សំឡេង ultrasonic មាន​សមត្ថភាព​អាច​កម្ចាត់​មូស​បាន ។ ទូរស័ព្ទ​នេះ​មាន​ឈ្មោះថា LG K7i ដោយ​ប្រើ​បច្ចេកវិជ្ជា Mosquito Away ។

​អ្វីដែល​ល្អ​បំផុត​ចំពោះ​មុខងារ Mosquito Away គឺ​វា​មាន​លក្ខណៈពិសេស​អា​ចប​ណ្តេ​ញ​មូស​បាន ហើយ​ត្រូវបាន​ក្រុមហ៊ុន​បំពាក់​រួចមកហើយ​នៅក្នុង​ទូរទស្សន៍​ជំនាន់​ថ្មីៗ​របស់ខ្លួន ។ បច្ចេកវិជ្ជា​នេះ​មិនចាំបាច់​ប្រើ​សារធាតុ​គីមី​អ្វី​នោះទេ ។ ផ្ទុយទៅវិញ ដើម្បី​បណ្តេញ​មូស វា​គ្រាន់តែ​បញ្ចេញ​រលក​សំឡេង ultrasonic កម្រិត​រង្វាស់ 30KHz តាមរយៈ​បាស​សំណាញ់​នៅ​ខាងក្រោយ​ទូរស័ព្ទ​ដើម្បី​បណ្តេញ​មូស​មិន​ឱ្យមក​ក្បែរ ។

​រលក ultrasonic ត្រូវបាន​គេ​និយាយថា​មាន​ប្រសិទ្ធិភាព​ខ្លាំងណាស់​ក្នុងការ​បណ្តេញ​សត្វ​មូស និង សត្វល្អិត​មិនឱ្យ​ម​ក្បែរ វា​ពិត​ជាមាន​សុវត្ថិភាព និង គ្មាន​ការបង្ក​គ្រោះថ្នាក់​ដល់​សុខភាព​មនុស្ស​នោះទេ ។

​ក៏ប៉ុន្តែ​វា​ក៏មាន​ការសង្ស័យ​ខ្លះ​ដែរ បើ​យោងតាម​សារព័ត៌មាន CNN បានឱ្យដឹងថា សមាគម​ទប់ស្កាត់​មូស​(American Mosquito Control Association) នៅ​សហរដ្ឋអាមេរិក​បាន​ដកស្រង់​ការសិក្សា​ចំនួន ១០ ក្នុង​រយៈពេល ១៥ ឆ្នាំ​ចុង​ក្រោយនេះ និង បាន​រាយការណ៍​ថា ការប្រើ​រលក​សំឡេងក​ម្ចា​ត់​មូស​បែបនេះ មិនមាន​ប្រសិទ្ធិភាព​នោះទេ ។​

​ទោះជា​យ៉ាងណាក្តី​ក្រុមហ៊ុន LG បាន​អះអាងថា​បច្ចេកវិជ្ជា Mosquito Away របស់ខ្លួន​បាន​ឆ្លងកាត់​ការធ្វើ​តេស្ត​ច្រើន ដង​រួចមកហើយ និង បានទទួល​ស្គ​ល់​គុណភាព​ពីវិទ្យាស្ថាន​អន្តរជាតិ​នៃ​បច្ចេកវិទ្យា​ជីវសាស្ត្រ និង សារធាតុពុល នៅក្នុង​ប្រទេស​ឥណ្ឌា ។ ក្រុមហ៊ុន​នេះ​បាន​អះអាងថា​ទូរស័ព្ទ​ម៉ូ​ដែ​ល K7i នេះ​អាច​បណ្តេញមូ​សបាន ៧២% ក្នុងអំឡុងពេល​ធ្វើតេស្ត​ពិសោធន៍ ៕ សុផល (​ប្រភព​៖ odditycentral.com)

​ទស្សនា​វីដេអូ​ខាងក្រោម​៖


ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច