ទឹកចិត្តក្មេងប្រុសអាយុ ១២ ឆ្នាំ ធ្វើឱ្យគេសរសើរគ្រប់ៗគ្នា

រាល់ពេល​សម្រាក​ពី​ការសិក្សា ក្មេង​តូចៗ​ជាច្រើន​តែង​រំអុក​ឪពុកម្តាយ ឬ អាណាព្យាបាល​ដើរ​កម្សាន្ត តែ​អ្វីដែល​គួរឱ្យ​សរសើរ​ចំពោះ​ក្មេងប្រុស​ថ្នាក់​ទី ៥ អាយុ ១២ ឆ្នាំនេះ គឺ​រូបគេ​បាន​ចំណាយពេល​វិស្សមកាល​របស់ខ្លួននៅផ្ទះ​ជួយ​ការងារ​ឪពុកម្តាយ និង ជួយ​បោសសម្អាត​លើ​ដងផ្លូវ​សាធារណៈ​ទៀតផង ។​ ​វីដេអូ​មួយ​ត្រូវបាន​គេ​ចែកចាយ​បន្ត​គ្នា​លើ​បណ្តាញ​សង្គម​ប្រទេស​ចិន ដែល​បង្ហាញ​ពី​ក្មេងប្រុស​ឈ្មោះ Xiao Jiang រស់នៅក្នុង​តំបន់ Deyang ខេត្ត Sichuan ប្រទេស​ចិន ឈរ​បោសសម្អាត​លើ​ដងផ្លូវ​សាធារណៈ និង រើស​សម្រាម​ដែលគេបោះចោល នា​សប្តាហ៍​សម្រាក​ដ៏​ធំ​នៅក្នុង​ប្រទេស​ចិន ។

គេ​បានដឹងថា ឪពុកម្តាយ​ក្មេងប្រុស​ឧស្សាហ៍​ម្នាក់នេះ ​គឺជា​អ្នក​បោស​សម្រាម​តាម​ដងផ្លូវ​ទាំងពីរ​នាក់ ហើយ​ព្រោះតែ Jiang ចង់​ជួយ​ឪពុកម្តាយ ទើប​គេ​ចំណាយពេល​វិស្សមកាល​ខ្លួន​ធ្វើបែបនេះ ។ តាម​​អ្នកសារព័ត៌មាន​ម្នាក់បានដឹង​ទៀតថា មិន​ត្រឹមតែ​ជួយ​ការងារ​ប្រចាំថ្ងៃ​ឪពុកម្តាយ​នោះទេ ក្មេងប្រុស​តូច​ម្នាក់នេះ​ក៏បាន​ធ្វើ​ការងារ​ផ្ទះ​មួយចំនួនទៀត​ដែរ​ដូចជា​ដាំ​ស្ល លាងចាន បោក​ខោអាវ និង ផ្សេងទៀតៗ ។

ទឹកចិត្ត​ក​ត្ត​ញ្ញូ​របស់​ក្មេងប្រុស​តូច​ម្នាក់នេះ​បានទទួល​ការកោតសរសើរ​ពី​សំណាក់​អ្នកលេង​អ៊ី​ន​ធឺរ​ណេ​ត​យ៉ាងច្រើន ហើយ​គ្រប់គ្នា​ជឿថា គេ​នឹង​អាច​ក្លាយជា​ធនធានមនុស្ស​ដ៏​ល្អ​សម្រាប់​សង្គមជាតិ ៕ រិទ្ធី (​ប្រភព ៖ Shanghaiist)


ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច