តែ និង កាហ្វេ គឺជាភេសជ្ជៈពីរប្រភេទដែលកំពុងពេញនិយមនៅលើពិភពលោក ហើយវាក៏ជាភេសជ្ជៈដែលមានគុណសម្បត្តិច្រើនចំពោះសុខភាព និង ត្រូវបានអ្នកស្រាវជ្រាវធ្វើការសិក្សាពីគុណសម្បត្តិរបស់វា ។ តាមការសិក្សាជាច្រើនបានឱ្យដឹងថា តែ និង កាហ្វេ អាចជួយកាត់បន្ថយអត្រាប្រឈមកើតជំងឺទឹកនោមផ្អែមបាន ជាពិសេសក្នុងចំណោមស្ត្រីដែលមានកើតជំងឺទឹកនោមផ្អែមហើយនោះ គឺវាអាចជួយកាត់បន្ថយមិនឱ្យជំងឺវិវឌ្ឈន៍ទៅរកសភាពធ្ងន់ធ្ងរបាន ។
មនុស្សពេញវ័យជាង ៨០ ភាគរយនៅទូទាំងពិភពលោកបានពិសាកាហ្វេ និង ទឹកតែ ជារៀងរាល់ថ្ងៃ ហើយតាមការសិក្សាអ្នកជំនាញបានស្នើឱ្យអ្នកពិសាតិចបំផុតត្រឹមចំណុះ ១០០ មីលីក្រាម ក្នុងមួយថ្ងៃ ។ ការសិក្សានេះគឺគេបានធ្វើឡើយដោយសាកលវិទ្យាល័យ University of Porto ក្នុងប្រទេសព័រទុយហ្គាល់ ដោយបានសិក្សាទៅលើកម្រិតសារធាតុកាហ្វេដែលបានពិសា និង អត្រាមរណភាពទៅលើក្រុមបុរស និង ស្ត្រីជាង ៣០០០ នាក់ ដែលមានជំងឺទឹកនោមផ្អែមក្នុងចន្លោះឆ្នាំ ១៩៩៩ ទៅ ២០១០ ។
ក្នុងរយៈពេលសិក្សាតាមដាន ១១ ឆ្នាំក្រោយមក ក្នុងចំណោមមនុស្សដែលមានជំងឺទឹកនោមផ្អែមចំនួន ៦១៨ នាក់បានស្លាប់ អ្នកស្រាវជ្រាវរកឃើញថា ស្ត្រីដែលពិសាកាហ្វេយ៉ាងហោចណាស់ ១០០ មីលីក្រាម ឬ មួយពែងក្នុងមួយថ្ងៃ គឺមានអត្រា ៥១ ភាគរយប្រឈមនឹងការស្លាប់តិចជាងអ្នកមិនបានពិសាកាហ្វេ និង តែ ។ ចំពោះស្ត្រីដែលមានជំងឺទឹកនោមផ្អែមហើយពិសាកាហ្វេ ពី ១០០ ទៅ ២០០ ក្រាមក្នុងមួយថ្ងៃ មានអត្រា ៥៧ ភាគរយ ប្រឈមការស្លាប់តិចជាងស្ត្រីដែលមិនពិសា ។ ហើយបើស្ត្រីទាំងនោះពិសាលើសពី ២០០ មីលីក្រាម ឬ ប្រហែលជា ២ ពែងក្នុងមួយថ្ងៃ គឺអាចកាត់បន្ថយអត្រាស្លាប់បាន ៦៦ ភាគរយ ។
បន្ថែមពីនេះការសិក្សាក៏បង្ហាញឱ្យដឹងដែរថា វាអាចជួយកាត់បន្ថយអត្រាប្រឈមជំងឺមហារីកបាន ៨០ ភាគរយជាងអ្នកដែលមិនពិសា កាហ្វេ និង តែសោះ ។ លទ្ធផលនៃការសិក្សានេះ គឺដោយសារប្រសិទ្ធិភាពនៃសារធាតុកាហ្វេអ៊ីនតែម្តងដែលបានជះឥទ្ធិពលដល់មុខងារបេះដូង និង ជួយការពារមិនឱ្យប្រឈមនឹងគ្រោះថ្នាក់នៃជំងឺមហារីក ៕ សុផល (ប្រភព៖ zeenews.com)