វិធីរត់ហាត់ប្រាណ អាចជួយឱ្យបោះបង់ការញៀនបារី

តាម​ការសិក្សា​ពី​សាកលវិទ្យាល័យ University of British Columbia ក្នុងប្រទេស​កាណាដា បានឱ្យដឹងថា ការរត់​ហាត់ប្រាណ​អាចជួយ​បំបាត់​ទម្លាប់​មិនល្អ ជាពិសេស​ការជក់បារី និង ពង្រឹង​សុខភាព ។ ​ក្នុង​គម្រោង​សិក្សា​មួយ​ឈ្មោះ Run to Quit ដែលជា​គំនិត​ផ្តួចផ្តើម​ថ្នាក់ជាតិ​បាន​ផ្តោត​សំខាន់​ទៅលើ​ការកាត់បន្ថយ​ឥរិយាបថ​នៃ​ការជក់បារី ។ ជា​លទ្ធផល​តាម​ការសិក្សា​នេះ​បង្ហាញថា ៥០,៨ ភាគរយ ក្នុងចំណោម​អ្នក​ដែល​ចូលរួម​ក្នុង​កម្មវិធី​រត់​រយៈពេល ១០ សប្តាហ៍ គឺ​ពិតជា​អាច​បោះបង់​ការជក់បារី​បាន​ជោគជ័យ និង ៩១ ភាគរយ បាន​កាត់បន្ថយ​បរិ​មាណនៃ​ការជក់បារី ។

​គំនិត​នៃ​ការបង្កើត​កម្មវិធី​នេះ​បាន​ជួយ​ឱ្យ​រាងកាយ​អាច​បន្ថយ​ចំណង់​ញៀន​បារី​បាន ពីព្រោះ​បើ​អ្នកអនុវត្ត​ដោយ​ខ្លួនឯង​គឺ​វា​ពិតជា​ពិបាក ប៉ុន្តែ​បើ​បាន​ចូលរួម​ជា​ក្រុម​ក្នុង​កម្មវិធី​នេះ គឺ​ពិតជា​អាច​កាត់បន្ថយ​បាន​ច្រើន និង ទទួលជោគជ័យ នេះ​បើ​យោងតាម​លោក Carly Priebe បេក្ខជន​សិក្សា​ថ្នាក់បណ្ឌិត ដែល​ដឹកនាំ​ការសិក្សា​នេះ​បានឱ្យដឹង ។​ ​អ្នក​ជក់បារី​ចំនួន ១៦៨ នាក់​នៅក្នុង​ប្រទេស​កាណាដា បាន​ចុះឈ្មោះ​ចូលក្នុង​កម្មវិធី 2016 Run To Quit ក្នុងនោះ ៣៧ នាក់​បាន​អះអាងថា ពួកគេ​អាច​កាត់ផ្តាច់​ការជក់បារី​បាន​ទាំងស្រុង ដោយ​គេ​បានធ្វើ​តេស្ត​ទៅ​មិនមាន​សារធាតុ​កា​បោ​ន​ម៉ូ​ណូ​អុកស៊ីត​ក្នុង​សួត​នោះទេ ។

​សកម្មភាព​ក្នុង​កម្មវិធី​នេះ​មានដូចជា​ត្រូវ​ចំណាយ​ពេលខ្លះ​ចូលរួម​ក្នុង​ថ្នាក់​ដើម្បី​ស្តាប់​ការណែនាំ និង វិធី​ក្នុង​ការរត់ ដើម្បី​អាចជួយ​កាត់បន្ថយ​ចំណង់​ញៀន​ជក់បារី​បាន​ជោគជ័យ ហើយ​ជា​ចុងក្រោយ​គឺ​ការរត់​ក្នុង​ចម្ងាយ​ផ្លូវ ៥ គីឡូម៉ែត្រ ។ បន្ថែម​ពីនេះ​អ្នកចូលរួម​អាចធ្វើ​ការទំនាក់ទំនង​ប្រឹក្សា​យោបល់​តាមរយៈ​ខ្សែ​ទូរស័ព្ទ​ពិសេស​មកកាន់​ក្រុម​អ្នកជំនាញ​ដើម្បី​ប្រឹក្សា​បន្ថែម​បាន ។ ​ជា​លទ្ធផល​ពី​ការសិក្សា​នេះ អ្នកចូលរួម​ក៏​ទទួលបាន​សុខភាព​ប្រសើរ​ជាង​មុន​ផ្នែក​ស្មារតី​ផងដែរ និង អ្វីដែល​សំខាន់​ក្នុងចំណោម​អ្នកចូលរួម គឺអាច​កាត់បន្ថយ​កម្រិត​សារធាតុ កា​បោ​ន​ម៉ូ​ណូ​អុកស៊ីត​បានជា​មធ្យម​មួយ​ភាគបី ៕ សុផល (​ប្រភព​៖ Zeenews.com)

ចូលចិត្តអត្ថបទថ្មីៗទាក់ទងសុខភាព និងសម្រស់​​ សូមចុច