ទៅដល់ខេត្តសៀមរាប កុំភ្លេចទៅលេងរមណីយដ្ឋាន ត្រាវកុដិ

ពេលនេះបើគេបានទៅដល់ខេត្តសៀមរាប ក្រៅពីដើរទស្សនាតាមប្រាសាទបុរាណនានាហើយនោះ គេក៏ពុំដែលភ្លេចឡើយក្នុងការឆៀងចូលទៅលម្ហែកាយនៅរមណីយដ្ឋាន ត្រាវកុដិ ព្រោះទីនោះមានទេសភាពល្អស្អាតស្រស់បំព្រង និងខ្យល់អាកាសបរិសុទ្ធ ។

ទើបតែបង្កើតឡើងបានប៉ុន្មានឆ្នាំមុននេះទេ តែរមណីយដ្ឋាន ត្រាវកុដិ មានការរីកចម្រើនច្រើនគួរកត់សម្គាល់ទទួលបានការចាប់អារម្មណ៍ និង គាំទ្រច្រើនពីសាធារណជនរហូតអ្នកខ្លះនិយាយថា បើទៅដល់ខេត្តសៀមរាបហើយមិនបានទៅលេងរមណីយដ្ឋាន ត្រាវកុដិ គឺជាការគួរឱ្យសោកស្តាយ … ។

ភ្ញៀវទេសចរដែលបានដើរទស្សនាតាមប្រាសាទបុរាណនានានៅក្នុងខេត្តសៀមរាប រួចហើយភាគច្រើនគេមិនភ្លេចក្នុងការទៅសម្រាកលម្ហែកាយ គយគន់ទេសភាពធម្មជាតិជួរភ្នំ និង បឹងដ៏ស្រស់បំព្រង ដែលអាចស្រូបយកខ្យល់អាកាសបរិសុទ្ធ ព្រមទាំងរំសាយភាពធុញថប់ក្នុងអារម្មណ៍នៅរមណីយដ្ឋាន ត្រាវកុដិ ឡើយ ។

រមណីយដ្ឋាន ត្រាវកុដិ គឺជាបឹងដ៏ធំមួយដែលមានទំហំប្រហែល ៦៥ ហិចតាហើយលម្អដោយទេសភាពជួរភ្នំគូលេនដ៏ស្រស់បំព្រង ។ រមណីយដ្ឋាននេះមានចម្ងាយ  ៥ គីឡូម៉ែត្រខាងកើតភ្នំបូក ឬ ១ គីឡូម៉ែត្រ ខាងលិចមណ្ឌលអភិវឌ្ឍន៏យោធិនពិការ ៣១៧ (ប្រហែល ២៨ គីឡូម៉ែត្រខាងជើង ឆៀងខាងកើត ក្រុងសៀមរាប)  ៕ ដេវីត

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច