ម៉ូតូទប់លំនឹងរបស់ Honda នឹងបង្ហាញខ្លួនក្នុងពិព័រណ៍ខួបទី ៤៥ ខែនេះ

ក្រុមហ៊ុន Honda នឹង​បង្ហាញ​ជា​សាធារណៈ​នូវ​ម៉ូតូ​ម៉ូដ​ថ្មី​មួយមាន​ទិសដៅ​ជួយ​សម្រួល​ដល់​អ្នក​ទើប​រៀន និង ចេះ​ជិះ​ម៉ូតូ​ដំបូង ។ ហើយ​ម៉ូតូ​នេះ​នឹង​ជា​ចំណុច​ចាប់អារម្មណ៍​ថ្មី​ក្នុងឱកាស​តាំង​ពិ​ព័រ​ណ៍ 45th Tokyo Motor Show នៅក្នុង​ប្រទេស​ជប៉ុន ចាប់ពី​ថ្ងៃទី ២៧ ខែតុលា ​រហូតដល់ ៥ ខែវិច្ឆិកា ។

​ម៉ូតូ Honda ជំនាន់​ថ្មី​នេះ​មានឈ្មោះ Riding Assist-e ជា​ម៉ូតូ​ប្រើ​ថាមពល​អគ្គិសនី មាន​ប្រព័ន្ធ​ទប់​លំនឹង​ទំនាញ​នៅ​កណ្តាល ។ វា​មាន​កែប​អង្គុយ​ទាប​បន្តិច​បើ​ប្រៀបធៀប​ទៅនឹង​ម៉ូតូ​ទូទៅ ប៉ុន្តែ​អ្វីដែល​ចាប់អារម្មណ៍​បំផុត​នោះ​គឺ​បច្ចេកវិជ្ជា​ទប់​លំនឹង​ម៉ូតូ ។

​ចំពោះ​អ្នក​ដែល​ធ្លាប់ និង ចេះ​ជិះ​ម៉ូតូ​ហើយ​នោះ ទស្សនៈ​នៃ​ម៉ូតូ​ថ្មី​ដែលមាន​កន្លែង​អង្គុយ​ទាប​នេះ ​គឺ​ពិត​ជាមាន​លក្ខណៈ​ខុសពី​ធម្មតា​បន្តិច ។ បច្ចេកវិជ្ជា​របស់ Honda ​នៃ​ការ​ទប់​លំនឹង គឺ​ត្រូវបាន​យកមកប្រើ​ផ្អែក​តាមរយៈ​ការសិក្សា​ស្រាវជ្រាវ​នៃ​ការបង្កើត​មនុស្ស​យន្តរបស់ Honda ផ្ទាល់ ។ ម៉ូតូ​ទប់​លំនឹង​នេះ អាច​ទប់​បាន​នៅពេលដែល​ម៉ូតូ​បើកបរ​ក្នុង​ល្បឿន​យឺតៗ​តែប៉ុណ្ណោះ ដែល​នេះ​គឺជា​ទស្សនៈ​មួយ​សម​ស្របតាម​ការប្រើ​ប្រាស់​ជាក់ស្តែង ។

បើតាម​រូបភាព​ដែល​បានបង្ហាញ​នេះ ប្រព័ន្ធ​ទប់​លំនឹង​ខ្លួនឯង (gyroscopic self-balancing device) ទំនងជា​បំពាក់​នៅ​ផ្នែក​កណ្តាល​ក្បែរ​ភ្លៅ​អ្នក​អង្គុយ ហើយ​ថាមពល​អ​គ្គិស​នី​ដំណើរការ​របស់​វា​ត្រូវបាន​ប​ញ្ចូ​ន​តាមរយៈ​ម៉ូ​ទ័​រ​មួយ​នៅ​ផ្នែក​កណ្តាល​នៃ​តួ​ម៉ូតូ ។

​ទោះជា​មានការ​ប្រកាស​ជា​ផ្លូវការ​ពី​វត្តមាន​នៃ​ម៉ូតូ​ថ្មី​នេះ​ក្តី ចំពោះ​លក្ខណៈសម្បត្តិ​ផ្សេងៗ​នៅ​មិនទាន់​បានប្រកាស​បា​នល​ម្អិ​ត​នៅឡើយ​ទេ រហូតដល់​ថ្ងៃទី ២៥ ខែតុលា នៅក្នុង​ពិធី​តាំង​ពិ​ព័រ​ណ៍ ទើប​មានការ​ប្រកាស​លម្អិត​ជាង​នេះ ៕ សុផល (​ប្រភព​៖ Newatlas.com)

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច