ដំឡូងពណ៌ស្វាយ អាចជួយព្យាបាលបញ្ហារលាកក្រពះ និង ពោះវៀន

​ដំឡូង​ពណ៌​ស្វាយ ផ្លែឈើ​មាន​ពណ៌ និង បន្លែ​បៃតង​ច្រើន​ប្រភេទ​អាចជួយ​កាត់បន្ថយ​អត្រា​កើត​ជំងឺមហារីក​ពោះវៀន និង ជំងឺ​រលាក​ក្រពះ​បាន នេះ​បើ​យោងតាម​ការសិក្សា​មួយ​បានឱ្យដឹង ។ ​គេ​បាន​រកឃើញថា ក្នុង​បន្លែ ​និង ​ផ្លែឈើ​ដែលមាន​ពណ៌​ច្រើន​មាន​ផ្ទុក​កម្រិត​សារធាតុ​សកម្ម anthocyamins និង អា​ស៊ី​ដហ្វេ​ណូ​លិ​ក (phenolic) ដែលមាន​មុខងារ​ជួយ​កាត់បន្ថយ​ជំងឺមហារីក​បាន​ផងដែរ ។

​លោក សាស្ត្រាចារ្យ Jairam KP Vanamala មកពី​សាកលវិទ្យាល័យ Pennsylvania State University ក្នុង​សហរដ្ឋអាមេរិក បាន​ប្រាប់ថា អាហារ​ក៏​ជា​អាវុធ​មុខ​ពីរ​ផងដែរ ព្រោះ​អាហារ​ប្រភេទ​ខ្លះ​អាច​បង្កឱ្យ​កើត​ជំងឺ​ផ្សេងៗ ហើយ​អាហារ​ខ្លះទៀត​អាចជួយ​ពង្រឹង​ដល់​សុខភាព​រាងកាយ​បាន ។

​តាម​លទ្ធផល​សិក្សា​នេះ គេ​បាន​រកឃើញថា​ ប្រសិនបើ​អ្នក​ពិសា​ដំឡូង​ពណ៌​ស្វាយ គឺ​វា​អាចជួយ​កាត់បន្ថយ​អាកា​ររ​លាក​ក្រពះ និង រលាក​ពោះវៀន​បាន​ ។ លើសពីនេះ​នៅក្នុង​ដំឡូង​ក៏មាន​ផ្ទុក​សមាសធាតុ​អាហារូបត្ថម្ភ​ផ្សេងៗ វីតាមីន សារធាតុ carotenoids និង flavonoids ដែល​រាងកាយ​ត្រូវការ​ជាប្រចាំ​ថ្ងៃ ។

​ជំងឺមហារីក​ពោះវៀន​ និង ​ក្រពះ​គឺជា​បញ្ហា​ប្រឈម​ក្នុងពេល​បច្ចុប្បន្ន ជាពិសេស​ប្រជាជន​នៅក្នុង​ប្រទេស​ភាគ​ខាងលិច ដោយសារ​វា​មាន​ជាប់ទាក់ទង​នឹង​ឥរិយាបថ​នៃ​ការ​ពិសា​អាហា​សាច់​ច្រើនជាង​បន្លែ​ និង​ ផ្លែឈើ ។

​អ្នកស្រាវជ្រាវ​ក៏បាន​បង្ហាញ​ពី​អត្ថប្រយោជន៍​នៃ​បន្លែ និង ផ្លែឈើ​ចម្រុះ​ពណ៌​ផ្សេងៗ គឺមាន​គុណសម្បត្តិ​បំផុត​ចំពោះ​សុខភាព ។ ហេតុដូច្នេះ​អ្នក​គួរ​ជ្រើសរើស​ប្រភេទ​អាហារ និង ផ្លែឈើ​ណា​ដែល​អ្នក​ចូលចិត្ត និង ត្រូវ​កំណត់​បរិមាណ​កាឡូរី​តា​ម​ដែល​រាងកាយ​ត្រូវការ​ជាប្រចាំ​ថ្ងៃ ។ ​គួរ​បញ្ជាក់ថា​អ្នកស្រាវជ្រាវ​បាន​សិក្សា​ទៅលើ​ដំឡូង​នេះ​ទាំង​ឆ្អិន និង ឆៅ គឺមាន​ប្រសិទ្ធិ​ភាពដូចគ្នា ៕ សុផល (​ប្រភព​៖ zeenews.com)

ចូលចិត្តអត្ថបទថ្មីៗទាក់ទងសុខភាព និងសម្រស់​​ សូមចុច