កីឡាករ Mesut Ozil របស់ក្រុម Arsenal អញ្ជើញអ្នកគាំទ្រទៅលេងផ្ទះថ្មី បង្អួតទ្រព្យសម្បត្តិក្នុងផ្ទះ

កាលពីពេល​ថ្មីៗ​នេះ កីឡាករ​របស់​ក្លឹប​កាំភ្លើង​ធំ Arsenal លោក Mesut Ozil បាន​អញ្ជើញ​អ្នកគាំទ្រ​មកលេង​ផ្ទះ​លោក តាមរយៈ​ការ​បង្ហោះ​វីដេអូ​បង្ហាញ​ពី​ទិដ្ឋភាព​ក្នុងផ្ទះ​ថ្មី ។

​កីឡាករ​ជម្រើសជាតិ​អាឡឺម៉ង់​រូបនេះ​ត្រូវបាន​គេ​ដឹងថា អាច​រកប្រាក់​យ៉ាងច្រើន ក្រោម​កិច្ចសន្យា​ជាមួយ​ក្រុម​កាំភ្លើង​ធំ ដែល​ប្រមាណ ១៨ ម៉ឺន​ដុល្លារ​ក្នុង​មួយ​សប្តាហ៍ ហើយ​ប្រាក់​នេះដែរ​បានធ្វើឱ្យ​លោក​រស់នៅក្នុង​ជីវិត​ដ៏​សុខ​ស្រួល ដែល​មនុស្ស​ជាច្រើន​តែង​ប្រាថ្នា ។ តាមរយៈ​វីដេអូ​នោះដែរ គេ​សង្កេតឃើញថា ការតុបតែង​លម្អ​ក្នុងផ្ទះ​ថ្មី​លោក​មាន​ភាព​ប្រណីត​យ៉ាងខ្លាំង ហើយ​អ្វីដែល​កាន់តែ​ពិសេស​នោះ លោក​មាន​បន្ទប់​មួយ​ដាច់ដោយឡែក ដែលមាន​ផ្ទាំង​កុន​ដ៏​ធំ​មួយ គឺ​សម្រាប់តែ​លេង PlayStation 4 ។ លោក​ក៏​ជា​ម្ចាស់​រថយន្ត​ទំនើប​ពីរ​គ្រឿង​ផងដែរ​គឺ​រថយន្ត Mercedes S63 AMG Coupe និង AMG G63 ដែល​ទាំងពីរ​គ្រឿង​មានតម្លៃ​ជិត ៤០ ម៉ឺន​ដុល្លារ ។ នៅក្នុង​វីដេអូ​នោះដែរ លោក​ក៏បាន​បង្ហាញ​ទូ​ដាក់​ស្បែកជើង​លោក​ដែរ ហើយ​គេ​ឃើញថា ស្បែកជើង​របស់លោក​សុទ្ធតែ​ម៉ាក​ល្បីៗ និង មានតម្លៃ​ថ្លៃ ។ គួរ​បញ្ជាក់ដែរថា Ozil ជា​កីឡាករ​សំខាន់ និង ល្បីឈ្មោះ​ម្នាក់​សម្រាប់ Arsenal ហើយ​អ្នកគាំទ្រ​ក្លឹប​នេះ​មិន​ចង់​បាត់បង់​រូបគេ​ឡើយ ស្រប​ពេលដែល​ព័ត៌មាន​ដែល​គេ​ចាក​ចេញពី​ក្លឹប​នៅ​ចុងរដូវ​កាល​ថ្មីៗ​នេះ​ត្រូវបាន​ចែកចាយ​បន្ត​គ្នា ៕ រិទ្ធី (​ប្រភព ៖ Dailymail)


ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច