ម៉ាស៊ីនស្កេន Entrupy Scan អាចមើលដឹងពីផលិតផលក្លែងក្លាយ (មានវីដេអូ)

ក្រុមហ៊ុន Entrupy ដែលជា​ក្រុមហ៊ុន​បង្កើត​ថ្មី​មួយ​នៅ​ទីក្រុង New York សហរដ្ឋអាមេរិក បាន​បង្កើតឡើង​នូវ​ម៉ាស៊ីន​ស្កេ​ន​តូច​មួយ​ប្រភេទងាយ​យកតាម​ខ្លួន និង មាន​សមត្ថភាព​ពិសេស​អាច​ពិនិត្យ​កាបូប​ និង ​ផលិតផល​ម៉ាក​ល្បីៗ​មួយចំនួនពី​ភាព​ពិតប្រាកដ ឬ ក្លែងក្លាយរបស់​វា​បាន ។

​យោងទៅតាម​របាយការណ៍​ពី Economic Co-operation and Development បានឱ្យដឹងថា ​វិស័យ​ផលិតផល​ក្លែងក្លាយ​មាន​ទឹកប្រាក់​ចំនួន ៤៦០ ពាន់​លាន​ដុល្លារ កំពុង​ចរ​រាចរ​នៅក្នុង​ពិភពលោក ភាគច្រើន​ទាក់ទង​នឹង​ផលិតផល​ក្លែងក្លាយ​នៃ​ម៉ាក​ល្បីៗ​មួយចំនួន​ដូចជា Louis Vuitton ឬ Channel ជាដើម ។

​ដោយសារ​មាន​ផលិតផល​ក្លែងក្លាយ​ច្រើន និង ពិបាក​សសម្គាល់​ដឹង​ដោយ​ភ្នែក​ទទេ​នោះ​ហើយ ទើប​ក្រុមហ៊ុន Entrupy បង្កើត​ម៉ាស៊ីន​ស្កេ​ន​ផលិតផល​ក្លែងក្លាយ​នេះ​ឡើង ដោយ​ប្រើ​បច្ចេកវិជ្ជា​ពិសេស​អាចឱ្យ​អ្នកប្រើប្រាស់​ពិនិត្យ​បាន​គ្រប់ពេល​ និង​ គ្រប់​ទីកន្លែងដើម្បី​ដឹង​ពី​ផលិតផល​ថា​ពិត ឬ ក្លែងក្លាយ ។​

​ម៉ាស៊ីន Entrupy Scanner អាច​ប្រើ​ភ្ជាប់​ជាមួយ​ទូរស័ព្ទដៃ ថត​ពិនិត្យ​រូប​លើ​ផលិតផល រួច​ប្រៀបធៀប​ជាមួយ​រូបភាព​នៃផលិតផល​សុទ្ធ​ពិតប្រាកដ​រាប់ម៉ឺន​ដែល​គេ​បាន​បញ្ចូល​ទិន្នន័យ​ក្នុងនោះ និង អាច​កំណត់សម្គាល់​ក្នុង​កំរិត​ជាក់​លក្ខ ៩៧ ភាគរយ ។​

​លោក Ashlesh Sharma ស្ថាបនិក​ក្រុមហ៊ុន​នេះ​បាន​ប្រាប់ថា ម៉ាស៊ីន​នេះ​ពិតជា​អាច​វាស់​កំណត់​ដឹងបាន​យ៉ាងច្បាស់ នូវ​គុណភាព ផ្ទៃ​សាច់ រូបរាង ទំហំ សាច់​ក្រណាត់ និង ​លក្ខណៈ​នៃ​ផលិតផល​ផ្សេងៗបាន​យ៉ាងច្បាស់ ៕ សុផល

​សូម​ទស្សនា​វីដេអូ​ខាងក្រោម​៖


ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច