គេងចេះតែមិនលក់ តើគួរធ្វើអ្វីខ្លះ ដើម្បីគេងឱ្យលក់ស្រួល ?

តាមពិតទៅ​អ្នក​អាច​ដោះស្រាយ​បញ្ហា​គេង​មិន​លក់បាន​តាម​វិធី​ផ្សេងៗ​មួយចំនួន ។ វិធី​ខ្លះ​បាន​ផល និង ខ្លះទៀត​ដូចជា​មិនសូវ​បាន​ផល ។ ទោះជា​យ៉ាងនេះ​ក្តី​បើ​យោងទៅតាម​ការសិក្សា​ពី​មូលនិធិ National Sleep Foundation បានស្នើ​ឱ្យ​អ្នក​គួរ​រៀប​គម្រោង​ឱ្យបាន​ច្បាស់​ទាំង​ពេល​ចូល​គេង​ និង ​ក្រោក​ពី​គេង​ឱ្យបាន​ទៀងទាត់ ។

​ការកំណត់​គម្រោង​ចូល​គេង​ឱ្យបាន​ទៀងទាត់​សូម្បីតែ​នៅ​ចុង​សប្តាហ៍ ក៏​ជួយ​ធ្វើឱ្យ​ឥរិយាបថ​ និង​ រាងកាយ​អ្នកមាន​លំនឹង និង គេង​លក់បាន​ទៀងទាត់ ។ ដោយឡែក​ឥរិយាបថ និង ទម្លាប់​មុនពេល​ចូល​គេងក៏​ជា​រឿង​សំខាន់​ផងដែរ ។ អ្វីដែល​សំខាន់​អ្នក​គួរ​សម្រាក​អារម្មណ៍ និង កុំ​បន្ថែម​សភាព​តានតឹង​ក្នុង​អារម្មណ៍​ខ្លាំងពេក​មុនពេលចូល​គេង ។ អ្នក​ក៏​អាច​ងូតទឹក​ឱ្យ​អារម្មណ៍​ស្រស់ថ្លា និង ទម្លាប់​អាន​សៀវភៅ​មុនពេល​ចូល​គេង​ក៏បាន ។ ​នៅពេល​គេង​ជៀសវាង​ប្រើ​ពន្លឺភ្លើង​ភ្លឺ​ខ្លាំង ប្រើ​ទូរស័ព្ទដៃ និង កុំ​ព្យូ​ទ័​រ​យួរដៃ​ភ្លឺ​ខ្លាំងពេក ដែល​អាច​ជំរុញខួរក្បាល​អ្នក​ឱ្យ​ប្រឹង​ខ្លាំង និង មិន​ធ្វើឱ្យ​អ្នក​ងងុយគេង ។​

​លើសពីនេះ​ជៀសវាង​ការសន្ទនា​នូវ​ភាព​តានតឹង រវាង​ប្តី​ប្រពន្ធ និង ដៃគូ ឬ​សមាជិក​ផ្សេងៗ ព្រោះ​វា​នឹង​ធ្វើឱ្យ​អារម្មណ៍​អ្នក​មិន​ស្ងប់​ទៅនឹង​បញ្ហា​ដែល​ដោះស្រាយ​មិនទាន់​ចប់ ។ លើសពីនេះ​អ្នក​គួរ​ធ្វើ​លំ​ហាត់ប្រាណ​ខ្លះ​មុនពេល​ចូល​គេង ដោយ​អ្នក​អាចអនុវត្ត​តិចៗ​នៅពេល​ថ្ងៃ ។​ ​ហើយ​ចំពោះ​អ្នក​ដែល​ឧស្សាហ៍​ចូល​បន្ទប់ទឹក​ញឹកញាប់​នៅពេល​យប់ អ្នក​មិនគួរ​ពិសា​គ្រឿង​ស្រវឹង​ច្រើន​មុនពេល​ចូល​គេង ឬ ពិសា​បារី និង អាហារ​ច្រើនពេកនោះឡើយ ។

​អ្វីដែល​សំខាន់​គឺ​ត្រូវ​រក្សា​បន្ទប់​គេង​ក្នុង​សីតុណ្ហភាព​មួយ​មាន​តុល្យភាព​ចំពោះ​កម្តៅ​រាងកាយ និង គួរ​ចងចាំ​ថា​សីតុណ្ហ ភាព​នៅពេល​យប់​ចន្លោះ​ម៉ោង ២ ដល់​ម៉ោង ៤ ព្រឹក មាន​សភាព​ត្រជាក់​ជាង​ធម្មតា ។ ​លើសពីនេះ​អ្នកជំនាញ​សុខភាព​បានស្នើ​ឱ្យ​អ្នក​គួរ​ហ្វឺ​ក​ហាត់​ខួរក្បាល​ជាមុន​នៅពេល​គេង​នៅលើ​គ្រែ​ដោយ​ចងចាំ​ថា វា​ជា​ពេល​មួយ​ដែល​អ្នក​គួរ​ផ្ចង់អារ ម្មណ៍​សម្រាក​រាងកាយ កាត់បន្ថយ​ភាព​តានតឹង​ក្នុង​អារម្មណ៍ អាន​ទស្សនា​វ​ដ្តី​កម្សាន្ត និង លេង​ហ្គេម​កម្សាន្ត​ផ្សេងៗ ៕ សុផល (​ប្រភព​៖ Zeenews)

ចូលចិត្តអត្ថបទថ្មីៗទាក់ទងសុខភាព និងសម្រស់​​ សូមចុច