នាយ ព្រែក និង ពៅ លីដា ប៉ះគ្នាជាលើកដំបូងក្នុងរឿង «ធនញ្ជ័យ»

​ជា​លើកដំបូង​ហើយ​ដែល​នាយ ព្រែក ឡើង​តំណែង​ជា​តួឯក​ប្រុស​នៅក្នុង​រឿង «ធនញ្ជ័យ​» រួមជាមួយ​ស្រី​ស្អាត ពៅ លីដា ទោះបីជា​វ័យ​អ្នក​ទាំងពីរ​ខុសគ្នា ប៉ុន្តែ​ម្នាក់ៗ​នឹង​ព្យាយាម​សម្តែង​នៅក្នុង​រឿងនេះ​ឱ្យបាន​ល្អ​បំផុត ។ ថ្វីត្បិតតែ​នាយ ព្រែក ​ធ្លាប់​ឆ្លងកាត់​ការសម្តែង​ជាច្រើន​រឿង​មកហើយ​តែ​នៅ​ពុំទាន់​មានរឿង​ណា​ដែល​នាយ ព្រែក សម្តែង​ជា​តួអង្គ​លេចធ្លោ​ជាងគេ​នោះទេ ដោយឡែក​ថ្មីៗ​នេះ នាយ ព្រែក ស្រាប់តែ​ទទួលបាន​ឱកាសល្អត្រូវគេ​ជ្រើសរើស​យកទៅ​សម្តែង​នៅក្នុង​រឿង «ធនញ្ជ័យ​» ដែល​ទើប​ដាក់​ក្រុង​ពាលី​ថត​កាលពី​ព្រឹក​ថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០១៧ ។

​​នាយ ព្រែក បានឱ្យដឹងថា នេះ​ជា​លើកដំបូង​ដែល​បាន​សម្តែង​ជា​តួឯក​បែបនេះ ហើយក៏​ជា​រឿង​មួយ​ដែល​គេ​ពេញចិត្ត​បំផុត ពីព្រោះ​តួអង្គ​នៅក្នុង​រឿងនេះ​សម​ទៅ​និង​ចរិត​ពិត​របស់គេ​ផង ។ នាយ ព្រែក ថែមទាំង​សង្ឃឹមថា រឿង «ធនញ្ជ័យ » នឹង​ទទួលបាន​ការគាំទ្រ​ច្រើន​ពី​សំណាក់​ទស្សនិកជន​នៅពេលដែល​ដាក់​បញ្ចាំង​នៅក្នុង​ស្ថានីយ៍ទូរទស្សន៍​ប៉ុ​ស្តិ័​លេខ ៥ ។​

​ចំណែក​ស្រី​ស្អាត ពៅ លីដា វិញ ធ្លាប់បាន​សម្តែង​នៅក្នុង​រឿង​ជាច្រើន​មកហើយ សម្រាប់​រឿងនេះ​ជា​លើកដំបូង​ដែរ​ដែល​នាង​បាន​ប៉ះគ្នា​ជាមួយ នាយ ព្រែក ថ្វីត្បិតតែ​មិន​ធ្លាប់​ប៉ះគ្នា​ពីមុន​មែន ប៉ុន្តែ​តាមរយៈ​ការសម្តែង​របស់​នាយ ព្រែក ក្នុង​រឿង​នានានាង​សង្ឃឹមថា នាង និង នាយ ព្រែក នឹង​សម្តែង​ចូលគ្នា​បានយ៉ាង​ល្អ ៕ អា​លី​ណា

ចូលចិត្តអត្ថបទថ្មីៗទាក់ទងនឹងតារាសូមចុច