កីឡាករ Conor McGregor ដើរលេងបំភ្លេចការបរាជ័យដ៏ធ្ងន់ធ្ងរនៅឯមាត់សមុទ្រ

កាលពីពេល​ថ្មីៗ​នេះ កីឡាករ​វាយ​ក្នុង​ទ្រុង​ដ៏​ល្បីឈ្មោះ Conor McGregor បាន​ទៅ​កម្សាន្ត​នៅ​មាត់សមុទ្រ​ជាមួយ​ក្រុមគ្រួសារ ក្រោយ​បរាជ័យ​យ៉ាង​បាក់មុខ​ក្រោម​ថ្វីដៃ​កីឡាករ​ប្រដាល់​សម្បូរ​ប្រាក់ Floyd Mayweather ត្រឹម​ទឹក​ទី ១០ ។​

​លោក Conor បាន​ទៅ​កម្សាន្ត​លើ​កោះ Ibiza ជាមួយ​មិត្តភក្តិ និង គ្រួសារ ហើយ​តាមរយៈ​រូបថត គេ​ឃើញ Conor បាន​សប្បាយចិត្ត​ជាថ្មី​វិញ​ហើយ ក្រោយ​ធូរស្រាល​អារម្មណ៍​ពី​ការ​ចាញ់​ដ៏​ធំ​ក្នុង​ឆាកជីវិត​គេ​នេះ ។ លោក​បាន​ជិះ​ម៉ូតូ​ទឹក​យ៉ាង​សប្បាយរីករាយ និង ផឹកស៊ី​លើ​កាណូត​ដែលមាន​តម្លៃ​រាប់សែន​ដុល្លារ ។ គេ​បានដឹង​ដែរ​ថា សម្រាប់​ការកម្សាន្ត​លើ​កោះ​ក្នុងប្រទេស​អេ​ស្ប៉ា​ញ​នេះ កីឡាករ UFC រូបនេះ​បាន​ជួល​វីឡា​ដ៏​ទំនើប​មួយកន្លែង​សម្រាប់​រស់នៅ​រយៈពេល​មួយ​សប្តាហ៍ ដែល​តម្លៃ​នោះ​ពុំ​ត្រូវបាន​បង្ហើប​ឱ្យដឹង​នោះទេ ។ កីឡាករ​វ័យ ២៩ ឆ្នាំ​រូបនេះ​ត្រូវបាន​គេ​ដឹងថា រក​ចំណូល​មិន​ក្រោម ១៣០ លាន​ដុល្លារ​នោះទេ ពី​ការឡើង​រេញ​ប្រដាល់​ជាមួយ Floyd ហេតុនេះ​គេ​ប្រហែលជា​ចង់​សម្រាកកាយ​ឱ្យបាន​យូរ​បន្តិច សឹម​បន្ត​ការប្រកួត​ក្នុង​ទ្រុង​ឡើងវិញ ។​

​គួរ​បញ្ជាក់ដែរថា ប្រកួត​បន្ទាប់​របស់ Conor អាច​នឹងត្រូវ​ឡើង​វាយ​ក្នុង​ទ្រុង​ជាមួយ​កីឡាករ​ល្បី Nate Diaz នេះ​បើតាម​អ្វីដែល​លោក​បង្ហើប​ក្នុង​បណ្តាញ​សង្គម​លោក ៕ រិទ្ធី (​ប្រភព ៖ Dailymail)


ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច