ក្មេងប្រុសម្នាក់កើតជំងឺចម្លែក អាចស្លាប់ព្រោះតែជក់មើលទូរទស្សន៍

ម្តាយ​នៃ​ក្មេងប្រុស​អាយុ ៨ ឆ្នាំ​ម្នាក់​បាន​បង្ហើប​ប្រាប់​ឱ្យដឹងថា ប្រសិនបើ​កូនប្រុស​ខ្លួន​ជក់​មើល​ទូរទស្សន៍​ខ្លាំងពេក​នោះ គេ​អាច​នឹង​ស្លាប់ ព្រោះតែ​រាងកាយ​គេ​ភ្លេច​ដកដង្ហើម ។​

​ក្មេងប្រុស​តូច Finlay Carnell គឺជា​មនុស្ស​ម្នាក់​ក្នុងចំណោម ១០០ នាក់​នៅក្នុង​ចក្រភព​អង់គ្លេស​ដែល​រងគ្រោះ​ពី​ជំងឺ​កម្រ​ម្យ៉ាង​មាន​ឈ្មោះថា CCHS ។ វា​មានន័យថា ក្មេងប្រុស​រូបនេះ​ត្រូវការ​ឧបករណ៍​ជំនួយ​ផ្លូវដង្ហើម ប្រសិនបើ​គេ​ផ្តោតអារម្មណ៍​លើ​អ្វីមួយ​ខ្លាំងពេក​នោះ បើ​មិន​ដូច្នោះ​ទេ គេ​នឹង​ស្លាប់​ជាមិនខាន ។ យោងតាម​សារព័ត៌មាន Dailymail គេ​បានដឹង​ដែរ​ថា កូនប្រុស​ច្បង​ក្នុងចំណោម​កូន​ពីរ​នាក់​រូបនេះ​ក៏ត្រូវ​ការ​ឧបករណ៍​ជំនួយ​ដង្ហើម​ពេល​គេង​ផងដែរ ព្រោះ​គេ​អាច​នឹង​ភ្លេច​ដកដង្ហើម​ពេលនោះ​ដូចគ្នា ។ ម្តាយ​របស់ Finlay អ្នកស្រី Amanda Carnell បានបញ្ជាក់​ប្រាប់​ដែរ​ថា អ្នកស្រី​ចាប់ផ្តើម​ដឹងថា កូន​អ្នកស្រី​មាន​បញ្ហា​ខុស​ប្រក្រតី​តាំងពី​គេ​ចាប់កំណើត​ម្ល៉េះ ដោយពេល​គេ​ទើបនឹង​កើត មុខ​គេ​ប្រែជា​ពណ៌​ស្វាយ រហូត​ពេល​គេ​មាន​អាយុ ៥ សប្តាហ៍ ទើប​គ្រូពេទ្យ​អាច​កំណត់​ប្រភេទ​នៃ​ជំងឺ​មួយ​នេះ និង អាចមាន​វិធីសាស្ត្រ​ជួយ​ជីវិត​គេ​តាំងពី​ពេល​នោះមក ។​

​គួរ​បញ្ជាក់ដែរថា ក្មេងប្រុស Finlay បានរស់នៅ​ក្នុង​ជីវិត​ធម្មតា​ប្រក្រតី​ដូច​ក្មេងប្រុស​ដទៃទៀត​ដែរ តែដោយសារ​មាន​ជំងឺ​កម្រ​នេះ រូបគេ​ត្រូវការ​ការ​មើលថែ​ទាំងថ្ងៃទាំងយប់ ជាពិសេស​ត្រូវតែ​ក្រើនរំលឹក​ខ្លួនឯង​គ្រប់ពេល កុំឱ្យ​ធ្វើ​អ្វី​ជក់​ខ្លាំងពេក ព្រោះតែ​ខ្លួនឯង​អាច​នឹង​ភ្លេច​ដកដង្ហើម​បាន ៕ រិទ្ធី (​ប្រភព ៖ Dailymail)


ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច