ឡើងរេញបាន ១០០ លានដុល្លារហើយ Floyd Mayweather ឆ្លៀតឈ្នះរង្វាន់ ១ សែនដុល្លារទៀត !

កី​ឡករ​ប្រដាល់​សម្បូរ​ប្រាក់​ដ៏​ល្បីឈ្មោះ Floyd ‘Money’ Mayweather Jr. បានឈ្នះ​ប្រាក់រង្វាន់​ពី​កាស៊ីណូ​ប្រមាណ ១ សែន​ដុល្លារ កាលពីពេល​ថ្មីៗ​នេះ បន្ទាប់ពី​រកចំណូលបាន ១០០ លាន​ដុល្លារ​ពី​ការឡើង​រេញថ្មីៗមកនេះ ។ ​​រឿង​ឈ្នះ​រង្វាន់​ត្រូវបាន​គេ​ដឹងថា បន្ទាប់ពី​លោក Floyd បង្ហោះ​វីដេអូ​តាម​គណនី​បណ្តាញ​សង្គម​ផ្ទាល់ខ្លួន​បង្ហាញ​ពី​រឿង​មួយ​នេះ ។

ការ​ឈ្នះ​រង្វាន់​នេះដែរ ​គឺ​គ្រាន់តែជា​ប្រាក់​ដ៏​តិចតួច​សម្រាប់​លោក Floyd ព្រោះ​ប៉ុន្មាន​ថ្ងៃមុន​នោះលោក​ទើប​រក​ចំណូល ១០០ លាន​ដុល្លារ បាន​ពី​ការឡើង​រេញ​ប្រកួត​ជាមួយ​កីឡាករ UFC ដែល​មិន​ធ្លាប់​ប្រដាល់ Conor Mcgregor ។ ត្បិត​ថា លោក Floyd មិនដែល​និយាយ​ពាក្យ​មើលងាយ Conor ចំពោះ​សមត្ថភាព​ប្រដាល់ តែ​គេ​បានដឹងថា លោក Floyd បាន​ចំណាយ​ពេលមុន​ឡើង​រេញ​មួយ​សប្តាហ៍​នៅក្នុង​ក្លឹប​រាំ​ស្រាត​នៅ Las Vegas ដើម្បី​រំសាយ​អារម្មណ៍ ហើយ​គេ​ដឹង​ទៀតថា លោក​មិនសូវ​ជា​ខំប្រឹង​ហ្វឹកហាត់​ដូច​ការប្រកួត​មុនៗ​នោះទេ ក្នុងការ​ប្រកួត​មួយ​នេះ ។

ការ​ប្រដាល់​រវាង​កីឡាករ​ទាំងពីរ​រូបនេះ​បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​ពី​មហាជន​ជុំវិញ​ពិភពលោក​ជាច្រើន តែ​ចុងក្រោយ Floyd បាន​ផ្តួល Conor ត្រឹម​ទឹក​ទី ១០ ដោយ​ងាយស្រួល ។​ ​គួរ​បញ្ជាក់ដែរថា បច្ចុប្បន្ន​លោក Floyd កាន់​កំណត់ត្រា​ក្នុងការ​ប្រដាល់​មួយ​ផងដែរ ដោយ​លោក​មាន​កំណត់ត្រា​ឈ្នះ ៥០-០ ៕ រិទ្ធី (​ប្រភព ៖ Dailymail)

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច