កីឡាករទទួលមេដាយមាសពី ស៊ីហ្គេម ទទួលរង្វាន់ពីណាហ្គាវើល

សម្រាប់ SEA Games លើកទី ២៩ នៅប្រទេសម៉ាឡេស៊ី ដែលកម្ពុជាដណ្តើមបានមេដាយមាសចំនួន ៣ គ្រឿង ប្រាក់ ២ គ្រឿង និង មេដាយសំរឹទ្ធ ១២ គ្រឿង សរុប ១៧ គ្រឿង ក្នុងចំណោមកីឡា ២៤ ប្រភេទ ដែលបញ្ជូនទៅប្រកួតនោះ គឺកាលពីថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០១៧ ក្រុមហ៊ុនណាហ្គាវើល បានប្រគល់រង្វាន់ដល់ជ័យលាភីមេដាយមាសភ្លាមៗផងដែរ ។

សម្រាប់មេដាយមាសជាលក្ខណៈឯកត្តជនណាហ្គាវើលផ្ដល់ជូននូវប្រាក់រង្វាន់ចំនួន  ៣.០០០ ដុល្លារ ឯមេដាយមាសជាក្រុមផ្ដល់ជូន ៥.០០០ ដុល្លារ ។ ស៊ីហ្គេមលើកទី ២៩ នេះកម្ពុជាដណ្ដើមបានមេដាយមាសចំនួន ៣ គ្រឿង គឺប្រភេទកីឡា ប៉េតង់ វិញ្ញាសាវាយគូដែលមានកីឡាការិនី កែ ឡេង និង អ៊ុក ស្រីមុំ ។ ប្រភេទកីឡាតេក្វាន់ដូកីឡាការិនី ស៊ន សៀវម៉ី និង ប្រភេទកីឡាប្រដាល់គុនខ្មែរកីឡាករ ឃឹម  ឌីម៉ា ។

​ចំពោះកីឡាការិនី អ៊ុក ស្រីមុំ និង កែ ឡេង បានទទួល ៥.០០០ ដុល្លារសម្រាប់ ២ នាក់ ឯអ្នកប្រដាល់គុនខ្មែរ ឃឹម  ឌីម៉ា និង កីឡាការិនីតេក្វាន់ដូ ស៊ន សៀវម៉ី បានទទួលក្នុងម្នាក់ៗ ៣.០០០ ដុល្លារ ។ ដោយឡែកសម្រាប់មេដាយមាសមួយគ្រឿងណាហ្គាវើលផ្ដល់ជូនគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាចំនួន ៥០០ ដុល្លារដូច្នេះមេដាយមាស ៣ គ្រឿងណាហ្គាផ្ដល់ជូនអូឡាំពិកកម្ពុជាចំនួន ១.៥០០ ដុល្លារ ។
​គួររំឭកថា រាជរដ្ឋាភិបាលបានធ្វើការប្រកាសផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តសម្រាប់កីឡាករកីឡាការិនី កម្ពុជាដែលដណ្ដើមបានមេដាយក្នុងការប្រកួត Sea Games 2017 មានជាអាទិ៍ ៖
+ ឯកត្តជន
– មេដាយមាស ២៤.០០០ ដុល្លារ
– មេដាយប្រាក់ ១៣.៥០០ដុល្លារ
– មេដាយសំរឹទ្ធ ៧០០០ដុល្លារ
+ កីឡាជាក្រុម
– មេដាយមាស ៨០០០ ដុល្លារ
– មេដាយប្រាក់ ៥០០០ ដុល្លារ
– មេដាយសំរឹទ្ធ ៣០០០ ដុល្លារ

៕ដេវីត

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច