មនុស្សវ័យចំណាស់ គួរពិសាផ្លែអាវូកាដូ យ៉ាងហោចណាស់មួយផ្លែក្នុងមួយថ្ងៃ

​មនុស្ស​វ័យ​ចំណាស់​បើ​ចង់​មាន​សុខ​ភាពល្អ​គួរ​ពិសា​ផ្លែ ​អា​វូ​កាដូ ​យ៉ាងហោចណាស់​ឱ្យបាន​មួយ​ផ្លែ​ក្នុង​មួយថ្ងៃ ព្រោះ​វា​ជួយ​ពង្រឹង​ថាមពល​រាងកាយ បង្កើន​ការចងចាំ និង ពង្រឹង​សុខភាព​ភ្នែក ។ ​នេះ​បើ​យោងទៅតាម​ការសិក្សា​ថ្មី​មួយ​ពី​ក្រុម​អ្នកស្រាវជ្រាវ​មួយក្រុម​មកពី​សាកលវិទ្យាល័យ Tufts University ក្នុង​សហរដ្ឋអាមេរិក ដែល​បាន​សិក្សា​ និង តាម ដាន​ការ​វិវឌ្ឍន៍​នៃ​សារធាតុ lutein ដែលមាន​នៅក្នុង​ភ្នែក និង ធ្វើការ​តាមដាន​កម្រិត​ផ្ចង់ស្មារតី​ក្នុងចំណោម​ក្រុមមនុស្ស​វ័យ​ចំណាស់ៗ ។

​គេ​បាន​សិក្សា​ទៅលើ​មនុស្សពេញវ័យ​មាន​សុខ​ភាពល្អ​ចំនួន ៤០ នាក់ ដែលមាន​អាយុ ៥០ ឆ្នាំ​ឡើងទៅ ដែល​ពិសា​ផ្លែ​អា​វូ​កាដូ ​ស្រស់​យ៉ាងហោចណាស់មួយ​ផ្លែ​ក្នុង​មួយថ្ងៃ រយៈពេល ៦ ខែ ឃើញថា​មាន​កម្រិត lutein កើនឡើង ២៥ ភាគរ​យក្នុង​ភ្នែក និង កម្រិត​ចងចាំ​ក៏មាន​ការកើនឡើង ។ សារធាតុ lutein គឺជា​សារធាតុ​គ្រាប់​ពណ៌មាន​ច្រើន​នៅក្នុង​ផ្លែឈើ និង បន្លែ ដែល​ច្រើន​ប្រមូលផ្តុំ​នៅក្នុង​ឈាមភ្នែក និង ខួរក្បាល ដើរតួ​យ៉ាងសំខាន់ជា​សារធាតុ​ប្រឆាំង​បញ្ហា​រលាក និង ប្រឆាំង​អុក​ស៊ី​ត​កម្ម ។

​លោក Elizabeth Johson មកពី​សាកលវិទ្យាល័យ​ Tufts បានឱ្យដឹងថា សារធាតុ​ខ្លាញ់​ងាយ​រលាយ​ សារធាតុ​អាហារ​កាក​សរសៃ​ សារធាតុ lutein និង សារធាតុ​សកម្ម​ជីវសាស្ត្រ ដែលមាន​នៅក្នុង​ផ្លែ​អា​វូ​កាដូ ធ្វើឱ្យ​ផ្លែឈើ​នេះ​ជា​ជម្រើស​ល្អ​មានគុណ​សម្បត្តិ​ច្រើន​មិន​ត្រឹមតែ​ចំពោះ​ភ្នែក ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ចំពោះ​សុខភាព​ខួរក្បាល​ផងដែរ ។​ដើម្បី​ទទួលបាន​ល​ទ្ធ្​ផល​ដ៏​ប្រសើរ អ្នក​គួរ​ពិសា​ផ្លែ​អា​វូ​កាដូ​ឱ្យបានយ៉ាងហោច ៣៦៩ ក្រាម​ក្នុង​មួយថ្ងៃ ។ លទ្ធផល​នៃ​ការសិក្សា​នេះ​បាន​ចុះផ្សាយ​ក្នុង​ទស្សនា​វ​ដ្តី​ស្រាវជ្រាវ journal Nutrients ៕ សុផល (​ប្រភព​៖ Zeenews.com)

ចូលចិត្តអត្ថបទថ្មីៗទាក់ទងសុខភាព និងសម្រស់​​ សូមចុច