ស៊ន សៀវម៉ី បានមេដាយមាសក្នុងការប្រកួតកីឡា SEA Games 2017 នៅប្រទេសម៉ាឡេស៊ី (មានវីដេអូ)

កីឡាការិនីតេក្វាន់ដូកម្ពុជា កញ្ញា ស៊ន សៀវម៉ី ដណ្តើមបានមេដាយមាសហើយ នៅរសៀលថ្ងៃអង្គារ ទី ២៩ ខែសីហា ឆ្នាំ ២០១៧  នេះក្នុងព្រឹត្តិការណ៍កីឡា SEA Games 2017 នៅប្រទេសម៉ាឡេស៊ី ក្រោយធ្វើការប្រកួតវគ្គផ្តាច់ព្រ័ត្រជាមួយកីឡាការិនីហ្វីលីពីន Kirstie Elaine Alo ១៣-៦ ។

ស៊ន សៀវម៉ី ធ្វើការប្រកួតក្នុងប្រភេទទម្ងន់ក្រោម ៧៣ គីឡូក្រាមដែលមានអត្តពលិកមកពី ៤ ប្រទេស រួមមាន ឡាវ ហ្វីលីពីន កម្ពុជា និង ម្ចាស់ផ្ទះម៉ាឡេស៊ី ។ អតីតម្ចាស់មេដាយមាស កីឡាតេក្វាន់ដូប្រចាំទ្វីបអាស៊ីឆ្នាំ ២០១៣ ស៊ន សៀវម៉ី បានផ្តួលម្ចាស់ផ្ទះម៉ាឡេស៊ីដោយ់ពិន្ទុ ១៤ ទល់នឹង ៣ និង ការប្រកួតផ្តាច់ព្រ័ត្រជាមួយកីឡាការិនីហ្វីលីពីន Kirstie Elaine Alo ក្នុងលទ្ធផល ១៣-៦ ។

សៀវម៉ី ជាអត្តពលិកក៏ដូចជាកីឡាចុងក្រោយរបស់កម្ពុជាសម្រាប់ SEA Games លើកទី ២៩ នៅប្រទេសម៉ាឡេស៊ី ដែលកម្ពុជាដណ្តើមបានមេដាយមាស ៣ គ្រឿង ប្រាក់ ២ គ្រឿង និង មេដាយសំរឹទ្ធ ១២ គ្រឿង សរុប ១៧ គ្រឿង ក្នុងចំណោមកីឡា ២៤ ប្រភេទដែលបញ្ជូនទៅប្រកួតនោះ ។ កម្ពុជា ឈរនៅចំណាត់ថ្នាក់លេខ ៨ ដែលដណ្តើមបានមេដាយមាសក្នុងប្រភេទកីឡាប៉េតង់ ប្រដាល់គុនខ្មែរ និង កីឡាតេក្វាន់ដូ ៕ ដេវីត

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច