គ្រាន់តែវិស័យទេសចរណ៍មួយ ស្រូបកម្លាំងពលកម្មច្រើនដល់ម្ល៉ឹងផង !

ក្រៅពីវិស័យកសិកម្ម វិស័យសំណង់ និង វាយនៈភណ្ឌកាត់ដេរនោះ វិស័យទេសចរណ៍ ក៏ដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិ ដោយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យទេសចរណ៍នៅក្នុងប្រទេសកម្ពុជាត្រូវបានគេមើលឃើញថា មានរីកចម្រើនយ៉ាងខ្លាំង ពីមួយឆ្នាំទៅមួយឆ្នាំ ។ នៅក្នុងឆ្នាំ ២០២០ ខាងមុខនេះ កម្ពុជាមានការរំពឹងទុកយ៉ាងមុតមាំថា នឹងទទួលបានភ្ញៀវទេសចរបរទេសប្រមាណជា ៧លាននាក់ ដែលនាំមកនូវចំណូលចូលជាតិប្រមាណជា ៥ពាន់លានដុល្លារ ។

 

បើយោងតាមទំព័រហ្វេសប៊ុករបស់ក្រសួងទេសចរណ៍បានផ្សាយថា ដោយឈរលើគោលការណ៍នៃការអភិវឌ្ឍទេសចរណ៍ ប្រកបដោយនិរន្តភាព និង ការទទួលខុសត្រូវ ទេសចរណ៍កម្ពុជាមានការកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ ។ ជាក់ស្តែងកាលពីឆ្នាំ ២០១៦ កន្លងទៅនេះ កម្ពុជាទទួលបានទេសចរអន្តរជាតិជាង ៥លាននាក់ ក្នុងកំណើន ៥% ដែលបាននាំមកនូវចំណូលចូលជាតិប្រមាណជា ៣៤០០ លានដុល្លារ ស្មើនឹង ១៣.៥% នៃផលិតផលក្នុងស្រុកសរុប (GDP) និង បានបង្កើតការងារផ្ទាល់ប្រមាណ ៦២ម៉ឺននាក់ ស្មើនឹង ១៣% នៃការងារសរុប ។

ដោយឡែកក្នុងរយៈពេលប្រាំមួយខែ ដើមឆ្នាំ២០១៧ នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណជា ២.៦លាននាក់ កើនឡើងប្រមាណ ១២,៨% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៦ ។ ជាចក្ខុវិស័យសម្រាប់ឆ្នាំ ២០២០ កម្ពុជាមានការរំពឹងយ៉ាងមុតមាំថា នឹងទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៧លាននាក់ ដែលនឹងនាំចំណូលចូលជាតិប្រមាណជា ៥ពាន់លានដុល្លារ និង បង្កើតការងារជូនប្រជាពលរដ្ឋជិត ១លាននាក់ ៕ ឧត្តម

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច