បន្តិចទៀត កម្ពុជា នឹងមានសាកលវិទ្យាល័យកីឡាមួយ !

កន្លងមក ក៏ដូចជាពេលបច្ចុប្បន្ននេះ ប្រទេសកម្ពុជានៅពុំទាន់មាន សាកលវិទ្យាល័យកីឡានៅឡើយទេ  ប៉ុន្តែ នៅក្នុងឆ្នាំ ២០១៨ ខាងមុខនេះ ក្រសួងអប់រំ យុវជន និង កីឡា បានធ្វើការប្តេជ្ញាចិត្ត រួចហើយថា នឹងបង្កើតសាកលវិទ្យាល័យកីឡានេះឱ្យបាន ។

ពាក់ព័ន្ធនឹងរឿងនេះ ឯកឧត្តម ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និង កីឡា មានប្រសាសន៍ថា កាលពីខែមុននេះ ខាងសាកលវិទ្យាល័យកីឡាមួយ នៅប្រទេសបារាំងបានបញ្ជូនសាស្ត្រាចារ្យរបស់គេមកកម្ពុជា ដោយគេបានកោតសរសើរ ចំពោះការតាំងចិត្តខ្ពស់របស់ក្រសួងអប់រំ យុវជន និង កីឡាកម្ពុជា ដែលនៅតែប្ដេជ្ញាបង្កើតឱ្យខាងតែបាន ក្នុងការបង្កើតសាកលវិទ្យាល័យកីឡា នៅចុងឆ្នាំក្រោយនេះ ។ សាស្ត្រាចារ្យបារាំងទាំងនោះ បានសន្យាជួយកម្ពុជាក្នុងការរៀបចំមេរៀនសម្រាប់បង្រៀន ដែលមានស្ដង់ដារសាកលតែម្ដង ។ ហើយហេដ្ឋារចនាសម្ព័ន្ធគឺជារឿងសំខាន់ហើយ តែមេរៀនគឺជារឿងបន្ទាន់មួយ គេមិនអាចបង្កើតសាកលវិទ្យាល័យមួយ ដែលគ្មានមេរៀនច្បាស់លាស់នោះទេ ។ លក្ខណៈជាសាកលវិទ្យាល័យយ៉ាងហោចណាស់ក៏ត្រូវមានមហាវិទ្យាល័យចំនួន ៣ ជាចំណុះដែរ តែករណីនេះក្រសួងអប់រំយុវជន និង កីឡាបានរៀបចំរួចហើយ ។

​សាកលវិទ្យាល័យនេះនឹងតម្រូវឱ្យនិស្សិតសិក្សារយៈពេល ៤ ឆ្នាំ ។ បច្ចុប្បន្ននេះ កម្ពុជាមានតែវិទ្យាស្ថានជាតិអប់រំកាយ និង កីឡាតែប៉ុណ្ណោះ ដែលសព្វថ្ងៃគរុសិស្សត្រូវសិក្សាត្រឹមតែរយៈពេល ២ ឆ្នាំ ហើយបន្ទាប់មកពួកគេក្លាយជាគ្រូអប់រំកាយ តាមសាលារៀនតែប៉ុណ្ណោះ ។

សម្រាប់សាកលវិទ្យាល័យកីឡា នឹង មានបង្រៀននូវឯកទេសដល់និស្សិត ដែលបន្ទាប់ពីបញ្ចប់ការសិក្សាពួកគេនឹងមានមុខវិជ្ជាកីឡាមួយច្បាស់លាស់បន្ថែមលើមុខវិជ្ជាអប់រំកាយ និង កីឡា ។

ប្រសិនបើ សាកលវិទ្យាល័យកីឡានេះ ត្រូវបានបង្កើតឡើងចេញជារូបរាងពិតមែននោះ វាជាការល្អ និង ជួយជំរុញឱ្យវិស័យកីឡា នៅក្នុងប្រទេសកម្ពុជា កាន់តែមានការរីកចម្រើនបន្ថែមទៀត ៕  ចំណូល

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច