ថា​ម៉េច ត្រី​ជំ​ពុល​ទឹក ​អាច​យកទៅ​ធ្វើ​ម្ហូប​បាន​ពិតមែន​?

​ដោយសារ​បញ្ហា​ឡើងក​ម្តៅ​ផែនដី​នៅ​ទូទាំង​ពិភពលោក និង ការ​ប្រមាញ់​ត្រី​ទៅ​បរិភោគ​កាន់តែ​ខ្សត់ខ្សោយ​ទៅៗ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ជាពិសេស​ចំនួន​ត្រី​ជំ​ពុល​ទឹក (Jellyfish) ​បាន​កើន​ចំនួន​កាន់តែ​ច្រើនឡើងៗ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ អ្នកវិទ្យាសាស្ត្រ​បាន​សិក្សា​ឡើងវិញ​នូវ​គុណប្រយោជន៍​របស់​ត្រី​ប្រភេទ​នេះ ។

​ជាទូទៅ​ត្រី​នេះ​មិន​ត្រូវបាន​គេ​ប្រមាញ់​យកទៅ​ធ្វើជា​ម្ហូប​នោះទេ និង តែង​គ្រវែង​ចោល​នៅពេល​ចាប់បាន ។ ប៉ុន្តែ​អ្នកវិទ្យាសាស្ត្រ​មកពី​សាកលវិទ្យាល័យ University of Southern Denmark បាន​ប្រើ​វិធីសាស្ត្រ​មួយ​ធ្វើការ​កែច្នៃ​ត្រី​ប្រភេទ​នេះ​ទៅជា​អាហារ​មាន​រសជាតិ​ពិសេស និង អាច​យកទៅ​បរិភោគ​ស្រួច​ដូច​ចំណិត​ដំឡូង​ដូច្នោះ​ដែរ ។

​តាមពិតទៅ​ត្រី​ជំ​ពុល​ទឹក​នេះ​ត្រូវបាន​គេ​យកទៅ​បរិភោគ​ជាច្រើន​សតវត្ស​រ៍មកហើយ​នៅក្នុង​តំបន់​អា​ស៊ីប៉ុន្តែ​ដោយសារ​វា​ត្រូវការ​ចំណាយពេល​ច្រើន ក្នុង​ការយកទៅ​រៀបចំ​ធ្វើជា​ម្ហូប​នោះ ទើប​មនុស្ស​មួយចំនួន​មិនបាន​យកចិត្តទុកដាក់​នឹង​ប្រភេទ​ត្រី​នេះឡើយ ។

​ជាទូទៅ​ការយក​ត្រី​នេះ​ទៅធ្វើ​ម្ហូប​ត្រូវការ​ដំណើរការ​រៀបចំ​ច្រើន ដោយ​ត្រូវ​ស​ម្ងួ​ត​ត្រី​នេះ​ឱ្យ​ស្ងួត​ដោយ​ប្រើ​អំបិល និង អំបិល​ខនិជ ។ រយៈពេល​គឺអាច​ត្រូវ​ចំណាយពេល ពី ៣០ ទៅ ៤០ ថ្ងៃ​ដោយ​ហាល​ស​ម្ងួ​តវា ដូច​ទៅនឹង​ត្រីងៀត​ដូច្នោះ​ដែរ ។ នៅ​ទីបំផុត​អ្នកនឹង​ទទួលបាន​បន្ទះ​ត្រី​ស្តើង ស្រួយ សម្រាប់​យកទៅ​ធ្វើ​ម្ហូប ។

​ជា​លទ្ធផល​ត្រី​ជំ​ពុល​ទឹក​នេះ​មាន​រសជាតិ​ឆ្ងាញ់​ម្យ៉ាង និង ប្លែក​អារម្មណ៍​មួយបែប​ប្រសិនបើ​អ្នកចេះ​ផ្សំ​គ្រឿង​បន្ថែម ។ សម្រាប់​មនុស្ស​ខ្លះ​ដែល​បាន​ពិសា​ត្រី​នេះ​បាន​និយាយថា វា​មាន​រសជាតិ​ដូចជា​សាច់ជ្រូក​ដូច្នោះ​ដែរ ប្រសិនបើ​លាយ​ជាមួយ​សារាយសមុទ្រ ៕ សុផល​  (ប្រភព៖ University of Southern Denmark)

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច