ប្រសិនបើភ្ញៀវទេសចរជាតិ និង អន្តរជាតិទាំងឡាយមានបំណងចង់ទៅកម្សាន្ត និង លំហែកាយនៅទឹកធ្លាក់ជ្រៀវនោះ មុខជាប្រទះឃើញនូវទេសភាពដ៍ស្រស់ស្អាតកម្របានឃើញពីមុនមក ។ នៅតាមដងផ្លូវជិតដល់ទឹកធ្លាក់ជ្រៀវ មានសួនផ្កាមួយ ដែលអ្នកទៅដល់ទីនោះ និង នៅបរិវេណនោះនិយមហៅសួនផ្កាស្នេហ៍ តាមពិតអ្នកនៅទីនោះគេហៅឈ្មោះវាថាចង្រង់ស្វា ដែលបានលាតសន្ធឹង លើផ្ទៃដីជាច្រើនហិកតា នៅលើដីចំការអំពៅ ក្រោយពីគេកាប់អំពៅរួចមក ។
សួនផ្កាស្នេហ៍នេះ ស្ថិតនៅ ភូមិអូរដា ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ តាមពិតទីនោះ មិនមែនជាសួនធម្មជាតិឡើយ គឺវាដុះចេញឡើង ពីការដាំរបស់ក្រុមហ៊ុនស្កអំពៅដើម្បីបង្កើន គុណភាពដី ក្រោយពីគេកាប់អំពៅរួច ។ បន្ទាប់មកគេក៏ភ្ជួរកប់ដើមផ្កាស្នេហ៍នោះឱ្យពូកផុយទៅ ជាជីធម្មជាតិទម្រាំដល់រដូវដាំអំពៅគេនឹងចាប់ដាំអំពៅបន្តទៀត ។
បើតាមកម្មករចំការអំពៅនៅទីនោះបាននិយាយថា ចាប់តាំពីដាំផ្កាស្នេហ៍មកភ្ញៀវទេសចរទាំងឡាយ ដែលទៅលេងទឹកធ្លាក់ជ្រៀវ បាននាំគ្នាទៅលេងសួនផ្កាស្នេហ៍យ៉ាងច្រើន ពិសេសគឺថ្ងៃចុងសប្តាហ៍តែម្តង អ្នកបានចុះថតផ្តិតយករូបភាពដ៏ស្រស់ត្រកាលនេះដើម្បីទុកជា អនុស្សវរីយ៍ទៀតផង ។
បើយើងធ្វើដំណើរពីភ្នំពេញទៅដល់សួនផ្កាស្នេហ៍ ឬ ទឹកធ្លាក់ជ្រៀវតាមរថយន្តនោះ ត្រូវចំណាយពេលប្រមាណជា២ម៉ោង លើចម្ងាយផ្លូវ ១១០ គីឡូម៉ែត្រ ដោយចេញពីវត្តភ្នំតាមផ្លូវជាតិលេខ ៥ ដល់ផ្សារឧត្តង្គ បត់ឆ្វេងរហូតដល់ផ្សារអមលាំង រួចបទស្តាំប្រហែល ៦ ឬ ៧
គីឡូម៉ែត្រនោះ យើងនឹងបានដល់ចំការអំពៅ ដែលមានសួនផ្កាដ៏សែនស្អាត់នេះ ។
ហើយបើចង់បន្តដំណើរទៅទឹកធ្លាក់ជ្រៀវ ដោយគ្រាន់តែដើរដោយថ្មើរជើងប្រមាណជា ៥ នាទីទៀតនោះនឹងបានទៅដល់ទឹកធ្លាក់ជ្រៀវដំណាក់ទីមួយ ។
ប៉ុន្តែបើធ្វើដំណើរមកពី ខេត្ត កំពង់ស្ពឺ វិញគឺមានចម្ងាយផ្លូវជាង ៨០ គីឡូម៉ែត្រ ។ ចំពោះផ្លូវធ្វើដំណើរវិញគឺផ្លូវក្រាលគ្រោះក្រហមយ៉ាងល្អស្អាតអាចធ្វើដំណើររថយន្តតូចៗពីភ្នំពេញក៏បាន ឯបញ្ហាសន្តិសុខសម្រាប់ទេសចរណ៍វិញគឺមានលក្ខណល្អប្រសើរ ៕ សុថាត់