កីឡាករ John Terry ត្រូវចោរគាស់ផ្ទះ ព្រោះតែបង្ហោះរូបថតដើរកម្សាន្ត

​កាលពីពេល​ថ្មីៗ​នេះ ចោរ​មួយក្រុម​បាន​លួច​ចូល​គេហដ្ឋាន​អតីត​កីឡាករ​ខ្សែការពារ​ក្រុម​តោ​ខៀវ Chelsea លោក John Terry ដើម្បី​លួច​យក​កាបូប​ដែលមាន​ផ្ទុក​នូវ​គ្រឿងអលង្ការ​មួយចំនួន​ដែល​សរុប​តម្លៃ​ប្រមាណជា ៥២៣,០០០ ដុល្លារ ។​ ​គេ​បានដឹងថា មុន​ហេតុការណ៍​នេះ​កើតឡើង លោក John បាន​បង្ហោះ​រូបថត​ខ្លួន​ធ្វើដំណើរ​កម្សាន្ត​យ៉ាង​សប្បាយរីករាយ​ជាមួយនឹង​ភរិយា អ្នកស្រី Toni នៅតាម​បណ្តាញ​សង្គម Instragram ដែល​គណនី​លោក​ផ្ទាល់​មាន​អ្នកតាម ដាន​ប្រមាណ​ជាង ៣ លាន​នាក់ ។

អាស្រ័យហេតុនេះ គេ​បាន​សន្និដ្ឋានថា ក្រុមចោរ​ដឹងថា ផ្ទះ​លោក John គ្មាន​មនុស្ស​នៅហេតុនេះ​ទើប​ពួកគេ​បាន​លួច​គាស់​ចូល​ភូមិគ្រឹះ​លោក ដើម្បី​លួច​ទ្រព្យសម្បតិ្ត​មួយចំនួន ។ យ៉ាងណាក្តី ក្រុមចោរ​ដែល​គាស់​ផ្ទះ​ពីរ​នាក់​ក៏ត្រូវ​បាន​ប៉ូលិស​ឃាត់ខ្លួន​កាលពីពេល​ថ្មីៗ​នេះ ដែល​ពួកគេ​អាច​នឹងត្រូវ​ដាក់ទោស​ឱ្យ​ជាប់ឃុំ​ជាច្រើន​ឆ្នាំ​ជាមួយនឹង​ករណី​លួច​ប្លន់​មួយចំនួនទៀត ។​

​គួរ​បញ្ជាក់ដែរថា ភូមិគ្រឹះ​លោក John ស្ថិតនៅក្នុង​តំបន់ Oxshott ក្រុង Surrey ប្រទេស​អង់គ្លេស ហើយ​លោក​ច្រើន​បង្ហោះ​សកម្មភាព​ជាច្រើន​ក្នុងផ្ទះ​របស់ខ្លួន​ក្នុង​បណ្តាញ​សង្គម ដែល​លោក​មិន​នឹកស្មានថា មាន​ហេតុការណ៍​បែបនេះ​កើតឡើង ព្រោះតែ​ភាព​ធ្វេសប្រហែស​បន្តិចបន្តួច​នេះ ៕ រិទ្ធី (​ប្រភព ៖ Dailymail)


ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច