អ្នកប្រហែលជាពុំបានចាប់អារម្មណ៍ទេថា តារាល្បីៗ ច្រើនតែចូលចិត្តពាក់ស្បែកជើងរលុងបន្តិច យ៉ាងហោចណាស់ ធំជាងទំហំជាក់ស្តែង ១ លេខដែរ ។ ហេតុអ្វីបានជាយ៉ាងនេះ ? តើនេះជាម៉ូដ ឬ ជាស្តាយរបស់ពួកគាត់ឬយ៉ាងណា ?
តារាហូលីវូដជាច្រើន ចូលចិត្តពាក់ស្បែកជើងលេខធំជាងជើង ១ លេខ ព្រោះថាការពាក់ស្បែកជើងកែងសល់កែងបន្តិចបែបនេះ អាចនឹងជួយសម្រួលប្រអប់ជើងបានច្រើន គឺការពារមិនឱ្យហើម និង ឡើងពងបែក ។ តារាស្រីត្រូវតែពាក់ស្បែកជើងកែងជាចាំបាច់ ថែមទាំងយូរម៉ោងទៀតផង ដូចនេះ ល្បិចមួយនេះពិតជាអាចកែកុនបានច្រើន។
ដើម្បីការពារមិនឱ្យឈឺប្រអប់ជើង ដើរមិនស្រួល និង បណ្តាលឱ្យឈឺចាប់ប្រអប់ជើងរ៉ាំរ៉ៃច្រើនថ្ងៃទៀតនោះ តារាហូលីវូដល្បីៗ ជ្រើសរើសស្បែកជើងដែលរលុងបន្តិច ណាមួយស្បែកជើងរលុង មិនថាជាប្រភេទឃ្លុបមុខ ឬ សង្រែកទេ គឺ អាចបញ្ចៀសបញ្ហាកកិតខ្លាំង ឬ ចង្អៀតដែលបង្កសម្ពាធដល់ជើងងាយនឹងឈឺពិបាកដើរ ។
ការពាក់ស្បែកជើងលេខធំបែបនេះ ប្រាកដជារលុងៗ និង ងាយរអិល ដូចនេះតារាៗតែងតែមានវិធីកែខៃ ដោយប្រើបន្ទះស៊ីលីកូនកល់ពីក្រោម ធ្វើឱ្យមើលទៅសាច់ជើងហិបណែននឹងស្បែកជើង បែបនេះជើងមានលំនឹង ចរន្តឈាមហូរស្រួល និង មិនឡើងហើមប្រអប់ជើងទេ ។
វិធីមួយទៀត តារាស្រីច្រើនចូលចិត្តប្រើ គឺប្រើស្កុតមុខពីរ ដើម្បីទប់ប្រអប់ជើងមិនឱ្យរអិលរបូតចេញពីស្បែកជើង ជាពិសេសសម្រាប់ស្បែកជើងកែងឃ្លុបមុខ៕ លក្ខិណា