នៅឆ្នាំ ២០២០ កំណើនភ្ញៀវទេសចរបរទេសចូលមកកម្ពុជា ច្រើនដល់ម្ល៉ឹងផង !

វិស័យទេសចរណ៍បានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែកដើម្បីអភិវឌ្ឍសេដ្ឋកិច្ចជាតិឱ្យមានការរីកចម្រើន ។ ហើយវិស័យទេសចរណ៍នៅក្នុងប្រទេសកម្ពុជា មានសក្តានុពលយ៉ាងខ្លាំងក្នុងការទាក់ទាញភ្ញៀវទេសចរបរទេសឱ្យចូលមកទស្សនាកម្សាន្ត ។ ពីមួយឆ្នាំទៅមួយឆ្នាំ កំណើនភ្ញៀវទេសចរបរទេសចូលមកទស្សនាកម្សាន្ត នៅក្នុងប្រទេសកម្ពុជា មានកើនឡើងជាលំដាប់ ។ ហើយនៅឆ្នាំ ២០២០ ខាងមុខនេះ កម្ពុជារំពឹងថា នឹងទទួលបានភ្ញៀវទេសចរបរទេសប្រមាណជា ៧លាននាក់ ។

នៅក្នុងសិក្ខាសាលាមួយ កាលពីពេលថ្មីៗនេះ ឯកឧត្តមបណ្ដិត ថោង ខុន មានប្រសាសន៍ថា វិស័យទេសចរណ៍ ជាវិស័យមួយ ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាងសេដ្ឋកិច្ចសង្គម បង្កើតឱកាសការងារ ឱកាសមុខរបរ ប្រាក់ចំណូល លើកកម្ពស់ជីវភាពរស់នៅ និង ការកាត់បន្ថយភាពក្រីក្រ ធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរ ។ ជាមួយគ្នានោះ ឯកឧត្តម ក៏បានជំរុញឱ្យភាគីពាក់ព័ន្ធទាំងអស់ ខិតខំរួមគ្នាអភិវឌ្ឍតំបន់ទេសចរណ៍ នៅក្នុងភូមិសាស្ត្ររបស់ខ្លួន ប្រកបដោយនិរន្តរភាព ប្រសិទ្ធភាព និង ការទទួលខុសត្រូវខ្ពស់ ។ ហើយដើម្បីធានាដល់កិច្ចអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយចិរភាព គុណភាព​ និង ការ​ទទួល​ខុសត្រូវ ហើយរាជ​រដ្ឋាភិបាលកម្ពុជាបាន និង កំពុងយកចិត្ដទុកដាក់ដល់ការលើកកម្ពស់ និងពង្រឹងគុណ​ភាព​ ​សេវាកម្ម និង ផលិតផលទេសចរណ៍ ក្រសួងទេសចរណ៍ បានកំណត់តំបន់គោលដៅ​ទេស​ចរណ៍​​​ ថ្មីៗបន្ថែមទៀត ។ ក្រៅពីគោលដៅទេសចរណ៍ វប្បធម៌ ប្រវត្តិសាស្ត្រនៃតំបន់ប្រាសាទ​អង្គរ​ក្នុង​​​ខេត្ត​សៀមរាប ក្នុងការធ្វើពិពិធកម្មផលិតផលទេសចរណ៍ ​មានដូច ជាគោលដៅអេកូទេស​ចរណ៍​​​ភូមិ​ភាគឦសាន្ត និង គោលដៅទេសចរណ៍​តំបន់ឆ្នេរ ដែលជាតារារៈនាទិសនីរតី នៃ ឆ្នេរ​សមុទ្រកម្ពុជា ។

បើយោងតាមតួលេខ ដែលទទួលបានពីក្រសួងទេសចរណ៍បានឱ្យដឹងថា នៅក្នុងឆ្នាំ ២០១៦កន្លងទៅនេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្ដរជាតិចំនួន ៥,០១លាន​នាក់ កើនឡើង៥%​បើប្រៀប​​​​ធៀប​នឹង​ឆ្នាំ២០១៥ ។ ហើយភ្ញៀវទេសចរក្នុងស្រុកមានចំនួនជាង​ ១០,៦៤លាននាក់កើនឡើង​ប្រមាណ​ជា១០%​ បើធៀបនឹងឆ្នាំ ២០១៥ ។ ដោយ​សារកំណើននេះ បាននាំ​មកនូវ​ចំណូល​ប្រមាណជា ​៣ ៤០០ លានដុល្លារ ​ដែលបានរួមចំណែក​ប្រមាណជា ​១៣% នៃ​ផលិតផលសរុបក្នុងស្រុក​ (GDP) ​និង​ បង្កើត​​​ការងារជូនប្រជាពលរដ្ឋ ដោយ​ផ្ទាល់​ប្រមាណជា៦០ម៉ឺននាក់ និង ការងារ​ដោយ​ប្រយោល​រាប់​​​សិប​​ម៉ឺននាក់​បន្ថែម​ទៀត ។

ដោយឡែកនៅក្នុងរយៈពេល ៥ខែដើមឆ្នាំ​ ២០១៧នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ​ចំនួន ​​២.៣លាននាក់ កើនឡើងជិត១៣%ធៀប​រយៈពេល​ដូចគ្នា​ កាលពីឆ្នាំ ​២០១៦ ។ ហើយសម្រាប់តំបន់ឆ្នេរទទួលបានភ្ញៀវទេសចរ ទាំងភ្ញៀវទេសចរជាតិ និង អន្តរជាតិ មានចំនួនរាប់លាននាក់ និង មានសន្ទុះកើនឡើងជាលំដាប់ ។ ហើយនៅឆ្នាំ ២០២០ រំពឹង​ថា កម្ពុជានឹងទទួល​បានភ្ញៀវ​ទេសចរអន្តរជាតិប្រមាណជា ៧លាន​នាក់ ដោយនាំមកនូវ​ចំណូលចូល ជាតិ​ប្រមាណ​​ជា ៥០០០លាន​ដុល្លារ  និង បង្កើត​ការងារ​ជូនប្រជាពលរដ្ឋដោយ​ផ្ទាល់ប្រមាណជា ​១លាននាក់ ៕ ឧត្តម

 

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច