រមណីយដ្ឋាន​បឹង​សំរឹទ្ធិ ជាតំបន់ទេសចរណ៍​ដ៏​ពេញនិយម ​នៅ​កំពង់ធំ​

​ខេត្តកំពង់ធំ ​គឺជា​ទឹកដី ដ៏​ចំណាស់​ដែល បន្សល់​នូវ​ស្លាកស្នាម​ជា​ប្រវត្តិសាស្ត្រ​សម័យមុន​អង្គរ សម័យអង្គរ​ដ៏​ច្រើនសន្ធឹក​សន្ធាប់​ជា​ប្រាសាទបុរាណ ទួល​បុរាណ នៅ​រាយប៉ាយ​ពាសពេញ​ក្នុង​ខេត្ត ក៏ដូចជា​ធនធាន ធម្មជាតិ ព្រៃភ្នំ ទីវាល ទន្លេ ស្ទឹង បឹងបួ​ ដ៏​សម្បូរបែប ពិសេស​គឺ​ប្រាសាទសំបូរព្រៃគុក ដែល​ទើបតែបាន​ដាក់បញ្ចូល​ជាស​ម្ប​ត្ត​បេ​តិក​ភ័​ណ្ឌ​ពិភពលោក​រប​សស់ អង្គការ យូ​ណេ​ស្កូ​រ កាលពី ថ្ងៃទី ៨ ខែកក្កដា ឆ្នាំ​២០១៧​ កន្លងទៅ​ថ្មីៗ​នេះ ​បាន និង កំពុង​ទាក់ទាញ​ភ្ឡៀ​វ​ទេសចរជាតិ និង ​អន្តរជាតិ​ឱ្យចូលមក​កំសាន្ត សិក្សា​ស្រាវជ្រាវ និង ​ស្នាក់នៅ​ទឹកដី​ដ៏​ចំណាស់​មួយ​នេះ ។

​នៅ​ខេត្តកំពង់ធំ​មាន​រមណីយដ្ឋាន​ជា​ច្រើន​សម្រាប់​ស្វាគមន៍​ភ្ញៀវទេ​សចណ៍ រមណីយដ្ឋាន​ទាំងនោះ​មានដូចជា រមណីយដ្ឋាន​ប្រាសាទ​សម្បូរ​ណ៍​ព្រៃ​គុក ភ្នំ​សន្ទុក ស្ទឹង​ជី​និ​ត ប្រាសាទ​គុក​នគរ ស្ទឹង​ព្រៃ​ប្រស់ និង​ វត្ត​ឥន្ទ្រី​យ៍​សំ​វរៈ ហៅ​វត្ត​កំពង់ធំ ដែលមាន​ឈ្មោះថា ​វត្ត​ទេសចរណ៍ និង សំខាន់​ចុងក្រោយ​គឺ រមណីយដ្ឋាន​ធម្មជាតិ​បែប​កែឆ្នៃ​តាម​លក្ខណៈ​ខ្មែរ​សុទ្ធសាធ គឺ​រមណីយដ្ឋាន​បឹង​សំរឹទ្ធិ​ដែល​កំពង់​ពេញ និយម ពី​សំណាក់​ភ្ញៀវទេសចរ​ជាតិ និង អន្តរជាតិ ។​ ​

​រមណីយដ្ឋាន​បឹង​សំរឹទ្ធិ មាន​ទីតាំង​ស្ថិតនៅ​ក្នុងភូមិ​ដូង ឃុំ​ប​ល្ល័​ង្គ ស្រុក​បារាយណ៍ ខេត្តកំពង់ធំ​ ។ បើ​ធ្វើដំណើរ​ពី​ទីក្រុង​ភ្នំពេញ រមណីយដ្ឋាន​បឹង​សំរឹទ្ធិ ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ដល់​គីឡូម៉ែត្រ​លេខ​១២៦ ហើយបន្ត​ដំណើរ៦០០​ម៉ែត្រ បត់​ឆ្វេង​ប្រមាណជា ​២​គីឡូម៉ែត្រ​ ។ រមណីយដ្ឋាននេះមាន​ចម្ងាយ ​៤០ ​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្តកំពង់ធំ  ។​

​បើ​និយាយ​ពី​តំបន់​បឹង​សំរឹទ្ធិ គេ​សំដៅលើ​ដីព្រៃ​ដែល​លាតសន្ធឹង​ពី​ខាងត្បូង​បឹង​ពោធិ៍​ខឿន​មក​ជាប់មាត់​ស្ទឹង​ខាងត្បូង ដែលមាន​ទំហំផ្ទៃ​ដី​ប្រហែលជា​១០០​ហិកតា ​។ រមណីយដ្ឋាននេះ មាន​ទីតាំង​នៅជាប់​ស្ទឹង​ជី​និ​ត និង​ លម្អ​ដោយ​ព្រៃ​ឫស្សីព្រៃ​ស្បាត​តូចៗ​ដុះ​ព័ទ្ធ អម​ដងស្ទឹង ​។​


​បឹង​សំរឹទ្ធិ​កាលដើមឡើយ ជា​កូន​បឹង​តូច​មួយ​មាន​ទំហំ​ផ្ទៃដី​ប្រហែលជា​១៦០០០​ម៉ែត្រការ៉េ​ស្ថិតនៅ​ខាងលិច​ភូមិ​ដូង ឃុំ​បល្ល័ង្ក ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ។ នា​រដូវប្រាំង​ទឹក​រីង​ដាច់​ស្ទើរតែ​អស់ ប៉ុន្តែ​នៅសល់​ផ្នែក​ខាងកើត​ឈាង​ខាងត្បូង​ ដែលមាន​ទឹក​ដក់​ត្រឹម​ជង្គង់ ​ដោយសារ​មាន​ប្រភពទឹក​ហូរ​ចេញ​រឹមៗ​ថ្លាឆ្វេង និង​ ត្រជាក់ស្រឹប បី​ដូចជា​ទឹកអម្រឹត ​។​

​រមណីយដ្ឋាន​បឹង​សំរឹទ្ធិ ចាប់ផ្តើម​បើក​ការដ្ឋាន​សាងសង់​ដំបូង​នៅក្នុង​ខែមេសា ឆ្នាំ ​២០០៦ គឺ​ការធ្វើ​នូវ​បន្ទប់​ការិយាល័យ​មួយ ​។​ ដើម្បី​បង្កើត​នូវ​ទីកន្លែង​សម្រាកលំហែរ​កាយជាមួយទេសភាពធម្មជាតិ​បែប​កែឆ្នៃ និង​ មាន​លក្ខណៈ​ដោយឡែក​ពី​រមណីយដ្ឋាន​ដទៃ និង ​មិន​ធ្លាប់មាន​នៅក្នុង​ទឹកដី​នៃ​ខេត្តកំពង់ធំ ។ រមណីយដ្ឋាន​បឹង​សំរឹទ្ធិនេះ ​ត្រូវបាន​ម្ចាស់​ទីតាំង​បង្កើតឡើង​ដោយ​បង្កប់​នូវ​គំនិត​ ៣​ យ៉ាង​ដែល​សំខាន់ៗ​គឺ​​ទី​១ ក្នុងន័យ​ចង់​បន្ត​នូវ​គំនិត​ក្នុង​ការរៀបចំ​ទីក្រុង​បែប​បុរាណ ដែល​មិនអាច​ខ្វះ​ទឹកបាន និង ក៏​ដោយសារតែ​ប្រទេស​កម្ពុជា​មានការ​ប្រែប្រួល​អាកាសធាតុ​ទៅជា​ក្តៅ “​ទឹក​” បានក្លាយ​ទៅជា​គំនិត​ចម្បង ក្នុង​ការយកទៅ​ប្រើប្រាស់​ដើម្បី​បង្កើតជា​រមណីយដ្ឋាន​បឹង​សំរឹទ្ធ​នេះ​ ។

ក្នុង​សំណង់​និ​មួយៗ​ដែល​បាន​បង្កើតឡើង ទោះបីជា​តូចក្តី ធំក្តី បានរួម​ផ្សំ​នឹង​ការបង្កើត និង ​លម្អ​ដោយ​ទឹក ​។ ទី​២ ការបង្ហាញ​នូវ​សំណង់​បែប​ខ្មែរ​សុទ្ធសាធ​​រាល់​សំណង់ ​ដែល​បាន​ប្រើប្រាស់​ នៅក្នុង​រមណីយដ្ឋាន​បឹង​សំរឹទ្ធិ សុទ្ធសឹងតែកែ​ច្នៃ ​តាម​អ្វី​ដែលជា​ភស្តុតាង​ពី​សម័យបុរាណ សម័យ​កណ្តាល និង​ក្រោយ​សម័យ​កណ្តាល​ ។ យើង​មានការចាប់អារម្មណ៍ និង ​ផ្តោត​ការយកចិត្តទុកដាក់​ខ្លាំង​ទៅលើ​ការបង្ហាញ​នូវ​ប្រភេទ​សំណង់ ដំបូល​​ជា​របស់​ខ្មែរ​ពិតប្រាកដ ​។ ដំបូល​បែប​ខ្មែរ​សឹងតែ​ទាំងអស់​ត្រូវបាន​ប្រើប្រាស់​ដូចជា រោង​កឹង រោង​ឌឿ​ង រោងដោល ផ្ទះប៉ិត ផ្ទះកា​តាំង​ស្លាប ផ្ទះកា​តាំង​កាត់ ។

អ្វីដែល​ម្ចាស់រមណីយដ្ឋាននេះ​ចង់​បំផុស​ជាងគេ​គឺ “​ដំបូល​រោង​កឹង​” ដែល​ខ្មែរ​យើង​ហៅថា​ ដំបូល​វិហារៗ​។ មាន​អ្នកខ្លះ​យល់​ច្រ​ឡំថា​ ដំបូល​រោង​កឹង ជា​ប្រភេទ​ផ្ទះ​បរទេស តែ​ការពិត​យើង​ឃើញ​ដំបូល​ប្រភេទ​នេះ​ក្នុង​ចម្លាក់​នៅ​ប្រាសាទបាយ័ន និង ​រូបថត​អង្គរ ​ដែល​បារាំង​ថត​ដំបូង គឺ​នៅមុខ​អង្គរ​មាន​សំណង់​ធ្វើ​ពី​ស្បូវ​ដែលជា​អារាម​ក៏មាន​សំណង់​ដំបូល​ប្រភេទ​នេះដែរ​ ។ ដំបូល​ប្រភេទ​រោង​កឹង ឬ​ ដំបូល​វិហារ​នេះ បច្ចុប្បន្ន​ក៏មាន​នៅតាម​វត្ត​ចាស់ៗ​ផងដែរ​ ។

​អ្វីដែល​ពិសេស​ជាងនេះទៅទៀត​នោះ​គឺ​ការ​លម្អ​មួយចំនួន​គឺជា​ការបង្ហាញ​នូវ​សិ​ល្បៈ​សម័យមុន​អង្គរ​ ដូចជាការបង្ហាញ​រូប​តោ​នៅ​ពីមុខ​រមណីយដ្ឋាន ដែលជា​រចនាបថ​សម្បូ​រណ៍​ព្រៃ​គុក ការ​លម្អរ​នៅលើ​អាង​ហែល​ទឹក​នៅលើ​កោះ​រំដួល​ ។

ទី​៣ ការប្រើប្រាស់​របស់​ចាស់ៗ​ឡើងវិញ​ ការពិត​គំនិត​ដែល​យក​របស់​ចាស់ៗ​មក​កែឆ្នៃ​ក្លាយជា​របស់​មាន​តំលៃ និង​ សំខាន់ ហើយ​អាច​ប្រើប្រាស់​ឡើងវិញ នៅលើ​ពិភពលោក​ប្រទេស​ណា ​ក៏មានដែរ ប៉ុន្តែ​ការយក​គំនិត​នេះ​ មក​ប្រើ ដោយសារ​ប្រទេស​កម្ពុ​ជាបាន​បន្សល់​ទុកនូវ​របស់​ប្រើប្រាស់​ចាស់ៗ​ដែល​បង្ហាញ​នូវ​ប្រពៃណី​វប្បធម៌​ចំណាស់ និង​ សម្បូរបែប ដែល​មនុស្ស​ជំនាន់​ក្រោយមិនសូវ​ជា​ចាប់អារម្មណ៍ និង​ ជានិច្ច​ជា​កាល​ត្រូវបាន​ទុកចោល និង​ បន្តិច​ម្តងៗ​អាច​ភ្លេច ។

​នៅ​រមណីយដ្ឋាន​បឹង​សំរឹទ្ធិ​មាន សណ្ឋាគារ ភោជនីយដ្ឋាន​ទី​កំសាន្ត ទី​បោះជំរំ​កន្លែង​លេង​ទឹក ការកម្សាន្ត​ជិះទូក​តាម​ដងស្ទឹង Sport play ground ជិះ​រ៉ក​លើ​បឹង ជិះ​រ៉ក​ទម្លាក់ខ្លួន​ក្នុង​បឹង ជិះ​កង់​សម្រាប់​មនុស្ស​ពីរ​នាក់​, និង ​បួន​នាក់ ជិះ​ប៉េ​ដា​ឡូ​ ជិះទូក​បុក​គ្នា ។ ល​។​

​ជារួម​ការបង្កើត​រមណីយដ្ឋាន​បឹង​សំរឹទ្ធិនេះ គឺ​បាន​ផ្តល់នូវ​ជោគជ័យ​នៃ​ការចែករំលែក ​ចូលរួម​ក្នុងការ​អភិវឌ្ឍ​តំបន់ ក៏ដូចជា​សង្គមជាតិ​ទាំងមូល​ផងដែរ ៕ សុថា​ត់​

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច