៦ រូបមន្តរបស់ «ខ្ទិះដូង» ដើម្បីថែសម្រស់សក់ និង ស្បែក

ខ្ទិះដូង​គឺជា​សារធាតុ​ខាប់​ស​មួយ​ប្រភេទ​ដែល​បានមកពី​ការ​ចម្រាញ់​ពី​កាកដូង ។ ក្នុង​ទឹក​ខ្ទិះដូង​សំបូរ​ដោយ វីតាមីន រ៉ែ​ខនិជ និង​អាស៊ីត​ខ្លាញ់​ដ៏​ច្រើន ដែលមាន​គុណសម្បត្តិ​យ៉ាង​ប្រសើរ​ក្នុងការ​ព្យាបាល​សក់​និង​ស្បែក ។​ ​ក្នុង​ទឹក​ខ្ទិះដូង​មាន​វីតាមីន C, E, B1, B3, B5 និង B6 ម៉ាញ៉េ​ស្យូ​ម កាល់ស្យូម ជាតិ​ដែក សេ​ឡេ​នី​ញ៉ូ​ម ទង់ដែង ប៉ូ​តា​ស្យូ​ម និង​វីតាមីន E ។

ខាងក្រោម​នេះ​ជា​គុណសម្បត្តិ​មួយចំនួន​របស់​ខ្ទិះដូង​៖
១. គុណសម្បត្តិ​សម្រាប់​សក់​៖
​វិធី​មួយ​ដ៏​ប្រសើរ​គឺ​អ្នក​អាច​យក​ខ្ធិះ​ដូង​ទៅ​លាយ​ជាមួយ​សាប៊ូកក់សក់ យកទៅ​កក់សក់​ដូច​ធម្មតា ។ បន្ថែម​ពីនេះ​អ្នក​ក៏​អាច​យក​ប្រេងដូង​និង​ទឹកឃ្មុំ​លាយ​បន្ថែម​ក៏បាន​ដើម្បី​ទទួលបាន​សក់​ដ៏​ស្រស់ស្អាត​និង​ភ្លឺ រលោង ។ វិធី​ផ្សំ​៖ យក​ខ្ទិះដូង ៦​ស្លាបព្រា​កាហ្វេ ប្រេងដូង ៣​ស្លាបព្រា​កាហ្វេ និង​ទឹកឃ្មុំ​សុទ្ធ ៣​ស្លាបព្រា​កាហ្វេ លាយ​បញ្ចូល​គ្នា ។ យក​ល្បាយ​នេះ​ទៅ​កក់សក់​ដូច​ធម្មតា ដោយ​ធ្វើការ​ឈ្លី​សក់​អោយ​សព្វ រួច​យក​កន្សែងពោះគោ​គ្រប​សក់​រយៈពេល ២០​ទៅ ៣០​នាទី ។​
​ប្រសិនបើ​អ្នកមាន​បញ្ញា​ស្បែក​ស្ងួត​វិញ​អ្នក​ត្រូវ ផ្សំ យក​ខ្ទិះដូង​១/២​ពែង​, ២/៣​សាប៊ូ​ក្បុង​សុទ្ធ និង​ចាក់​លាយ​ប្រេងដូង​ពី ១០​ទៅ ២០​ដំណក់ ឫ​វីតាមីន E ក៏បាន និង​លាយ​ប្រេង​អាល់​ម៉ុ​ន ២​ស្លាបព្រា​កាហ្វេ ។ យក​សារធាតុ​នេះ​កូរ​លាយ​គ្នា​អោយ​សព្វ​រួច​ច្រក​ក្នុង​ដប ក្រឡុក​អោយ​សព្វ​និង​យកទៅ​កក់សក់​បាន គឺ​កក់​ឈ្លី​អោយ​ជ្រាប​សព្វ​ដល់​ស្បែកក្បាល ។ វិធី​នេះ​ជួយ​អោយ​សក់​អ្នក​ភ្លឺរលោង ។ ហើយ​ដើម្បី​ជួយ​បំបាត់​អង្គែ អ្នក​អាច​ចាក់​លាយ​ប្រេង​ចម្រាញ់​ពី​តែ​បន្ថែម នោះ​វា​នឹង​ជួយ​កម្ចាត់​អង្គែ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព ។

២. គុណសម្បត្តិ​ព្យាបាល​បញ្ហា​ស្បែកក្បាល​៖
​បើ​អ្នកមាន​បញ្ហារ​ម៉ាស់​ស្បែកក្បាល អ្នក​អាច​សាកល្បង​ផ្សំ​ល្បាយ​ដូចជា​៖ ខ្ទិះដូង ៣​ស្លាបព្រា​កាហ្វេ ប្រេង​អូ​លីវ​ឫ​ប្រេង​អា​វូ​កាដូ ២​ដំណក់ និង ប្រេង​តែ ៦​ដំណក់ ។ លាយ​វា​អោយ​សព្វ រួច​យកទៅ​កក់​លើ​ស្បែក ក្បាល​ដោយ​ប្រើ​ម្រាមដៃ​ឈ្លី​អោយ​សព្វ ។ ទុកចោល​រយៈពេល ២០​នាទី មុនពេល​កក់​លាង​សំអាត​សក់ ជាមួយ​សាប៊ូ​ធម្មតា​ចេញ ។ វិធី​នេះ​នឹង​ជួយ​សក់​អោយ​ភ្លឺ មិន​ទាក់​សក់ និង​បំបាត់​បញ្ហារ​ម៉ាស់​លើ​ស្បែកក្បាល ។​

៣. ខ្ទិះដូង​ប្រើ​ជា​ស្ព្រា​យ​បាញ់​សក់​៖
​ដើម្បីអោយ​សក់​មាន​សំណើម អ្នក​អាច​ផ្សំ​ខ្ទិះដូង​ចំណុះ ១/២​ពែង​, ទឹក​មួយ​កែវ​, ប្រេង​អា​វូ​កាដូ ឫ​វីតាមីន E, ១​ស្លាបព្រា​កាហ្វេ និង​ប្រេង​ផ្សេងទៀត ២​ទៅ ៣​តំណក់ ។ យក​ល្បាយ​ផ្សំ​ទាំងនេះ​ច្រក​ដប​ដែល​អាច​បាញ់​បាន ។ ត្រូវ​បាញ់​លើ​សក់​គ្រប់ពេល​តាមតែ​ចិត្ត​ចង់ និង​ពេលណា​ដែល​សក់​មាន​សភាព​ស្ងួត ។

៤. គុណសម្បត្តិ​ជួយ​អោយ​សក់​ឆាប់​ដុះ​៖
​ប្រសិនបើ​អ្នកមាន​បញ្ហា​ជ្រុះ​សក់ អ្នក​អាច​យក​ខ្ទិះដូង​ចំណុះ ៣​ស្លាបព្រា​កាហ្វេ លាយ​ជាមួយ ប្រេង​អា​វូ​កាដូ ១​ស្លាបព្រា​កាហ្វេ​, ប្រេង​ជី​អង្កាម ១០ តំណក់ លាយ​គ្នា​អោយ​សព្វ រួច​យកទៅ​ម៉ាស្សា​លើ​ស្បែកក្បាល ញី​ចុះឡើងៗ​រយៈពេល ៥​នាទី រួច​យ​កន្សែង​ទៅ​គ្រប​លើ​ក្បាល​ទុកចោល​អោយបាន ១​ម៉ោង ឫ​មួយ​យប់​ក៏បាន ។ វា​នឹង​ជួយ​ចិញ្ចឹម​សក់ និង​ធ្វើអោយ​សក់​ដុះ​ក្រាស់​មិន​ខាន ។

៥. គុណសម្បត្តិ​សម្រាប់​ស្បែក​៖
​ក្រៅពី​ជួយ​ដល់​សក់ អ្នក​ក៏​អាច​យកទៅ​លាយ​ធាតុ​ផ្សំ​មួយចំនួន​ដើម្បី​ថែរក្សា​ស្បែក សំអាត និង​ខាត់​ស្បែក ។ វិធី​ដែល​ងាយ​គឺ​ត្រូវយក​សំឡី​ទៅ​ជ្រលក់​ខ្ទិះដូង រួច​យកទៅ​ជូត ដូ​ស​សំអាត​ស្បែ​កលើ​រាងកាយ និង​កន្លែង​ណា ដែល​អ្នក​យល់ថា ចង់អោយ​វា​ស្រស់ស្អាត បំបាត់​បញ្ហា​ស្បែក​ស្ងួត និង​ជួយ​អោយ​ស្បែក​រលោង ។ ក្រោយពី ដូ​ស​សំអាត​រួច ចូរ​កុំអាល​លាង​សំអាត​នឹង​ទឹក ត្រូវ​ទុកចោល​រយៈពេល ២០​នាទី ។

៦. ប្រើ​ដើម្បី​សំអាត​ស្បែ​កមុខ​៖
​ដើម្បី​សំអាត​ស្បែ​កមុខ ជាពិសេស​ស្បែ​កមុខ​ដែល​ស្ងួត និង​ជួយ​កំចាត់​បាក់តេរី​លើ​មុខ អ្នក​ត្រូវ​ផ្សំ ខ្ទិះដូង ១/៤​ពែង​, ទឹកឃ្មុំ​សុទ្ធ ២​ស្លាបព្រា​កាហ្វេ​, និង​សាប៊ូ​ក្បុង​ធម្មជាតិ ១​ស្លាបព្រា​កាហ្វេ ។ កូរ​លាយ​អោយ​សព្វ រួច​យកទៅ​ដូ​ស​សំអាត​ស្បែ​កមុខ ស្បែ​កក ថ្ម​មៗ​ដើម្បី​បំបាត់​ធូលី​ដី ។ លាង​សំអាត​ជាមួយ​ទឹក​ក្តៅ​ឧណ្ហៗ ។ អនុវត្ត​អោយបាន ១​ដង​ជា​ប្រចាំថ្ងៃ នោះ​ស្បែ​កមុខ​នឹង​ប្រសើរ ៕ សុផល​

ចូលចិត្តអត្ថបទថ្មីៗទាក់ទងសុខភាព និងសម្រស់​​ សូមចុច