តម្រងនោមជាសរីរាង្គដ៏សំខាន់ ដែលមានមុខងារបញ្ចេញចោលនូវកាកសំណល់ពីរាងកាយ ដូចនេះប្រសិនបើ មុខងារតម្រងនោមមិនត្រូវបានបំពេញសមស្របទេនោះ សារធាតុពុលនឹងស្ថិតនៅកើនឡើងវិលវល់ក្នុងរាងកាយ ហើយបង្កឱ្យមានជំងឺផ្សេងៗមកបៀតបៀនបន្ថែមទៀត ។
ការកំណត់បាននូវរោគសញ្ញានៃបញ្ហាតម្រងនោមកាន់តែឆាប់ គឺកាន់តែសម្រួលដល់ការព្យាបាល ហេតុនេះហើយយើងសូមណែនាំអំពីរោគសញ្ញាសំខាន់ៗ ចំនួន ៥ ដែលអាចបញ្ជាក់ពីបញ្ហាតម្រងនោមតាំងពីដំណាក់កាលដំបូង ។
១ – ឈឺខ្នងបរិវេណខាងក្រោម
ការឈឺ ឬ មិនស្រួលត្រង់បរិវេណខ្នងខាងក្រោមជារោគសញ្ញាមួយនៃបញ្ហាសុខភាពតម្រងនោម ។ ការឈឺត្រង់នេះ អាចឈឺតែម្ខាង ឬឈឺទាំងសងខាង ហើយប្រសិនបើឈឺតែម្ខាង នោះនឹងឆ្លងទៅម្ខាងទៀត ប្រសិនបើបណ្តែតបណ្តោយមិនទទួលការព្យាបាល ។ អាការឈឺនេះនឹងបានធូរស្រាលនៅពេលបត់ជើងតូចរួច ។
២ – ទម្រង់សណ្ឋានទឹកនោម
បញ្ហាតម្រង់នោម អាចនឹងសម្គាល់បានតាមរយៈការពិនិត្យទឹកនោមដោយខ្លួនឯង ដូចជា មានក្លិនខុសប្រក្រតី ពណ៌ទឹកនោមស្រាល ឬ ដិតជាងមុន ឬក៏បត់ជើងតូចញឹកញាប់ ឬ រង្វើលជាងសព្វមួយដង ។ ទឹកនោមអាចនឹងប្រែជាខាប់ ហើយពិបាកនឹងបត់ជើងតូចម្តងៗ ។ ប្រសិនបើសម្គាល់ឃើញបែបនេះ ឬ មានឈាមចេញមកតាមទឹកនោមនោះ អ្នកគួរទៅជួបជាមួយគ្រូពេទ្យជាបន្ទាន់ ។
៣ – ហើមសាច់
នៅពេលតម្រងនោមបំពេញមុខងារមិនបានល្អ នោះកាកសំណល់នឹងមិនត្រូវបានបញ្ចេញអស់ពីរាងកាយទេ ហេតុនេះវាបណ្តាលឱ្យរាងកាយឡើងហើម ។ សារធាតុទឹកដែលមិនត្រូវបានបញ្ចេញ អាចនឹងត្រូវបញ្ចូនទៅកាន់ប្រអប់ដៃ ប្រអប់ជើង ជើងទាំងមូល ភ្នែកគោល និង មុខ ។ ក្នុងករណីធ្ងន់ធ្ងរ ការហើមនេះអាចនឹងកើតឡើងចំពោះសួត និង បេះដូងទៀតផង ។
៤ – បញ្ហាស្បែក
តម្រងនោមដែលមិនអាចបំពេញមុខងារបានល្អ បណ្តាលឱ្យសារធាតុកខ្វក់កើនឡើង នឹងបង្កឱ្យស្បែកស្ងួត ឡើងកន្ទួលក្រហម និង រមាស់ខ្លាំង ។ អាការស្បែកបែបនេះទោះជាប្រើថ្នាំបំបាត់រមាស់ប្រភេទណាក៏មិនអាចបំបាត់បានដែរ ជាការល្អគួរជួបជាមួយពេទ្យវេជ្ជសាស្ត្រ ។
៥ – កង្វះអុកស៊ីសែន
មុខងារដ៏ចម្បងមួយនៃតម្រងនោម គឺការផលិតសារធាតុ Erythropoietin ដែលជាសារធាតុសំខាន់សម្រាប់ការផលិតគ្រាប់ឈាមក្រហម ។ កង្វះគ្រាប់ឈាមក្រហមក្នុងរាងកាយ អាចបង្កជាជំងឺស្លេកស្លាំង ឬ ខ្វះជាតិដែក ហើយកង្វះជាតិដែកនេះនឹងធ្វើឱ្យរាងកាយមានអារម្មណ៍ថារងារ ទោះជាស្ថិតក្នុងបរិយាកាសក្តៅក៏ដោយ ប្រែជាខ្សោយ និង ឈឺចុកចាប់ ។ អុកស៊ីសែនក៏មានតួនាទីសំខាន់ចំពោះប្រព័ន្ធប្រសាទផងដែរ ៕ លក្ខិណា