គួរធ្វើយ៉ាងណា ទើបអាចរក្សាស្នេហាឱ្យនៅស្ថិតស្ថេរ ?

​ទំនាក់ទំនង​ស្នេហា​ប្រុស​ ស្រីមានភាព​ស្មុគស្មាញ​ពិបាក​នឹង​និយាយ​រៀបរាប់​ឱ្យអស់​សេចក្តី​ខ្លាំងណាស់ ហើយ​ជួនកាល​ស្នេហា​ក៏​អាចបញ្ចប់ទៅ​ ជា​រៀងរហូត​ ដោយពុំអាចវិលត្រលប់មកក្រោយវិញបានឡើយ ។ គ្រាន់តែជាសង្សារ ឬ ទំនាក់ទំនងជាលក្ខណស្នេហានោះ មិនមានអ្វី ឋិតថេរ ឬ ច្បាស់លាស់យូរអង្វែងឡើយ ។ ប៉ុន្តែក៏មានគូស្នេហ៍ប្រុស ស្រីខ្លះអាចដល់គោលដៅរបស់គេដែរ គឺមានន័យថា ពួកគេបានប្រែក្លាយពីគូស្នេហ៍ ទៅជាជីវិត ជាប្តីប្រពន្ធ ដោយរៀបការតាមគន្លងប្រពៃណី ។ទោះបីជា​អ្នក​ស្ថិតក្នុង​បញ្ហា​ស្នេហាសមប្រកប ឬ មិនសមប្រកប​បែបណាក៏ដោយ​  ប៉ុន្តែអ្វីដែលសំខាន់នោះ អ្នកគួរ​តែទុកពេលសម្រាប់ខ្លួនឯង ហើយ​គិត​ឡើងវិញ​ថា ​តើ​អ្នកអាច​រស់នៅ​​ ឬ បន្តដំណើរ​ទៅមុខជាមួយគ្នាទៀត​ ឬ ក៏បញ្ចប់​ត្រឹមនេះ ? ។ ខាងក្រោម​នេះគឺ​ជា​វិធី​ដោះស្រាយ​បញ្ហា​ទំនាក់ទំនងស្នេហា​មួយចំនួន​ ដើម្បីជា​ទុន​សម្រាប់​អ្នកមាន​វិបត្តិ​ស្នេហ៍ ៖​

​វិធីសាស្ត្រ ទី១  : ឈ្វេងយល់​បញ្ហា និង ឫសគល់​នៃ​បញ្ហា​

  • ​គិត​ត្រលប់​ក្រោយបន្តិច​វិញ​ នូវទង្វើ​របស់​អ្នក​ចំពោះ​ដៃគូ និង​ ទង្វើ​របស់​ដៃគូ​ចំពោះ​អ្នក ថា​តើ​អ្នក​បានធ្វើ​អ្វី​ខុស​ចំពោះ​នាង​/​គាត់ ហួស​ដែន​កំណត់​ដែរឬទេ ? ដូចជា មិន​យកចិត្តទុកដាក់​ចំពោះ​សុខទុក្ខ​គ្នា សង្ស័យ​ប្រចែប្រចណ្ឌ​ច្រើន រអ៊ូរទាំ​ខុស​រឿង មិន​ទុកពេល​ផ្ទាល់ខ្លួន​ខ្លះ​ដល់​ដៃគូ មិន​ជួយ​ចែករំលែក​ការងារ​គ្នា​ទៅវិញទៅមក​ជាដើម ។​
  • ​រំងាប់​ចិត្ត​ខឹង និង ​ប្រឹង​ទប់ទឹក​ភ្នែក ជាពិសេស​ទៅទៀតនោះ​កុំ​ស្រែក​គំហក​ដាក់គ្នា​ទៅវិញទៅមក ទោះបីជា​ភាគី​ម្ខាង​ទៀត​ ស្រែក​ដាក់​អ្នក​ក៏ដោយ ។ អ្នក​គួរ​ដកឃ្លា​មួយរយៈ​ពេលខ្លីដើម្បី​គិតពី​រឿង​នោះ​ឡើងវិញ ហើយ​កុំ​បណ្តោយឱ្យ​អារម្មណ៍​មក​គ្រប់គ្រង​លើ​ខ្លួនឯងបាន ។​
  • ​សាកសួរ​ដៃគូ​ពី​កំហុស​របស់​អ្នក ថា​តើ​អ្នក​បានធ្វើ​អ្វី​ខុស ? ព្រោះថា​ ពេលខ្លះ អ្នក​អាច​នឹងមិន​ចាប់ភ្លឹក​នឹង​ទង្វើ​របស់​ខ្លួនឯង ដែល​នេះ​អាចធ្វើឱ្យ​ដៃគូ​ខឹង ឬ អាក់អន់ស្រពន់ចិត្ត​ ដោយ​ប្រការ​ណាមួយ ហើយ​សាកសួរ​បន្ថែមថា ​តើអ្នក​គួរ​កែខ្លួន​បែបណា ?
  • ​ទទួលកំហុស និង ​ទទួលខុសត្រូវ ​ប្រសិនបើ​អ្នក​ពិតជា​ខុស​មែន ឬ​ ខុស​មួយចំណែក​ណា​នោះ ហើយ​ពន្យល់​ប្រាប់ថា​ហេតុអ្វី​បានជា​អ្នក​មិនបាន​ធ្វើ​រឿង​ទាំងនោះ ដោយ​ប្រើពាក្យ​ទន់ភ្លន់ និង ​លួងលោម ។​
  • ​កែខ្លួន​ដូចដែល​បាន​សន្យា ដូចជា ចំណាយពេល​នៅ​ជាមួយគ្នា​ឱ្យបាន​ច្រើនជាង​មុន ជួយ​ធ្វើ​កិច្ចការ​ផ្ទះ ជាដើម ដើម្បី​កសាង​ទំនុកចិត្ត​រវាង​គ្នា​នឹង​គ្នា​ឡើងវិញ​
  • ​ព្យាយាម​រក​ចំណុចកណ្តាល​មួយ ថយ​ម្នា​ក់មួយ​ជំហាន ជាជាង​ការជជែក​យកតែ​ឈ្នះ ហើយ​ដាក់​ការ​បែក​គ្នា​ចំ​កណ្តាល ។

​វិធីសាស្ត្រ ទី២ : កសាង​ទំនាក់ទំនង​ជាថ្មី

  • ​ស្តាប់​ដៃគូ នៅពេល​នាង​/​គាត់​និយាយ​ជាមួយ​អ្នក ដោយ​យកចិត្តទុកដាក់ ពោលគឺ ផ្អាក​មើលសៀវភៅ ចុច​ទូរ​ស័ព្ទ ហើយ​បែរមក​មើលមុខ​ដៃគូ ប្រើ​កាយវិការ​តប​នៅពេល​ដៃគូ​កំពុងនិយាយ ដើម្បី​បញ្ជាក់ថា ​អ្នក​ពិតជា​ស្តាប់​យ៉ាង​យកចិត្តទុកដាក់​ប្រាកដ​មែន​ ។
  • ​កត់សម្គាល់​ពី​សំឡេង កាយវិការ ទឹកមុខ​ដៃគូ​ នៅពេល​នាង​/​គាត់​កំពុងនិយាយនោះ ​អ្នកនឹង​អាច​ដឹងបាន​យ៉ាង​ងាយ​ថា នាង​/​គាត់​កំពុង​ខឹង ពិបាកចិត្ត ឬ​ខូចចិត្ត ព្រោះថា​ស្ថិតក្នុង​ស្ថានភាព​ច្របូកច្របល់ នាង​/​គាត់ អាច​ត្រូវការ​ការ​លួងលោម​ ។
  • ​កុំ​ចេះតែ​កាត់​យល់​គ្មាន​មូលដ្ឋាន​ច្បាស់ មក​ចោទប្រកាន់​ដៃគូ ដូច​ពាក្យចាស់​លោក​ថា «​ត្រចៀកស​»។
  • ​ការប្រាស្រ័យ​ទាក់ទង​ជា​គន្លឹះ​សំខាន់​ក្នុង​ការកសាង​ទំនាក់ទំនង ដូចនេះ ត្រូវ​ចាំ​ថា បើ​អ្នក​កើត​ចិត្ត​សង្ស័យ ត្រូវ​សួរនាំ ឬ​ មិន​ច្បាស់​ពីអ្វី​មួយ ត្រូវ​និយាយ​ជាមួយគ្នា​ ដោយ​បើកចំហរ​ចិត្ត ជាជាង​រក្សា​ភាពស្ងាត់ស្ងៀម ​ហើយ​កាត់​យល់​តែម្នាក់ឯង​ ។​
  • ​រៀបចំ​ពេលវេលា​ខ្លះ សម្រាប់​ចរចា​សាសង​គ្នា លៃ​យ៉ាងណា​កុំ​ឱ្យដាច់​ទំនាក់ទំនង​គ្នា​យូរពេក​ ។​

​វិធីសាស្ត្រ ទី៣  : ទទួលស្គាល់​ការពិត​ថា​ អ្នក​ទាំងពីរ​ពិតជា​មិនអាច​ចុះសម្រុង​​គ្នា​

  • ​បើសិនជា​ព្យាយាម​អស់​សមត្ថភាព​ហើយ នៅតែ​មិនអាច​ស្រោចស្រង់​ទំនាក់ទំនង​ស្នេហា​របស់​អ្នក​ទាំងពីរ​បាន​ទៀត​នោះ អាច​មានន័យថា អ្នក​គួរ​បន្តជីវិត​រស់នៅ​ទៅមុខទៀត​ដោយ​គ្មាន​គ្នា ហើយ​សម្លឹង​ទៅ​ថ្ងៃអនាគត ។​
  • ​កុំ​ធ្វើខ្លួន​រង​ទុក្ខ រង​ទារុណ ព្រោះថា​ការសំខាន់​អ្នក​ត្រូវ​កំណត់​ខ្លួនឯង​ឱ្យ​ច្បាស់​ថា​ អ្នក​មិនអាច​រួម​ខ្សែជីវិត​ជាមួយគ្នា​ទៅមុខទៀត​បានទេ ហើយ​បើដូច្នោះ​មែន គួរ​រក្សា​ចិត្ត​ឱ្យ​នឹង មិនចាំបាច់​យក​ទុក្ខម​កបាំងមុខ​ទេ ត្រូវ​ក្លាហាន​រឹងមាំ​រស់នៅ​បន្តទៀត​ ដោយ​រីករាយ មិនយូរ​ទេ​អ្នកនឹង​បាន​រីករាយ​ដូចដើម​វិញ ។​
  • ​រាប់អាន​មិត្តភក្តិ​ថ្មីៗ ដើម្បី​លុបបំបាត់​អារម្មណ៍​មិន​សប្បាយចិត្ត​ដោយសារ​ការបែកបាក់​ស្នេហា ។​
  • ​ចេញទៅ​ក្រៅ និង ធ្វើ​រឿង​ផ្សេងៗ ដូចជា ដើរ​ផ្សារ​ជាមួយ​មិត្តភក្តិ ចូលរួម​សកម្មភាព​សង្គម ហាត់​កីឡា​ជា​ក្រុម និង ធ្វើដំណើរ​កម្សាន្ត​ក្រៅប្រទេស​ជាដើម ។​
  • ​កាត់ផ្តាច់​និស្ស័យ​ស្នេហ៍​កម្ម​ឱ្យ​ជ្រះ​ស្រលះ ដូចជា លុបចោល​លេខ​ទូរ​សព្ទ គណនី​ហ្វេ​ស​ប៊ុ​ក ហើយ​មិន​និយាយ​រំលឹក​ដល់​ឈ្មោះ​គេ ឬ ក៏​ហាម​មិត្តភក្តិ​មិនឱ្យ​សួរនាំ​ពី​រឿង​របស់គេ ហើយ​បែរមក​ចាប់អារម្មណ៍​រឿង​ល្អៗ​ផ្សេងៗ​វិញ​នោះ ​អ្នកនឹង​ឆាប់​ភ្លេច​គេ ។​
  • ​ចាប់ផ្តើម​ជាមួយ​អ្នកថ្មី ប្រសិនបើ​មានឱកាស ។ កុំ​បណ្តោយឱ្យ​ពេលវេលា​ធ្វើដំណើរ​ទៅមុខ​ឥតប្រយោជន៍ ហើយ​អ្នក​គួរ​បើក​ចិត្ត​ទទួលយក​អ្នកថ្មី​ ដោយ​ចិត្ត​ស្មោះ និង មិនត្រូវ​ប្រៀបធៀប ​អ្នកថ្មី​ជាមួយ​អ្នក​ចាស់​ ៕  លក្ខិណា​

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច