ហោរាសាស្ត្រសម្រាប់ថ្ងៃទី ១-១៥ ខែមេសា ឆ្នាំ ២០១៧

​ឆ្នាំជូត​

​រាសី​ធ្លាក់ចុះ ការងារ​រកស៊ី​ជួញដូរ​មាន​សភាព​យ៉ាប់យ៉ឺន ។ ក្នុង​រយៈពេល​នេះ​ថ្វី​ដ្បិត​អ្នក​មមាញឹក​នឹង​ការងារ ប៉ុន្តែ​មាន​ឧបសគ្គ​ដែល​នាំមក​នូវ​លទ្ធផល​ដែល​មិនល្អ​ដូច​ការរំពឹងទុក ។ ចំពោះ​បុគ្គលិក កម្មករ ដែល​បម្រើ​ការងារ​នៅតាម​ក្រសួង មន្ទីរ ក្រុមហ៊ុន ឬ រោងចក្រ​នានា គួរ​យកចិត្តទុកដាក់​ចំពោះ​ការងារ​របស់ខ្លួន និង គប្បី​កុំទៅ​ពាក់ព័ន្ធ​នឹង​រឿង​របស់​អ្នកដទៃ ។ ក្នុង​រយៈពេល នេះ​គួរ​កុំ​ឧស្សាហ៍​ចេញទៅ​ផឹកស៊ី​ខាងក្រៅ​ញឹកញាប់​ពេក ។ បើសិនជា​អ្នកបើកបរ​ដោយ​ខ្លួនឯង​ទៅកាន់​ទីជិត​ឆ្ងាយ​ត្រូវ​ប្រយ័ត្ន​ទ្វេ ដង ព្រោះ​គ្រោះ​លើ​ដងផ្លូវ​មាន​កម្រិត​ខ្ពស់​ក្នុង​ខែ​នេះ ។ ស្ថានភាព​សុខភាព​ធម្មតា​តែ​ត្រូវ​ប្រយ័ត្ន​ចំពោះ​ការហូបចុក និង ត្រូវ​ប្រកាន់​ភ្ជាប់​នូវ អនាម័យ ចៀសវាង​ចំណីអាហារ​ខ្លាញ់ ហឹរ ដែល​ប៉ះពាល់​ដល់​ក្រពះ និង ពោះវៀន ។ អ្នកមាន​គូ​ត្រូវ​ចេះ​អត់ឱន​ឱ្យ​គ្នា​ទៅវិញទៅមក ។​

​ឆ្នាំឆ្លូវ​

​រាសី​ឡើង​ខ្ពស់ត្រដែត ការងារ​រកស៊ី​ជួញដូរ​កាក់កប​ល្អ ។ ក្នុង​រយៈពេល​នេះ​មាន​អ្នកមាន​បុណ្យ​មកជួយ​ជ្រោមជ្រែង​ឱ្យ​រាល់​កិច្ចការ​រលូន​ទៅមុខ​ទៀតផង ។ ចំពោះ​បុគ្គលិក កម្មករ ដែល​បម្រើ​ការងារ​តាម​ក្រសួង មន្ទីរ ក្រុមហ៊ុន ឬ រោងចក្រ​នានា បានទទួល​ការផ្តល់​តម្លៃ​ពី​ថ្នាក់លើ បើទោះជា​រយៈពេល​នេះ​មាន​ការងារ​ច្រើនក្តី ប៉ុន្តែ​ជា​វេលា​បញ្ចេញស្នាដៃ​សាង​គុណ​ស​ម្ប​តិ្ត ។ សុខភាព​ធម្មតា ប៉ុន្តែ​ត្រូវ​ប្រយ័ត្ន​ជាប់​ជានិច្ច​ពេលធ្វើ​ដំណើរ​ទៅ​ទីជិត​ឆ្ងាយ ។ ក្នុង​ពេលនេះ​សម្ពន្ធភាព​គូ​ស្វាមីភរិយា​មាន​ភាព​យោគយល់​អធ្យាស្រ័យ​ល្អ ។ អ្នក​នៅ​លីវ​នឹងមាន​ទំនាក់ទំនង​ល្អ​ជាមួយ​មនុស្ស​មកពី​ស្រុក​ឆ្ងាយ​បង្កើតជា​ឪ​កាស​សម្រាប់​សម្ពន្ធភាព​ស្នេហា​ដែល​ស្រស់បំព្រង ។

​ឆ្នាំខាល​

​រាសី​ស្រុតចុះ​ខ្លាំង ការងារ​រកស៊ី​ជួញដូរ​មានដំណើរ​ការយឺតយ៉ាវ ។ ក្នុង​រយៈពេល​នេះ គឺ​ត្រូវ​សង្រួមចិត្ត​ដោយ​មិនត្រូវ ប៉ង​ចង់បាន​អ្វី​ដែលជា​ការងារ​ធំដុំ ព្រោះ​នឹងមិន​ទទួលផល​អ្វី​ឡើយ ។ ចំពោះ​បុគ្គលិក កម្មករ ដែល​បម្រើ​ការងារ​តាម​ក្រសួង​មន្ទីរ ក្រុមហ៊ុន ឬ រោងចក្រ​នានា ពេលនេះ​បានត្រឹមតែ​ដាក់ចិត្ត​ធ្វើការ​ងារ​ឱ្យ​ល្អ ហើយ​មិនគួរ​ចេញ​ឆ្ងាយ​ចូលរួម​ការងារ​ខាងក្រៅ​នោះទេ ព្រោះ​មិន​ត្រឹមតែ​គ្មាន​លទ្ធផល​ល្អ​ហើយ​ថែមទាំង​អាច​នឹង​មានរឿង​មិនល្អ​ដោយសារតែ​ការចេញ​ធ្វើការ​ខាងក្រៅ​នេះ​ទៀត ។ ក្នុង​រយៈពេល​នេះ​គួរ​ចៀសវាង​ការជួបជុំ​ផឹកស៊ី​គ្រឿង​ស្រវឹង ព្រោះ​អាច​បណ្ដាលឱ្យមាន​មានទំនាស់ ហើយ​ឈានដល់​មាន​គ្រោះថ្នាក់​ផង ។ សុខភាព​ចុះខ្សោយ ហេតុនេះ​ត្រូវ​យកចិត្តទុកដាក់​លើ​ការហូបចុក និង មិនត្រូវ​ដើរហើរ​ទៅ​កន្លែង​ឆ្ងាយ​ផ្តេសផ្តាស​ឡើយ ។ ចំពោះ​គូ​ស្វាមីភរិយា​មានរឿង​ខ្វែងគំនិត​គ្នា បើ​មិនចេះ​យោគយល់​គ្នា​នឹង​កើតរឿង​ធំ​មិន​ខាន ។​

ឆ្នាំថោះ​

​រាសី​ស្រុតចុះ ការងារ​រកស៊ី​ជួញដូរ​មានដំណើរ​ការយឺតយ៉ាវ ។ ដោយឡែក​ទាក់ទង​នឹង​ការរកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកណាម្នាក់ ឬ វិនិយោគទុន​មិនគួរ​ធ្វើ​ទេ ព្រោះ​ងាយ​នឹង​បាត់បង់​ទ្រព្យ​ណាស់​បើទោះជា​គិតថា​ល្អ​ក្តី ។ ចំពោះ​បុគ្គលិក កម្មករ ដែល​បម្រើ​ការងារ នៅតាម​ក្រសួង មន្ទីរ ក្រុមហ៊ុន ឬ រោងចក្រ​នានា តោង​មានការ​អត់ធ្មត់ រាល់​កិច្ចការ​ត្រូវ​ចេះ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​មិត្ត​រួមការ​ងារ ដោយ​ពាក្យសម្តី​ទន់ភ្លន់ យល់​អធ្យាស្រ័យ​គ្នា ដើម្បី​ចៀសវាង​ទំនាស់​ផ្សេងៗ ។ រយៈពេល​នេះ​គួរ​កាត់បន្ថយ​ការធ្វើដំណើរ​ទៅ​កន្លែង​ឆ្ងាយ ។ សុខភាព​ធម្មតា​តែតោ​ង​ប្រយ័ត្ន​ចំណីអាហារ​ដែល​នាំទុក្ខ​ទោស​ដល់​ក្រពះ​ពោះវៀន ។ ចំពោះ​គូ​ស្វាមីភរិយា​ទាល់តែ​ចេះ​អត់ឱន​ឱ្យ​គ្នា​ទៅវិញទៅមក ទើប​នៅក្នុង​គ្រួសារ​មាន​សុខដុមរមនា ។​

​ឆ្នាំរោង​

​រាសី​ឡើង​ខ្ពស់ ការងារ​រកស៊ី​ជួញដូរ​មានការ​រីកចម្រើន​លូតលាស់​ទៅមុខ​តាម​បំណង ។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី មាន​ចំណូល​ចូល​ជា​ហូរហែរ ហើយ​អាច​នឹង​មានឱកាស​វិនិយោគ​ថ្មី​ដែល​នាំ​ឲ្យ​ការរកស៊ី​កាន់តែ​រីកចម្រើន ។ ដោយឡែក​ចំពោះ​បុគ្គលិក កម្មករ ដែល​បម្រើ​ការងារ​នៅតាម​ក្រសួង មន្ទីរ ក្រុមហ៊ុន ឬ រោងចក្រ​នានា ការងារ​មាន​លំនឹង​ល្អ ព្រោះ​មាន​ទំនាក់ទំនង​ល្អជា មួយ​មិត្ត​រួមការ​ងារ ទាំង​ថ្នាក់លើ និង ថ្នាក់ក្រោម ។ រយៈ​ពេលនេះ​ប្រសិនបើ​អាច​គួរ​កុំ​ចេញ​ក្រៅ​ផឹកស៊ី​ស្រី​ញី​អូន​បង​ក្រែង​នាំមក​នូវ​ទោស​ផ្សេងៗ​ចំពោះ​សុវត្ថិភាព ។ ដោយឡែក​ក្នុង​រយៈ​ពេ​លេ​នេះ​បុគ្គល​ឆ្នាំរោង​វ័យ​កណ្តាល​មាន​សុខ​ភាពល្អ ប៉ុន្តែ​អ្នក​វ័យចាស់​តោង ប្រយ័ត្នប្រយែង​ក្រែង​ដួល​ប៉ះពាល់​ឆ្អឹងឆ្អែង ។ សម្ពន្ធភាព​គូ​ស្វាមីភរិយា​ល្អូ​ន​ល្អិន​ល្អ ព្រោះ​មាន​ភាព​យល់​អធ្យាស្រ័យ​គ្នា ។​

​ឆ្នាំម្សាញ់​

​រាសី​ឡើង​ខ្ពស់ត្រដែត ការងារ​រកស៊ី​ជួញដូរ​រីកចម្រើន​ទៅ​មុខជា​ហូរហែ ។ ក្នុង​រយៈពេល​នេះ​ជា​ពេលវេលា​ល្អ​ដើម្បី​ចាប់ផ្តើម​កិច្ច​ការដែល​គ្រោងទុក ហេតុនេះ​ត្រូវ​ចាប់យក​ឱកាស​ឱ្យបាន ។ ប៉ុន្តែ​រាល់​កិច្ចការ​ទាំងឡាយ​ត្រូវ​ប្រឹងប្រែង​សម្រេច​កិច្ចការ ដោយ​ខ្លួនឯង​ជាជាង​ពឹង​អ្នកដទៃ ហើយក៏​ត្រូវ​ប្រយ័ត្ន​ចំពោះ​គូប្រជែង​ដែល​តែងតែ​ច្រណែនឈ្នានីស​យើង​ដែរ ។ ចំពោះ​បុគ្គលិក កម្មករ ដែល​បម្រើ​ការងារ​នៅតាម​ក្រសួង មន្ទីរ ក្រុមហ៊ុន ឬ រោងចក្រ​នានា មិនមាន​សម្ពាធ​ការងារ​ធ្ងន់​ទេ តែ​ក៏​មិនត្រូវ​ទុក​ខ្លួន​ឱ្យ​ទំនេរ​ដែរ បើ​អាចជួយ​អ្នក​ជុំវិញខ្លួន​បាន គឺ​កាន់តែ​នាំ​សំណាង​ដល់​ខ្លួន ។ អ្នកបើកបរ​តោង​ប្រយ័ត្ន​គ្រោះថ្នាក់​ចៃដន្យ​នៅលើ​ដងផ្លូវ ។ សុខភាព ល្អ​ធម្មតា តែ​គួរ​ចៀសវាង​សកម្មភាព​ខ្លាំងក្លា​ក្រែង​ដួល​របួស ។ សម្ពន្ធភាព​គូ​ស្វាមីភរិយា​មាន​អធ្យាស្រ័យ​គ្នា​ល្អ ឯ​អ្នក​នៅ​លីវ​នឹង​មានឱកាស​ជួប​មនុស្ស​មាន​និស្ស័យ ។​

​ឆ្នាំមមី​

​រាសី​ឡើង​ខ្ពស់ ការងារ​រកស៊ី​ជួញដូរ​កាក់កប​រលូន​ទៅមុខ​ល្អ ។ រយៈពេល​នេះ​ជា​ពេលវេលា​ប្រសើរ​ក្នុង​ការចេញ​សាង​ទំនាក់ទំនង​នានា ដើម្បី​ជា​ប្រយោជន៍​ដល់​ការរកស៊ី និង ឱកាស​បណ្តាក់ទុន​ផ្សេងៗ ។ ចំពោះ​បុគ្គលិក កម្មករ ដែល​បម្រើ​ការងារ​តាម ក្រសួង មន្ទីរ ក្រុមហ៊ុន ឬ រោងចក្រ​នានា មានឱកាស​ឡើង​តំណែង និង បានការ​ផ្តល់​តម្លៃ​ពី​សំណាក់​ថ្នាក់លើ ។ ក្នុង​ពេលនេះ​ក៏​គួរ ចេញទៅ​ក្រៅ​ជួបជុំ​ក្នុង​កម្មវិធី​ផ្សេងៗ ដើម្បី​បណ្តុះ​ជំនាញ​ទន់​របស់ខ្លួន​ដែរ ។ ថ្វី​ដ្បិត​ត្រូវ​ចំណាយ​លុយកាក់​ខ្លះ តែ​វា​ជាការ​បង្កើត​ទំនាក់ ទំនង​ឱ្យ​ធំ​ទូលាយ​ដើម្បី​ជា​ប្រយោជន៍​ថ្ងៃក្រោយ ។ សម្ពន្ធភាព​គូ​ស្វាមីភរិយា​មានការ​យល់​ចិត្ត​គ្នា​ល្អ អ្នក​នៅ​លីវ​ប្រសិនបើ​ចង់​ជួប​គូ ព្រេង​ល្អ​គួរ​លៃលក​ពេលទំនេរ​ដែលមាន​ចេញទៅ​ខាងក្រៅ​ជួបជុំ​មិត្តភក្តិ​ថ្មី ឬ ចូលរួម​ធ្វើ​ការងារ​សង្គម​ដែល​ខ្លួន​ចូលចិត្ត ។​

​ឆ្នាំមមែ​

​រាសី​ល្អ​មធ្យម​ការងារ​រកស៊ី​ជួញដូរ​កាក់កប​ធម្មតា ។ រយៈ​ពេលនេះ​ប្រសិនបើ​ចង់​ធ្វើ​អ្វីមួយ​ត្រូវ​គិតពិចារណា​ឱ្យ​ដិតដល់ ហើយ​ពិភាក្សា​ជាមួយ​ដៃគូ​ឱ្យច្បាស់លាស់​សឹម​ធ្វើ​វា​ដើម្បី​ចៀសវាង​កំហុសឆ្គង​ដែល​កើតមាន នាំ​ឲ្យ​ខាតបង់​ទ្រព្យ​ហើយ​មាន​ជម្លោះ ផ្ទៃក្នុង​គ្រួសារ​ថែមទៀត ។ អ្នកបម្រើ​ការងារ​តាម ក្រសួង មន្ទីរ រោងចក្រ ក្រុមហ៊ុន មាន​សម្ពាធ​ការងារ​ច្រើន ដូច្នេះ​ត្រូវ​ចេះ​បត់បែន តាម​កាលៈទេសៈ លៃលក​ការងារ​ធ្ងន់​ស្រាល​នានា​តាមរយៈ​ការដាក់​អាទិភាព​ការងារ​ថា​មួយណា​គួរ​ធ្វើ​មុន មួយណា​គួរ​ធ្វើ​ក្រោយ ។ វេលា នេះ​មិន​សក្តិសម​ក្នុងការ​ធ្វើដំណើរ​ផ្លូវ​ឆ្ងាយ​ទេ ព្រោះ​អាច​នឹងមាន​គ្រោះ​កើតឡើង បើ​ដាច់ខាត​ត្រូវតែ​ធ្វើដំណើរ តោង​កុំ​បើកបរ​ហួស ល្បឿន​ហើយ​ត្រូវ​ប្រយ័ត្ន​គ្រប់​វិនាទី ។ សុខ​ភាពល្អ​ធម្មតា ។ សម្ពន្ធភាព​ស្នេហា​មាន​ភាពរលូន​ល្អ​ធម្មតា ។​

​ឆ្នាំវក​

​រាសី​ឡើង​ខ្ពស់ត្រដែត ការងារ​រកស៊ី​ជួញដូរ​មានការ​រីកចម្រើន​លូតលាស់​ទៅមុខ​ជា​លំដាប់ ។ រយៈ​ពេលនេះ​ផ្កាយ សំណាង​នៅ​ជាមួយ ប្រសិនបើ​ចង់​ធ្វើ​អ្វី​ត្រូវតែ​ប្រញាប់ប្រញាល់​សម្រេចចិត្ត ព្រោះ​មាន​អ្នកមាន​បុណ្យ​ចាំ​ជួយ​រុញច្រាន​នាំ​ឲ្យ​ជោគជ័យ ។ ចំពោះ​បុគ្គលិក កម្មករ ដែល​បម្រើ​ការងារ​តាម មន្ទីរ ក្រុមហ៊ុន ឬ រោងចក្រ​នានា បានទទួល ការផ្តល់​តម្លៃ​ពី​ថ្នាក់លើ និង មិត្ត​រួមការ​ងារ ។ នេះ​ជា​ពេលវេលា​ល្អ​ក្នុងការ​ធ្វើដំណើរ​ទៅ​ទីជិត​ឆ្ងាយ ព្រោះ​ផ្កាយ​សំណាង​ថែទាំ​អាច​ជួប មនុស្ស​ល្អៗ​តាមរយៈ​ការធ្វើដំណើរ ។ ចំពោះ​សម្ពន្ធភាព​គូ​ស្វាមីភរិយា​មាន​ភាព​យោគយល់​អធ្យាស្រ័យ​ល្អ ។ អ្នក​នៅ​លីវ​មានឱកាស ជួបនឹង​មនុស្ស​ត្រូវចិត្ត ប៉ុន្តែ​និស្ស័យ​មួយ​នេះ​អាច​បន្តបាន ឬ យ៉ាងណា​អាស្រ័យ​លើ​ការចេះ​សាង​ទំនាក់ទំនង​ល្អ ។

​ឆ្នាំរកា​

​រាសី​ឡើង​ខ្ពស់ត្រដែត ការងារ​រកស៊ី​ជួញដូរ​កាក់កប​ល្អ ។ ក្នុង​ខែ​នេះ​លោកអ្នក​មិនត្រូវ​ស្ទាក់ស្ទើរ​ក្នុងការ​ស​ម្រ​ច​ចិត្ត ចាប់យក​ឱកាស​នោះទេ ពីព្រោះ​ឱកាសល្អៗ​មិនមាន​ច្រើន​ឡើយ ។ បើ​អ្នកសម្រេចចិត្ត​ចាប់យក​ឱកាស​នោះ​ហើយ​ត្រូវដាក់​កម្លាំងកាយ​ចិត្ត ធ្វើ​វា​ឱ្យ​អស់ពី​សមត្ថភាព​ទើប​អ្នក​មិន​ស្តាយក្រោយ ។ ក្នុង​រយៈពេល​នេះ​ចំពោះ​បុគ្គលិក កម្មករ ដែល​បម្រើ​ការងារ​នៅតាម ក្រសួង មន្ទីរ ក្រុមហ៊ុន ឬ រោងចក្រ​នានា មានឱកាស​រីកចម្រើន​តាមរយៈ​ការបញ្ចេញ​ស្នាដៃ បើទោះជា​មានការ​ផ្លាស់ប្តូ​រ​ខ្លះ​ក៏ដោយ​ក៏​ជាការ​ផ្លាស់ ប្តូរ​ក្នុងន័យ​វិជ្ជមាន​ដែរ ។ ចំពោះ​ការធ្វើដំណើរ​ទៅណា​មក​ណា​មាន​សុវត្ថិភាព និង ភាពសុខសាន្ត​ទាំង​ឆ្ងាយ និង ជិត ។ សម្ពន្ធភាព​គូ​ស្វាមី ភរិយា​មាន​ភាព​ផ្អែមល្ហែម ។​

ឆ្នាំច​

​រាសី​ស្រុតចុះ ការងារ​រកស៊ី​ជួញដូរ​មានដំណើរ​ការយឺតយ៉ាវ ។ ដោយឡែក​ទាក់ទង​នឹង​ការរកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកណាម្នាក់ ឬ វិនិយោគទុន​មិនគួរ​ធ្វើ​ទេ ព្រោះ​ងាយ​នឹង​បាត់បង់​ទ្រព្យ​ណាស់​បើទោះជា​គិតថា​ល្អ​ក្តី ។ ចំពោះ​បុគ្គលិក កម្មករ ដែល​បម្រើការ ងារ​នៅតាម​ក្រសួង មន្ទីរ ក្រុមហ៊ុន ឬ រោងចក្រ​នានា តោង​មានការ​អត់ធ្មត់ រាល់​កិច្ចការ​ត្រូវ​ចេះ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​ថ្នាក់លើ មិត្ត​រួមការ​ងារ ដោយ​ពាក្យសម្តី​ទន់ភ្លន់ និង យល់​អធ្យាស្រ័យ​គ្នា ។ រយៈពេល​នេះ គួរ​កាត់បន្ថយ​ការធ្វើដំណើរ​ទៅ​កន្លែង​ឆ្ងាយ ឬ ការ​ស៊ីផឹក ស្រី​ញី​អូន​បង ។ សុខភាព​មាន​សភាព​ទន់ខ្សោយ ហេតុនេះ​តោង​ប្រយ័ត្ន​អនាម័យ​ហូបចុក​ដែល​នាំទុក្ខ​ទោស​ដល់​ក្រពះ ពោះវៀន ។ ចំពោះ​គូ​ស្វាមីភរិយា​ត្រូវ​ចេះ​អត់ឱន​ឲ្យ​គ្នា​ទៅវិញទៅមក ទើប​មាន​សេចក្តីសុខ​ក្នុង​គ្រួសារ ។​

​ឆ្នាំកុរ​

​រាសី​ស្រុតចុះ ការងារ​រកស៊ី​ជួញដូរ​មិនសូវ​កាក់កប ។ ក្នុង​រយៈពេល​នេះ​ទោះជា​លោកអ្នក​ប្រកប ការងារ​អ្វី​ក៏ដោយ​ចូរ​កុំ​ធ្វេសប្រហែស​ឱ្យសោះ ជាពិសេស​មុនពេល​ចុះហត្ថលេខា ឬ ផ្តិត​ស្នាម​មេដៃ​លើ​លិខិតស្នាម​ផ្សេងៗ​តោង​ចេះ​ពិនិត្យពិច័យ​ឱ្យបាន ល្អិតល្អន់​ទើប​មិន​មានការ​ភ្លាំងភ្លាត់ និង មិន​បង់ខាត​ផលប្រយោជន៍ ។ ចំពោះ​បុគ្គលិក កម្មករ ដែល​បម្រើ​ការងារ​តាម​ក្រសួង មន្ទីរ ក្រុម ហ៊ុន ឬ រោងចក្រ​នានា ត្រូវ​យកចិត្តទុកដាក់​នឹង​ការងារ​របស់ខ្លួន ហើយ​កុំ​រវល់​ខ្វល់​នឹង​រឿងរ៉ាវ​រអេចរអូច​ផ្សេងៗ​នាំ​តែ​គេ​យល់ច្រឡំ ។ សុខភាព​មិនសូវ​ជា​ល្អ ដូច្នេះ​លោកអ្នក​ត្រូវ​ប្រុងប្រយ័ត្ន ចំពោះ​អនាម័យ​នៃ​ការហូបចុក និង កីឡា​ដែល​ទាមទារ​ប្រើ​កម្លាំង​ខ្លាំងក្លា ។ សម្ពន្ធភាព​ស្នេហា​តោង​ប្រយ័ត្ន​មាន​អ្នក​ក្រៅ​នាំ​រឿង​ក្តៅក្រហាយ​មកឱ្យ ហេតុនេះ​ត្រូវ​ចេះ​ពិចារណា​មុនពេល​ជឿ​សម្តី​អ្នកដទៃ ៕​

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច