ជោគជតារាសីប្រចាំឆ្នាំរកា សម្រាប់លោកអ្នកកើតក្នុង «ឆ្នាំរកា»

​ឆ្នាំរកា ១២ ឆ្នាំ​វិល​មកដល់​ម្តង ដូច្នេះ​យើង​សូម​រៀបរាប់​ថយក្រោយ​ត្រឹមតែ ៦ ជុំ​ប៉ុណ្ណោះ ។ សូម​ផ្ទៀងផ្ទាត់​ដូចខាងក្រោម ៖

​អ្នក​កើត​ឆ្នាំរកា ២០០៥ : ក្នុងឆ្នាំនេះ​ពិតមែនតែ​មានគំនិត​គិតគូរ​វែងឆ្ងាយ​ក្តី តែ​ងាយ​នឹង​ត្រូវបាន​មិត្តភក្តិ​អូសទាញ ។ ត្រូវ​ដកខ្លួន​ឲ្យ​ឆ្ងាយ​ពី​មិត្ត​ខិលខូច និង ងាក​ទៅ​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ ទើប​មិន​ខូចអនាគត ។ ក្រៅពីនោះ​ប្រយ័ត្ន​ជួប​គ្រោះ​មុត​កាំបិត​ពូថៅ ឬ ឧបករណ៍​មុខស្រួច ។​

​អ្នក​កើត​ឆ្នាំរកា ១៩៩៣ : ក្នុងឆ្នាំនេះ​អាច​បង្ក​រៀង​ជម្លោះ​ជាមួយ​មនុស្ស​ផង​ទាំងឡាយ ដូច្នេះ​ត្រូវ​ចេះ​អត់ធ្មត់ និង រម្ងាប់​ចិត្ត​ឲ្យ​បាន​ត្រជាក់ ។ ចំពោះ​រឿងរ៉ាវ​ស្នេហា​ជួប​រឿង​រកាំរកូស​ច្រើន ។​

​អ្នក​កើត​ឆ្នាំរកា ១៩៨១ : ក្នុងឆ្នាំនេះ​ការងារ និង ការរកស៊ី​ជួប​រកាំរកូស​ច្រើន ហើយ​បើ​មិនរ​កវី​ធី​ទប់ស្កាត់​ទេ​គឺ​ជួប​ការបរាជ័យ​ចៀស​មិន​ផុត​ឡើយ ។ ក្រៅពីនោះ​ចំពោះ​ផល​ចំណូល​ហូរ​ចូល គឺ​មិន​ទៀងទាត់​ឡើយ ហើយ​ត្រូវ​ចេះ​គិតគូរ​រឿង​ចាយវាយ ទើប​មិនមាន​វិបត្តិ​សេដ្ឋកិច្ច​គ្រួសារ​ចោទឡើង ។​

​អ្នក​កើត​ឆ្នាំរកា ១៩៦៩ : ក្នុងឆ្នាំនេះ​បើ​មានការ​លោភលន់​ត្រូវ​លះបង់​ឲ្យ​ឆាប់ ទើប​មិន​មានរឿង​អំពល់ទុក្ខ​ដាក់ខ្លួន ។ ក្រៅពីនោះ​ប្រយ័ត្ន​ជួប​គ្រោះ​ចាញ់បោក​គេ​នាំ​ឲ្យ​វិនាស​អន្តរាយ​ទ្រព្យ ។ ចំពោះ​គូ​ស្វាមីភរិយា​ត្រូវ​ឆាប់​បញ្ចប់រឿង​រកាំរកូស ទើប​គ្រួសារ​មាន​សុខដុមរមនា ។​

​អ្នក​កើត​ឆ្នាំរកា ១៩៥៧ : ក្នុងឆ្នាំនេះ​សំខានបំផុត គឺ​ត្រូវ​យកចិត្តទុកដាក់​ចំពោះ​សុវត្ថិភាព​នៅក្នុង​ផ្ទះសម្បែង ជាពិសេស​ត្រូវ​ប្រយ័ត្ន​គ្រោះ​អគ្គីភ័យ និង គ្រោះ​ចោរលួច​ឆក់​ប្លន់ ។ ក្រៅពីនោះ​ត្រូវ​កាត់បន្ថយ​នូវ​ការចំណាយ​ពុំ​ចាំបាច់​ផ្សេងៗ ទើប​មិន​ខ្វះមុខខ្វះក្រោយ ។​

​អ្នក​កើត​ឆ្នាំរកា ១៩៤៥ : ក្នុងឆ្នាំនេះ​សុខភាព​មិនល្អ​ជា​ទេ ដូច្នេះ​ត្រូវ​ឆ្លៀតពេល​សម្រាក​ឲ្យ​បាន​ច្រើន និង មិនត្រូវ​ធ្វើការ​ឲ្យ​ហួសកម្លាំង​ឡើយ ។ ក្រៅពីនោះ​ពេល​ឡើង​ចុះ​ជណ្តើ​រតោង​ប្រយ័ត្នប្រយែង​ក្រែង​ជួប​គ្រោះ​ជំពប់ ឬ រអិល​ជើង​ធ្លាក់ ៕

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច