១ – ធ្វើរឿងដែលអ្នកទាំងពីរជួបគ្នាជាលើកដំបូងបន្តទៀត
ទោះជាស្គាល់គ្នាយូរក្រែលហើយក្តី គូស្នេហ៍គួរកុំឱ្យភាពខ្ជិលច្រអូស ហើយមើលរំលងរឿងផ្អែមល្អែមជាមួយគ្នាឱ្យសោះ ។ គិតសាជាថ្មី ហើយចាប់ផ្តើមធ្វើរឿងដដែលនៅពេលអ្នកបានជួបគ្នាដំបូងឡើងវិញ ជារឿយៗ ។
២ – សុំនូវអ្វីដែលអ្នកចង់បាន
រយៈពេលយូរទៅ គូស្នេហ៍ហាក់នឹងគិតថាភាគីម្ខាងទៀតប្រហែលជាដឹងថាខ្លួនចង់បានអ្វីហើយ ដែលការពិតទៅនោះ គាត់ ឬ នាងអាចនឹងមិនដឹងទេ ។ ហេតុនេះហើយជាជាងអង្គុយរង់ចាំរំពឹងទុកតែម្ខាង អ្នកគួរប្រាប់គូស្នេហ៍ត្រង់ៗតែម្តងថាចង់បានអ្វីពីគាត់ ឬ នាង មិនថាចំពោះតែរឿងកិច្ចការការនិយាយស្តីផ្លូវចិត្ត ឬ ទាំងរឿងលើគ្រែផង ។
៣ – ធ្វើជាអ្នកជំនាញលើគូស្នេហ៍
ជំនាញរឿងអ្វី ? គឺជំនាញខាងយល់ចិត្ត ។ ការនេះទាមទារការយកចិត្តទុកដាក់សង្កេតពីគូស្នេហ៍ឱ្យបានច្រើន ទើបអាចយល់បានថា គាត់ ឬ នាងត្រូវការអ្វី ទាំងតម្រូវការផ្លូវកាយ និង ផ្លូវចិត្ត ។ សូមកុំកាត់ស្មានប្រយោល ដោយមិនបានសង្កេតឱ្យបានដឹកដល់ឱ្យសោះ ណាមួយនេះជាកាតព្វកិច្ចដែលស្តែងពីការស្រឡាញ់របស់ភាគីទាំងសងខាង ។
៤ – កុំសួរថា «តើថ្ងៃនេះយ៉ាងម៉េចដែរ» ?
សំណួរនេះហាក់ដូចជាសាមញ្ញពេក រហូតចម្លើយក៏នឹងសាមញ្ញទៅតាមនោះដែរ គឺគ្រាន់តែ «យ៉ាងម៉េចដែរថ្ងៃនេះ» ? «ធម្មតា ចុះអូន ឬ បងវិញ» ? «ធម្មតាដូចគ្នា» បទសន្ទនាក៏បញ្ចប់ ។ គួរផ្លាស់ប្តូរសំណួរឱ្យមានរសជាតិជាងនេះ ដូចជា តើមានរឿងល្អអ្វីចង់ប្រាប់អូនទេថ្ងៃនេះ ? នោះអ្នកនឹងទទួលបានចម្លើយគួរឱ្យចាប់អារម្មណ៍ហើយស្រស់ស្រាយជាងនេះ ។
៥ – បង្កើតការណាត់ជួបជារៀងរាល់សប្តាហ៍
ការនេះដើម្បីពង្រឹងមនោសញ្ចេតនា ក៏ដូចជាស្វែងយល់ពីគ្នាមួយកម្រិតទៀត ហើយឆ្លៀតពេលនិយាយលេង និង សាកសួរពីតម្រូវការរវាងគ្នា និង ចំពោះគ្នាទៅវិញទៅមក ដើម្បីបង្កឱកាសឱ្យមនោសញ្ចេតនារបស់អ្នកទាំងពីររីកដុះដាលមួយកម្រិតទៀត ។
៦ – រក្សាភាពសិចស៊ី
រៀបចំបរិយាកាសបន្ទប់គេងឱ្យស្រស់ស្រាយ និង ស្រទន់ រួមកម្លាំងគ្នាធ្វើកិច្ចការផ្ទះជាមួយគ្នា ងូតទឹកចំហទ្វារបន្ទប់ ឬជាមួយគ្នា ស្លៀកពាក់បង្អួតសម្រស់គ្នា ដើម្បីសាងបរិយាកាសរីករាយ សើចលេងចំអែចំអនគ្នា ហាក់ដូចទើបស្គាល់គ្នាថ្មីៗ ។
៧ – ណាត់ជួបគ្នាធ្វើរឿងថ្មីៗ
ជាជាងការញ៉ាំអាហារពេលល្ងាច និង មើលកុន អ្នកអាចប្តូរបរិយាកាសទៅពិកនិក ដើរកម្សាន្តទៅបរទេស ចូលរួមការងារសប្បុរស ឬ ការងារស្ម័គ្រចិត្ត បោះជំរុំ ឬ ស្មគ្រខ្លួនមើលថែទាំកូនមិត្តភក្តិ ឬ បងប្អូនជាមួយគ្នា ។
៨ – ពិភាក្សាគ្នាពីបញ្ហាសិច
ដៃគូអាចនឹងមានភាពមិនចុះសម្រុងគ្នាដោយប្រការណាមួយ ដូចនេះ ចៀសវាងការប្រកែកគ្មានហេតុផល ទ្រាំមិនប្រាប់ពីអ្វីដែលខ្លួនចង់បាន ឬសម្របតាមចិត្តដៃគូទាំងខ្លួនមិនចង់។ គូស្នេហ៍គួរចេះនិយាយប្រាប់ពីសុខទុក្ខគ្នាទៅវិញទៅមក រួមទាំងរឿងលើគ្រែនេះផង ហើយចេះយល់ចិត្ត យល់អារម្មណ៍ និងសុខភាពគ្នាទៅវិញទៅមក ដោយពុំខ្មាស់អៀន ។
៩ – ឆ្លៀតពេលលំហែចិត្តជាមួយគ្នាក្រោយពេលធ្វើការ
មានន័យថា ទោះជាការងារមមាញឹកយ៉ាងណា គូស្នេហ៍គួរមានទម្លាប់និយាយសន្ទនាគ្នាជារៀងរាល់ថ្ងៃ ដោយភាគីទាំងសងខាងត្រូវគោរព យកចិត្តទុកដាក់ និង ស្តាប់នូវអ្វីដែលអ្នកម្ខាងទៀតនិយាយ មិនមែនគ្រាន់តែបញ្ចេញឥរិយាបថហាក់ដូចជាលឺហើយ ហើយបែរធ្វើហី ។ ការមើលរំលងចំណុចនេះយូរៗទៅអាចនឹងឈានទៅដល់ស្នេហ៍ប្រេះឆា និងបែកគ្នាដោយគ្មានមូលហេតុ ។
១០ – ទុកឱ្យពេលវេលាជាអ្នកដោះស្រាយ
តិច ឬ ច្រើន គូស្នេហ៍ប្រាកដជាមានពេលឈ្លោះប្រកែកគ្នាយកឈ្នះរៀងខ្លួន ។ បើអ្នកមានបញ្ហាបែបនេះ គួររក្សាគម្លាត ទុកពេលឱ្យគ្នាទៅវិញទៅមក គិតឱ្យបានច្បាស់ និង ត្រឡប់មកនិយាយគ្នាវិញនៅពេលត្រជាក់ចិត្តហើយ និង មិនត្រូវទុកបញ្ហាចោលមិនដោះស្រាយនោះទេ ពោលគឺត្រូវមានដំណោះស្រាយល្អទាំងសងខាង ឬ ការសម្រេចចិត្តជាក់លាក់ ។
១១ – និយាយពីអារម្មណ៍ពិតនៅពេលឈ្លោះគ្នា
កុំប្រើអារម្មណ៍ខឹងសម្បារមួយពេល គួបផ្សំនឹងពាក្យសម្តីអាក្រក់ៗ នៅពេលឈ្លោះគ្នា ព្រោះអ្នកអាចនឹងធ្វើឱ្យដៃគូយល់ខុសពីអ្វីដែលអ្នកចង់បានឱ្យប្រាកដ។ គូស្នេហ៍គួរលើកយកបញ្ហាជាក់លាក់មកនិយាយ ហើយប្រាប់ពីអារម្មណ៍របស់ខ្លួនដែលខូចចិត្ត ឬឈឺចាប់ ដោយកុំបន្ថែមទម្ងន់ពាក្យឱ្យលើសពីការពិត ទើបអាចឈានទៅរកដំណោះស្រាយល្អ ។
១២ – ទាមទារការយល់ចិត្ត ជាជាងការសម្រប
«និយាយស្រួលតែពិបាកនឹងធ្វើ» ហេតុនេះ នៅពេលឈ្លោះគ្នាអ្វីដែលអ្នកគួរធ្វើបំផុត គឺរម្ងាប់ចិត្តខឹង ហើយនិយាយដោយត្រជាក់ បង្ហាញពីចិត្តរបស់អ្នកឱ្យគូស្នេហ៍បានយល់ ឬពន្យល់ថាហេតុអ្វីបានជាអ្នកត្រូវ ជាជាងការខំផ្លាស់ប្តូរគំនិតរបស់ភាគីម្ខាងទៀត ហើយបង្ខំឱ្យគេសម្របតាមខ្លួន ។
១៣ – រាប់កំហុសរបស់ខ្លួនឯង
តើអ្នកនិយាយពាក្យសុំទោសញឹកញាប់ទេ ? ទាំងនោះសុទ្ធតែជាកំហុសរបស់អ្នកមែនទេ ? បើដូច្នោះមែនអ្នកគួរកែខ្លួន កុំសាងកំហុសដដែលៗ សុំទោសតែមិនកែ ព្រោះទង្វើបែបនេះ ជាថ្នាំបន្សាបពាក្យសុំទោសរបស់អ្នក ហើយក៏ជាថ្នាំពុលសម្រាប់ស្នេហារបស់អ្នកដែរ ព្រោះជាក់ស្តែងអ្នកបន្តសាងកំហុស ខណៈដែលភាគីម្ខាងទៀតជាអ្នករ៉ាប់រងការឈឺចាប់ ៕ លក្ខិណា