រោងចក្រ Foxconn ត្រៀមប្រើមនុស្សយន្ត ផលិតទូរស័ព្ទ iPhone

ការងារ​ផលិតកម្ម​កំពុងតែ​ត្រូវបាន​គ្របដណ្តប់​ដោយ​គ្រឿងយន្ត ជាពិសេស​រោងចក្រ​ផលិត​បែប​ខ្សែសង្វាក់ ផលិតកម្ម និង រោងចក្រ​ស្វ័យប្រវត្ត​ផ្សេងៗ នេះ​គឺ​ដើម្បី​កាត់បន្ថយ​ការចំណាយ​របស់​ក្រុមហ៊ុន​មួយចំនួន​។

​ជាក់ស្តែង​រោងចក្រ Foxconn ដែលជា​រោងចក្រ​មាន​មូលដ្ឋាន​នៅក្នុង​ប្រទេស​ចិន និង​ជា​អ្នកផ្គត់ផ្គង់​ផលិតផល​របស់​ក្រុមហ៊ុន Apple ជា​យូរ​មកហើយ​នោះ បានធ្វើការ​កាត់បន្ថយ​បុគ្គលិក​ជា​៣​ជំហាន ដោយ​នឹង​បំពាក់ មកវិញ​នូវ​គ្រឿងយន្ត​បម្រើ​ការងារ​ជំនួស​មនុស្ស ហើយក៏​គ្រោង​នឹង​ផ្លាស់​រោងចក្រ​ចេញពី​ប្រទេស​ចិន ទៅ​សហរដ្ឋ​អា​មេ​រិច​ផងដែរ​។
​នាយក​គ្រប់គ្រង​ក្រុមហ៊ុន Foxconn គឺ​លោក Dai Jia Peng បាន​ប្រាប់​អោយដឹងថា ក្រុមហ៊ុន​កំពុងធ្វើការ ជា​៣​ដំណាក់កាល​ក្នុង​ការប្រើ​មនុស្ស​យន្ត (robots) ជំនួស​មនុស្ស​។ មនុស្ស​យន្ត​ទាំងនេះ​នឹងធ្វើ​ការងារ មួយចំនួន​ដែល​យល់ថា​មាន​គ្រោះថ្នាក់​និង​ប៉ះពាល់​ដល់​សុខភាព​មនុស្ស ឫ​ការងារ​មួយចំនួន​ក្នុង​ខ្សែសង្វាក់ ផលិតកម្ម​ដែល​មនុស្ស​មិន​ចង់​ធ្វើការ និង​មិនអាច​ធ្វើបាន​។

ដំណាក់កាល​ទី​២ គឺ​ត្រូវ​ប្រើ​មនុស្ស​យន្ត​ក្នុង​ការងារ​ណា​ដែលមាន​ប្រសិទ្ធភាព​និង​លឿន​ជាង​មនុស្ស​ធ្វើការ  ហើយ​ក្នុងដំណាក់កាល​ទី​៣ គ្រោង​នឹង​ប្រើ​មនុស្ស​យន្ត​អោយធ្វើ​ការងារ​ទាំងស្រុង​ជំនួស​មនុស្ស និង​ប្រើ​មនុស្ស សម្រាប់តែ​ត្រួតពិនិត្យ​គ្រឿង​ម៉ា​សី​ុ​ន​និង​មនុស្ស​យន្ត​តែប៉ុណ្ណោះ ​។ ​គួរ​បញ្ជាក់ថា​មកទល់​ពេលនេះ ក្រុមហ៊ុន Foxconn បានដាក់​ពង្រាយ​មនុស្ស​យន្ត​ចំនួន ៤​មឺ​ុ​ន​គ្រឿង​មកហើយ ដែល​គ្រឿងយន្ត​ទាំងនេះ​ផលិត​ដោយ​ក្រុមហ៊ុន Dai និង​បាន​អះអាងថា ខ្លួន​អាច​ផលិត​មនុស្ស​យន្ត​បាន ចំនួន ១​ម៉ឺ​ន​គ្រឿងក្នុង​១​ឆ្នាំ សម្រាប់​ធ្វើការ​ចែកចាយ​និង​លក់​ទៅអោយ​ក្រុមហ៊ុន​រោងចក្រ​ផ្សេងៗ​៕ សុផល​

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច