ហោរាសាស្ត្រសម្រាប់ថ្ងៃទី ១ ដល់ ១៥ ខែមករា ឆ្នាំ ២០១៧

​ឆ្នាំជូត​

​រាសី​ស្រុតចុះ​ខ្លាំង ការងារ​រកស៊ី​ជួញដូរ​មិន​គ្រាន់តែ​ជួប​ឧ​ប​ស័គ្គ​ច្រើន​ប៉ុណ្ណោះ​ទេ ព្រមទាំង​បាន​ជួប​គូប្រជែង​ជើង​ខ្លាំង​ចេញមុខ​មក​តតាំង​ទៀតផង ។ ដូច្នេះ​លោកអ្នក​ត្រូវ​ត្រៀម​រៀបចំ​ជើង​ព្រួល​ទុក​សម្រាប់​ទប់ទល់​ជាមុន​ទើប​មិន​បរាជ័យ ។ ក្នុង​រយៈពេល​នេះដែរ​ដោយសារ​តែមាន​ផល​ចំណូល​ហូរ​ចូល​តិចតួចស្តួចស្តើង និង រកបាន​មក​ដោយ​កម្លាំង​ញើស​ឈាម​នោះ កុំ​រកបាន​មក​ដោយ​តឹង តែ​ចាយ​ធូរ​ឲ្យ​សោះ ប្រយ័ត្ន​ជះឥទ្ធិពល​អាក្រក់​ដល់​សេដ្ឋកិច្ច​គ្រួសារ ។ ក្រៅពីនោះ​ដោយសារតែ​សុខភាព​មិនសូវ​ល្អជា លោកអ្នក​ត្រូវ​ឆ្លៀតពេល​សម្រាក​ឲ្យ​បាន​ច្រើន និង មិនត្រូវ​ធ្វើការ​ឲ្យ​ហួសកម្លាំង​ឡើយ ។ ចំពោះ​គូស្នេហ៍ ប្រយ័ត្ន​មាន​ជន​ទី​បី​ចូល​ជ្រៀតជ្រែក នាំ​ឲ្យ​ចំណងស្នេហា​រង្គោះរង្គើ ។​

​ឆ្នាំឆ្លូវ​
​រាសី​ឡើង​ខ្ពស់ត្រដែត ការងារ​រកស៊ី​ជួញដូរ​នៅតែ​កាក់កប​ល្អ​ដដែល ។ ក្នុង​រយៈពេល​នេះ​ទោះជា​លោកអ្នក​ប្រកបការងារ​អ្វី​ក៏ដោយ​ត្រូវ​ញាប់ដៃ​ញាប់ជើង​បន្តិច ព្រោះ​ឱកាសល្អ​មិនមាន​ច្រើន​តទៅទៀត​ឡើយ ហើយក៏​មិនត្រូវ​មានចិត្ត​ស្ទាក់ស្ទើរ​ផងដែរ បើ​សម្រេចចិត្តថា​ធ្វើ​ហើយ​គឺត្រូវធ្វើ​ឲ្យ​អស់ពី​កម្លាំងកាយ​ចិត្ត ទើប​មិន​បង់ខាត​ពេលវេលា​ឥតអំពើ ។ ក្នុង​រយៈពេល​នេះដែរ​អ្វីដែល​លោកអ្នក​ត្រូវ​យកចិត្តទុកដាក់​នោះ​គឺ​មិនត្រូវ​ឲ្យ​គេ​ជំពាក់​បំណុល ឬ ឲ្យ​គេ​ខ្ចីប្រាក់​កាស​ឡើយ ព្រោះ​កាលបើ​ធ្លាក់​ដល់ដៃ​គេ​ហើយ​គ្មាន​ថ្ងៃ​បាន​វិលត្រឡប់​វិញ​ឡើយ ។ ក្រៅពីនោះ​ពិតមែន​តែមាន​សុខភាព​ល្អជា​ក្តី តែ​ចូរ​កុំ​ល្មោភស៊ី​ល្មោភ​ផឹក​ឲ្យ​សោះ ទើប​មិន​អន្តរាយ​ដល់​ក្រពះ ពោះវៀន ។ ចំពោះ​គូ​ស្វាមីភរិយា​មាន​ភាព​ល្អូកល្អិន​ល្អ​ណាស់ ។​

​ឆ្នាំខាល​
​រាសី​ស្រុតចុះ​ខ្លាំង ការងារ​រកស៊ី​ជួញដូរ​ជួប​ភាពស្មុគស្មាញ​ច្រើន ។ ក្នុង​រយៈពេល​នេះ​ទោះជា​លោកអ្នក​ប្រកបការងារ ឬ រកស៊ី​ជួញដូរ​អ្វី​ក៏ដោយ​មិនត្រូវ​ធ្វើ​ដោយ​ទ្រង់ទ្រាយ​ធំ​ឡើយ ហើយក៏​មិនត្រូវ​ប្រព្រឹត្ត​ល្បែងស៊ីសង​ដែរ ប្រយ័ត្ន​តែ​ភ្លាត់ស្នៀត​វិនាស​អន្តរាយ​ទ្រព្យ​អស់រលីង​ពី​ខ្លួន ។ ក្នុង​រយៈពេល​នេះដែរ​បើ​លោកអ្នក​មានដំណើរ​ទៅណា​មក​ណា​ត្រូវ​យកចិត្តទុកដាក់​ចំពោះ​សុវត្ថិភាព​ផ្ទាល់ខ្លួន ជាពិសេស​ចំពោះ​ស្ត្រីភេទ​មិន ត្រូវ​ដើរ​ផ្លូវ​ឆ្ងាយ ឬ ផ្លូវ​ស្ងាត់​ដាច់​សង្វែង​តែម្នាក់ឯង​ឡើយ ប្រយ័ត្ន​អាច​ជួប​គ្រោះអាក្រក់ បង់​ទាំ​ទ្រព្យ បង់​ទាំង​កាយ ។ ចំពោះ​អ្នកបើកបរ​យានយន្ត​គ្រប់​ប្រភេទ តោង​មាន​ស្មារតី​ប្រុងប្រយ័ត្ន​ជាប់​ជានិច្ច ព្រោះ​គ្រោះថ្នាក់​មាន​គ្រប់​វិនាទី ។​ចំពោះ​គូ​ស្នែ​ហ៍ ជួប​រឿង​រកាំរកូស​ច្រើន ។​

​ឆ្នាំថោះ​
​រាសី​ល្អជា​មធ្យម ការងារ​រកស៊ី​ជួញដូរ​រីកចម្រើន​លូតលាស់​ទៅមុខ​ដោយ​សន្សឹមៗ ។ ក្នុង​រយៈពេល​នេះ ការងារ និង ការរកស៊ី​ជួញដូរ​ពិតមែនតែ​ងើបឡើង​បន្តិច​វិញ​ក្តី តែ​ប្រសិនបើ​បាន​ជួប​ឱកាសល្អ​ខ្លះៗ​ដាច់ខាត​មិនត្រូវ​មានចិត្ត​អន្ទះអន្ទែង​ពេក​ទេ ហើយ​រឹតតែ​មិនត្រូវ​ប្រើ​ដើមទុន​ធំ​សម្រាប់​បណ្តាក់ទុន​រកស៊ី​លើ​មុខរបរ​ណា​ដែល​មិនទាន់​ស្គាល់​ច្បាស់លាស់ និង មាន​ភាពស្រពេចស្រពិល​នៅឡើយ ដើម្បី​ចៀសវាង​ការ​ថ្លោះធ្លោយ នាំ​ឲ្យ​បង់ខាតទ្រព្យ​ឥតអំពើ ។ ក្នុង​រយៈពេល​នេះដែរ​បើ​មាន​មនុស្ស​សម្តី​ផ្អែម​ត្រជាក់​មក​ធ្វើជា​ធ្នាក់​ទាក់ទង​លោកអ្នក​ឲ្យ​រួមការ​ងារ ឬ បបួល​រកស៊ី​ចូល​ហ៊ុន​ជាមួយ តោង​ចេះ​ត្រិះរិះ​ពិចារណា​ឲ្យ​បាន​ល្អិតល្អន់ ទើប​មិន​ធ្លាក់​ចូលក្នុង​ល្បិចកល​គេ ។ ចំពោះ​គូ​ស្វាមីភរិយា​ប្រយ័ត្ន​មាន​អ្នក​ក្រៅ​នាំ​រឿង​មក​អុជអាល ។

​ឆ្នាំរោង​
​រាសី​ឡើង​ខ្ពស់ត្រដែត ការងារ​រកស៊ី​ជួញដូរ​មានការ​រីកចម្រើន​លូតលាស់​ទៅមុខ​ជា​លំដាប់ ។ ក្នុង​រយៈពេល​នេះ​ទោះជា​លោកអ្នក​ប្រកបការងារ​អ្វី​ក៏ដោយ​គឺ​ត្រូវ​ញាប់ដៃ​ញាប់ជើង​បន្តិច ទើប​ផល​ចំណូល​មិន​បោល​ហួស​ធ្លាក់​ដល់ដៃ​អ្នកដទៃ ។ លោកអ្នក​អាច​បណ្តាក់ទុន​រកស៊ី ឬ ចេញទៅ​ជួញដូរ​ផ្លូវ​ឆ្ងាយ​មិន​ថា​ផ្លូវគោក ឬ ផ្លូវទឹក​ឡើយ​គឺ​សមប្រកប​ទាំងអស់ ។ នៅតាម​ផ្លូវ​ធ្វើដំណើរ​ចូរ​កុំ​ឈ្លក់​វង្វេង​នឹង​បន​ល្បែង​ស្រី​ស្រា​ឲ្យ​សោះ ប្រយ័ត្ន​កើតរឿង​រ៉ាវ​អាច​បង់ខាត​លាភសក្ការៈ​វិញ ។ ក្រៅពីនោះ​លោកអ្នក​ក៏​ជាម​នុស្ស​ពូកែ​ខាង​សម្តី​វោហារ​ម្នាក់​ដែរ​ព្រោះ​បើទោះជា​បាន​និយាយស្តី​អ្វី​ក៏មាន​គេ​ចូលចិត្ត​ស្តាប់ និង ត្រងត្រាប់​ធ្វើតាម​បង្គាប់បញ្ជា​ទៀតផង ។ ចំពោះ​គូ​ស្វាមីភរិយា​មាន​ភាព​ល្អូកល្អិន​ល្អ​ណាស់ ។​

​ឆ្នាំម្សាញ់​
​រាសី​ស្រុតចុះ​ខ្លាំង ការងារ​រកស៊ី​ជួញដូរ​ជួបនឹង​បញ្ហាលំបាកៗ​ច្រើន ។ ក្នុង​រយៈពេល​នេះ​ទោះជា​លោកអ្នក​ប្រកបការងារ​អ្វី​ក៏ដោយ​ចូរ​មាន​ស្មារតី​ប្រុងប្រយ័ត្ន​ជាប់​ជានិច្ច ជាពិសេស​ចំពោះ​អ្នក​ដែល​ប្រកបការងារ​នៅ​ទី​ខ្ពស់ ចូរ​ប្រយ័ត្ន​ក្រែង​ជួប​គ្រោះ​របូតដៃ​រអិល​ជើង​ធ្លាក់ នាំ​ឲ្យ​រងរបួស​ពិការ​រហូត​អាច​បាត់បង់​អាយុសង្ខារ​ទៀតផង ។ ក្នុង​រយៈពេល​នេះដែរ​មុននឹង​លោកអ្នក​សេពគប់​ជាមួយ​មិត្តភក្តិ ឬ រួម​ការងារ​ជាមួយនឹង​អ្នកណាម្នាក់ តោង​ចេះ​សង្កេតមើល​សមាសភាព​ម​នុស្ស​ល្អ និង អាក្រក់​ឲ្យ​បានច្បាស់លាស់ ទើប​មិន​នាំ​អំពល់ទុក្ខ​ដាក់ខ្លួន ។ ក្រៅពីនោះ​បើ​លោកអ្នក​មានការ​ជួបជុំ​មិត្តភក្តិ​ផឹកស៊ី​សប្បាយ​ក្អាកក្អាយ ចូរ​កុំ​សប្បាយ​ជ្រុល​ភ្លេចខ្លួន ប្រយ័ត្ន​សប្បាយ​ក្លាយជា​ទុក្ខ ។ ចំពោះ​គូស្នេហ៍​ជួប​រឿង​រកាំរកូស​ច្រើន ។​

ឆ្នាំមមី​
​រាសី​ឡើង​ខ្ពស់ត្រដែត ការងារ​រកស៊ី​ជួញដូរ​បាន​កាក់កប​ល្អ​ណាស់ ។ ក្នុង​រយៈ​ពេលនេះ​ឱកាសល្អៗ​បានមក​ដល់​ហើយ លោកអ្នក​ត្រូវ​រវៀសរវៃ​ញាប់ដៃ​ញាប់ជើង​បន្តិច ព្រោះ​ពេលវេលា​ជា​មាសប្រាក់ ធ្វើ​ច្រើន​បាន​ច្រើន តែ​លៃលក​យ៉ាងណា​ចូរ​កុំ​មានចិត្ត​លោភលន់​ឲ្យ​សោះ ប្រយ័ត្ន​កើតរឿង​រ៉ាវ បង់ខាត​លាភសក្ការៈ​វិញ ។ ក្នុង​រយៈពេល​នេះដែរ បើ​មាន​បងប្អូន​ញាតិមិត្ត​ស្កាត់​មក​បបួល​រកស៊ី​ចូល​ហ៊ុន ចូរ​កុំ​បដិសេធ​ឲ្យ​សោះ ព្រោះ​ជា​ដៃគូ​រកស៊ី​ដែលមាន​ចិត្តត្រង់​ទៅ​ត្រង់​មក តែ​លៃលក​យ៉ាងណា​ត្រូវ​ចេះ​បែងចែក​ផលចំណេញ​ឲ្យ​សមចិត្ត​យើង​ចិត្ត​គេ ទើប​ការរកស៊ី​ចូល​ហ៊ុន​គ្នា​បាន​សុខ​យូរអង្វែង ។ ចំពោះ​គូ​ស្វាមីភរិយា​ក្នុង​រយៈពេល​នេះ​មាន​សុភមង្គល និង ភាពសុខដុមរមនា​នៅក្នុង​គ្រួសារ ។​

​ឆ្នាំមមែ​
​រាសី​ល្អជា​មធ្យម ការងារ​រកស៊ី​ជួញដូរ​បាន​កាក់កប​ល្អ​គ្រាន់បើ ។ ក្នុង​រយៈពេល​នេះ​ទោះជា​លោកអ្នក​ប្រកបការងារ​អ្វី​ក៏ដោយ ចូរ​កុំ​ធ្វេសប្រហែស​ឲ្យ​សោះ ជាពិសេស​ចំពោះ​អ្នកជំនួញ​ជួញដូរ​មុនពេល​ប្រគល់ ឬ ទទួល​នូវ​មុខទំនិញ​សព្វសារពើ ចូរ​ចេះ​ពិនិត្យមើល​គុណភាព និង រាប់​ចំនួន​ឲ្យ​បានច្បាស់លាស់​ទើប​មិន​ចាញ់បោក​គេ ។​ក្នុង​រយៈពេល​នេះដែរ​បើ​លោកអ្នក​បាន​ទៅ​ចូលរួម​នៅក្នុង​ពិធី​បុណ្យទាន ឬ ពិធីជប់លៀង​ផ្សេងៗ តោង​ចេះ​រៀប​ឫក​មារយាទ​ឲ្យ​បាន​សមរម្យ និង សម្តីសំដៅ​ឲ្យ​ពីរោះពិសា ទើប​មិន​អាប់ឱន​កិត្តិយស ។ ក្រៅពីនោះ លោកអ្នក​មិនត្រូវ​មានចិត្ត​លោភលន់​ដោយ​ចង់មានចង់បាន​ឲ្យ​ហួសប្រមាណ​ពេក​ទេ ប្រយ័ត្ន​កើតរឿង​រ៉ាវ ។ ចំពោះ​គូ​ស្វាមីភរិយា​ប្រយ័ត្ន​មាន​អ្នក​ក្រៅ​នាំ​រឿង​មក​អុជអាល ។​

​ឆ្នាំវក​
​រាសី​ស្រុតចុះ​ខ្លាំង ការងារ​រកស៊ី​ជួញដូរ​ជួប​រឿង​រកាំរកូស​ច្រើន ។ ក្នុង​រយៈពេល​នេះ​ចំពោះ​បុគ្គលិក កម្មករ ដែល​បម្រើ​ការងារ​នៅតាម​ក្រសួង មន្ទីរ ក្រុមហ៊ុន ឬ រោងចក្រ​នានា តោង​ចេះ​រំងាប់​ចិត្ត​ឲ្យ​បាន​ត្រជាក់ ដាច់ខាត​មិនត្រូវ​បង្ករឿង​ឈ្លោះប្រកែក​ជាមួយ​ចៅហ្វាយនាយ ឬ ថៅកែ​ឡើយ ពុំ​នោះទេ​អាច​បាត់បង់​តួនាទី និង កន្លែងធ្វើការ​ជាក់​ជាមិនខាន ។ ចំពោះ​បុរស​ហាម​បង្ករឿង​ឈ្លោះប្រកែក​ជាមួយ​ស្ត្រីភេទ ប្រយ័ត្ន​ប្រុស​ប្រកែក​ស្រី​ប្រកាន់ ។ ក្នុង​រយៈពេល​នេះដែរ​បើ​លោកអ្នក​និយាយស្តី​អ្វី តោង​ចេះ​ប្រយ័ត្ន​មាត់ក​បន្តិច ព្រោះ​កាលបើ​មាន​ពាក្យសម្តី​និយាយ​ជ្រុលជ្រួស​ប៉ះ​សិទ្ធិ​អ្នកដទៃ​តែ​បន្តិច អាច​បង្ក​ជា​ជម្លោះ​ចៀស​មិន​ផុត​ឡើយ ។ ចំពោះ​គូស្នេហ៍​ប្រយ័ត្ន​មាន​ជន​ទី​៣​ចូល​ជ្រៀតជ្រែក ។​

​ឆ្នាំរកា​
​រាសី​ល្អជា​មធ្យម ការងារ​រកស៊ី​ជួញដូរ​មានការ​រីកចម្រើន​លូតលាស់​ទៅមុខ​ដោយ​សន្សឹមៗ ។ ក្នុង​រយៈពេល​នេះ ជួញ​ជិត​ល្អ​ជាង​ជួញ​ឆ្ងាយ ព្រោះ​ការចេញ​ដើរ​ផ្លូវ​ឆ្ងាយ បើ​មិនបាន​ជួបនឹង​គ្រោះអាក្រក់ៗ​ទេ​ក៏​នឹង​បានត្រឹមតែ​បាតដៃ​ទទេ និង នាំ​រឿង​ក្តៅក្រហាយ​ត្រឡប់​ចូល​ផ្ទះ​វិញ​ប៉ុណ្ណោះ ។ ក្នុង​រយៈពេល​នេះដែរ​លោក​អ្នក​មិនត្រូវ​ប្រគល់​កិច្ចការ​សំខាន់ៗ​ឲ្យ​គេ​កាន់កាប់​ជំនួស​ឡើយ ប្រយ័ត្ន​គេ​កិបកេង​យក​ផលចំណេញ​អស់ ។ ក្រៅពីនោះ​លោកអ្នក​មិន​ត្រូវយក​ខ្លួន​ទៅ​ធានា​រឿង​របស់​អ្នកដទៃ​ឡើយ ។ ប្រយ័ត្ន​ធ្វើ​គុណ​បាន​ទោស និង អាច​នាំ​អំពល់ទុក្ខ​ដាក់ខ្លួន​ទៀតផង​។ បើ​លោកអ្នក​មានដំណើរ​ចេញទៅ​កម្សាន្ត​នៅតាម​មាត់សមុទ្រ ទន្លេ បឹងបួ តោង​ប្រយ័ត្ន​ក្រែង​ជួប​គ្រោះ​លង់ទឹក ។ ចំពោះ​គូស្នេហ៍​មាន​ភាពស្និទ្ធស្នាល​ដូច​ប្រក្រតី ។​

​ឆ្នាំច​
​រាសី​ឡើង​ខ្ពស់ត្រដែត ការងារ​រកស៊ី​ជួញដូរ​រីកចម្រើន​លូតលាស់​ទៅមុខ​ជា​លំដាប់ ។ ក្នុង​រយៈពេល​នេះ​ទោះជា​លោកអ្នក​ប្រកបការងារ​អ្វី​ក៏ដោយ​ក៏​អាច​បាន​ទទួលផល​សម្រេច​សម​តាម​បំណងប្រាថ្នា​ទាំងអស់ ព្រមទាំង​ត្រូវបាន​បងប្អូន​ញាតិសន្តាន​ជួយ​ជ្រោមជ្រែង​យ៉ាង​ពេញទំហឹង​ទៀតផង ។ ចំពោះ​បុគ្គលិក កម្មករ​ដែល​បម្រើការ​ងារ​នៅតាម​ក្រសួង មន្ទីរ ក្រុមហ៊ុន ឬ រោងចក្រ​នានា​នឹង​ទទួលបាន​ការកោតសរសើ​រ និង ជឿទុកចិត្ត​ពី​ចៅហ្វាយនាយ ឬ ថៅកែ ព្រមទាំង​បានប្រគល់​នូវ​តួនាទី និង កិច្ចការ​សំខាន់ៗ​ឲ្យ​លោកអ្នក​កាន់កាប់​ជំនួស​ទៀតផង ។ ក្នុង​រយៈពេល​នេះដែរ​លោក​អ្នក​មិន​ត្រូវមាន​អំនួត​អួត​ក្អេងក្អាង​ឡើយ ប្រយ័ត្ន​អាច​កាត់បន្ថយ​មិត្ត និង បង្កើន​សត្រូវ ។ ចំពោះ​គូស្នេហ៍​មាន​ភាព​ល្អូកល្អិន​ល្អ​ណាស់ ។

​ឆ្នាំកុរ​
​រាសី​ល្អជា​មធ្យម ការងារ​រកស៊ី​ជួញដូរ​កាក់កប​ល្អ​គ្រាន់បើ ។ ក្នុង​រយៈពេល​នេះ​ទោះជា​លោកអ្នក​ប្រកបការងារ​អ្វី​ក៏ដោយ​ចូរ​កុំ​ធ្វេសប្រហែស​ឲ្យ​សោះ ជាពិសេស​មុនពេល​ចុះហត្ថលេខា ឬ ផ្តិត​ស្នាម​មេដៃ​លើ​លិខិតស្នាម​ផ្សេងៗ តោង​ចេះ​ពិនិត្យពិច័យ​ឲ្យ​បាន​ល្អិតល្អន់ ទើប​មិន​មានការ​ភ្លាំងភ្លាត់ និង មិន​បង់ខាត​ផលប្រយោជន៍​ឥតអំពើ ។ ក្នុង​រយៈពេល​នេះដែរ​មុននឹង​លោកអ្នក​រួមការ​ងារ ឬ រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកណាម្នាក់ តោង​ចេះ​ត្រិះរិះ​ពិចារណា​ឲ្យ​បានច្បាស់លាស់ ទើប​មិន​ចាញ់ល្បិច​កល​គេ នាំ​ឲ្យ​បង់ខាតទ្រព្យ​ឥតអំពើ ។ ក្រៅពីនោះ ពិតមែន​តែមាន​ផល​ចំណូល​ហូរ​ចូល​ច្រើន​គួរសម​ក្តី តែ​មិនមាន​សល់​អ្វី​ជា​ដុំកំភួន​ឡើយ ព្រោះ​ខ្ទង់ចំណាយ​ធំ​ជាង​ខ្ទង់​ចំណូល ។ ចំពោះ​គូ​ស្វាមីភរិយា​មាន​ភាពសុខដុមរមនា ៕

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច