វិធី​ថែរក្សា​សក់​ឱ្យ​ទន់ និង ​រលោង​ដូច​សរសៃសូត្រ

សក់ដែលមានសុខភាពល្អមានសណ្ឋានទន់និងរលោងដូចសរសៃសូត្រ ។ ប្រសិនបើសក់របស់អ្នកស្ងួតបែកចុងអាចបណ្តាល មកពីបាត់បង់ជាតិប្រេងដែលធ្លាប់មានសម្រាប់ផ្តល់សំណើមដល់សរសៃសក់។ សក់ខូចបែបនេះពិតជាមិនល្អទាំងសម្រស់ និងសុខភាពសក់ ប៉ុន្តែមិនពិបាកព្យាបាលទេ។ សូមសាកល្បងវិធីខាងក្រោម!

វិធីទី១ : ម៉ាសសក់
១. ប្រើម៉ាយ៉ូណេសលាបសក់ឱ្យសព្វគ្រប់មួកប្លាស្ទិកកន្លះម៉ោងរួចលាងចេញដោយប្រើទឹកក្តៅឩណ្ហៗ បន្ទាប់មកកក់សក់នឹងសាប៊ូ និងសាប៊ូបន្ទន់ ។
២. ម៉ាស្សាខ្លាញ់ស៊ុតលើស្បែកក្បាលទុកចោលមួយយប់និងធ្វើ២ដងក្នុងមួយសប្តាហ៍ ។
៣. ម្សៅចាហួយ(Gelatin) : លាយម្សៅចាហួយ១ស្លាបព្រាបាយជាមួយទឹកក្តៅឧណ្ហៗ ១ស្លាបព្រាបាយ សម្រាប់លាបលើសក់ទុកចោល១០នាទី លាងចេញ រួចកក់សក់ និងប្រើសាប៊ូបន្ទន់ដូចធម្មតា ។
៤. ផ្ការំយោល : យកស្លឹកផ្ការំយោលកិនក្នុងម៉ាស៊ីនរហូតដល់ម៉ដ្ឋប៉ិៗ សម្រាប់លាបលើសក់ជាពិសេសបរិវេណស្បែកក្បាល និងឬសសក់ ។ ទុកចោល ៣០នាទី មុននឹងលាងចេញដោយប្រើទឹកក្តៅឧណ្ហៗ រួចកក់សក់ជាធម្មតា ។

វិធីទី ២ : ប្រទាលកន្ទុយក្រពើ
ប្រទាលកន្ទុយក្រពើជារុក្ខជាតិប្រសើរសម្រាប់សក់ ។ អ្នកអាចយកជែលប្រទាលកន្ទុយក្រពើលាបសក់ ម៉ាស្សាគល់សក់ ដោយប្រើចុងម្រាមដៃទុកចោលយ៉ាងតិច ២ម៉ោងមុននឹងលាងចេញ។ គួរធ្វើជាទៀងទាត់មុនពេលកក់សក់និងប្រើសាប៊ូបន្ទន់ ។

វិធីទី ៣ : ផ្លែឈើ
១. ផ្លែប៊ឺ និងចេក : ត្រូវប៉ន់ផ្លែប៊័រ១ផ្លែ និងចេក១ ផ្លែចូលគ្នាឱ្យសព្វសាច់សម្រាប់ម៉ាស្សាសក់រួចប្រើមួកផ្លាស្ទិក ពាក់ រយៈពេល ១ម៉ោង ទើបអាចលាងចេញបាន ។ វិធីនេះអាចកែខៃបញ្ហាសក់ស្ងួតបែកចុងបាន ។
២. ផ្លែប៊័រ និងស៊ុតក្រហម : ប្រើម៉ាស៊ីនក្រឡុកផ្លែប៊័រ និងស៊ុតក្រហមចូលគ្នាឱ្យម៉ដ្ឋ សម្រាប់លាបលើសក់ ទុកចោល ៣០នាទី ទៅ ៤៥នាទី មុននឹងលាងចេញដោយប្រើទឹកត្រជាក់ ។
៣. ផ្លែប៉ោមស្ងោរ : យកផ្លែប៉ោម១ ទៅ ២ ផ្លែស្ងោររហូតទន់រួចស្រង់យកមកប៉ន់ឱ្យម៉ដ្ឋទុកឱ្យត្រជាក់ សម្រាប់ ស្រលាបលើសក់ ទុកចោល ៣០នាទីទើបអាចលាងចេញហើយប្រើសាប៊ូកក់សក់និងបន្ទន់សក់ជាក្រោយ ។

វិធីទី ៤ : ស៊ុត
វិធីនេះជួយឱ្យសរសៃសក់ទន់ ដោយគ្រាន់តែយកស៊ុតក្រហម៣គ្រាប់ លាយជាមួយប្រេងអូលីវ១ស្លាបព្រាបាយ និងទឹកឃ្មុំ១ស្លាបព្រាបាយ សម្រាប់ឱ្យសព្វលើសក់ គ្រប់មួកផ្លាស្ទិក ទុកចោលប្រមាណ ៣០នាទី ទើបអាចលាងចេញបាន រួចប្រើសាប៊ូកក់សក់ និងសាប៊ូបន្ទន់ជាក្រោយ។ ពុំគួរប្រើទឹកក្តៅឧណ្ហៗទេ ព្រោះស៊ុតអាចប្រែជាឆ្អិនដោយអន្លើ ហើយពិបាកនឹងលាងចេញ។

វិធីទី ៥ : ស្រាបៀរ
ស្រាបៀរ? មែនហើយគឺស្រាបៀរ! ស្រាបៀរជួយឱ្យសរសៃសក់ភ្លឺរលោង មានវីតាមីនបេ ផូស្វ័រ និងសារធាតុរ៉ែផ្សេងៗជំនួយដល់សក់។ អ្នកត្រូវចាក់ស្រាបៀរចូលក្នុងដបដែលអាចបាញ់បានដូចស្រា្ពយ៍ ហើយបាញ់នៅពេលទើបងូតទឹករួច។ ប្រសិនបើអ្នកប្រើម៉ាស៊ីនផ្លុំសក់ នោះក្លិនបៀរនឹងឆាប់បាត់ពីសរសៃសក់។

វិធីទី ៦ : ទម្លាប់ថែសក់ជាប្រចាំ
១. មិនត្រូវកក់សក់រាល់ថ្ងៃទេ វាធ្វើឱ្យបាត់បង់ប្រេងធម្មជាតិនៃសក់ ដូចនេះ គួរកក់តែ១ ទៅ២ក្នុងមួយសប្តាហ៍ គ្រប់គ្រាន់ហើយ។
២. កុំលាបពណ៌សក់ ព្រោះការលាបពណ៌នឹងធ្វើឱ្យសុខភាពសរសៃសក់ចុះខ្សោយ និងខូច ប្រែជាស្ងួត ស្រអាប់ និងមិនរស់រវើកទេ ។
៣. កាត់បន្ថយ ឬឈប់ប្រើឧបករណ៍កម្តៅ ដូចជា ម៉ាស៊ីនផ្លុំ ម៉ាស៊ីនកៀបត្រង់ កឹប ឬមូលរួញ ព្រោះវាងាយនឹងធ្វើឱ្យសក់បែកចុង ស្ងួត ស្រួយ ខូច និងគ្មានសភាពរលោងទេ។
៤. ទទួលទានថ្នាំវីតាមីនបំប៉នសក់ ដូចជា អូមេហ្គា៣ វីតាមីនអ៊ី និងពងត្រីផូស្វ័រលីពីត ដើម្បីជំនួយឱ្យសក់ភ្លឺ និងលូតលាស់ល្អ។
៥. ច្រឹបចុងសក់ ដែលបែកចុងចោល ៖ សក់ខូច និងស្ងួតច្រើនជួបបញ្ហាបែកចុង ដូចនេះ ម្តងម្តាល គួរកុំភ្លេចតម្រឹមសក់។

វិធីទី ៧ : ការព្យាបាលដោយប្រើប្រេង
១. លាបប្រេងឱ្យសព្វសក់នៅពេលយប់ អាចជាប្រេងអូលីវ ឬខ្លាញ់ស៊ុត រួចពាក់មួកផ្លាស្ទិក ឬរុំកន្សែងពោះគោ ហើយកុំភ្លេចម៉ាស្សាសក់ដល់ស្បែកក្បាល ឬគល់សក់ ទុកមួយយប់ និងលាងចេញនៅពេលព្រឹកដោយប្រើសាប៊ូកក់សក់។
២. ប្រើវិធីកម្តៅប្រេង មុននឹងយកមកម៉ាស្សាស្បែកក្បាល និងសក់។ វិធីនេះអាចប្រើប្រេងអាល់ម៉ុន អូលីវ ឬប្រេងធម្មជាតិផ្សេងៗ បានដូចគ្នា ។

វិធីទី ៨ : ទឹកខ្មេះ
ទឹកខ្មេះ អាចប្រើជំនួយសាប៊ូបន្ទន់សក់បាន ហើយមានប្រសិទ្ធភាពដូចគ្នា។ អ្នកគ្រាន់តែលាយទឹកខ្មេះផ្លែប៉ោមកន្លះពែង ជាមួយទឹកក្តៅឧណ្ហៗកន្លះពែង ច្រកដប់សម្រាប់បាញ់សក់ បន្ទាប់ពីកក់រួចហើយ ទុកចោលប្រមាណ ១០នាទី រួចលាងចេញដោយមិនចាំបាច់កក់សក់ម្តងទៀតទេ។ វិធីនេះ ជួយឱ្យសក់ភ្លឺរលោង និងកាត់បន្ថយអង្គែ ប៉ុន្តែ គួរធ្វើមិនលើសពី ២ ដងក្នុង១ឆ្នាំ ពុំនោះទឹកខ្មេះអាចធ្វើឱ្យសក់ខូចបាន ៕ លក្ខិណា

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច