ប្រយោគ ៤ ឃ្លា ឪពុកម្តាយគួរឈប់ប្រើ ពេលនិយាយមកកាន់កូន

ខួរក្បាល​របស់​កុមារ​ងាយ​នឹងរង​ការប៉ះពាល់ ឧទាហរណ៍​ងាយ​យល់​មួយ គឺ​កូនប្រុស​អាយុ ១០ ឆ្នាំ អាចនឹងទទួល​អារម្មណ៍​ឈឺចិត្ត និង មាន​សម្ពាធ​ជាង​ឪពុក​របស់ខ្លួន នៅពេល​ជួបនឹង​ស្ថានភាព​បញ្ហា​ដូចគ្នា ។ មនុស្ស​ធំ​ភាគច្រើន​តែង​ប្រៀប​ចិត្ត​គេ​មក​ខ្លួនឯង ប៉ុន្តែ​ភ្លេច​គិតថា កូនក្មេង​មិនមែនជា​មនុស្ស​ធំ​ទេ ដូចនេះ​គួរ​គិត​ផង​ថា តើ​ក្មេង​អាច​ទ្រាំ​នឹង​សម្ពាធ​ផ្លូវ​ចិត្តបាន​កម្រិតណា ។

អ្នក​ចិត្ត​វិទ្យា​បានធ្វើ​ការប្រៀបធៀប​ខួរក្បាល​កុមា​រថា វា​មាន​លក្ខណៈ​ទន់ជ្រាយ​ដូចជា​ដីឥដ្ឋ ងាយ​នឹង​ផ្តិត​ជាប់ និង ដិតដាម​ពី​បរិស្ថាន​ជុំវិញខ្លួន តួយ៉ាង ឪពុកម្តាយ​គ្រាន់តែ​និយាយ​ពាក្យ​គ្រោតគ្រាត​លេងសើច​ប៉ុណ្ណោះ ប៉ុន្តែ​សម្រាប់​ក្មេង​តូច គេ​អាច​នឹងមិន​សប្បាយចិត្ត ឬ ភ័យ​រហូតដល់​យំ ហើយ​ចងចាំ​ទុក​ច្រើន​ឆ្នាំ​ទៀតផង ។

ហេតុនេះ​អ្វីដែល​ឪពុកម្តាយ​គួរ​យកចិត្តទុកដាក់ គឺ​ការប្រើ​ពាក្យពេចន៍​ទៅកាន់​កូន​របស់ខ្លួន ដើម្បី​កុំឱ្យ​ប៉ះពាល់​ដល់​ការវិវត្ត​ចិត្តសាស្ត្រ​របស់​កុមារ​តាំងពី​តូច រហូតដល់​ពេញវ័យ ។ ខាងក្រោម​ជា​ប្រយោគ​ដែល​ឪពុកម្តាយ​ប្រើ​ញឹកញាប់​ភ្លេចខ្លួន ប៉ុន្តែ​ជះឥទ្ធិពល​អាក្រក់​ដល់​ផ្លូវចិត្ត​កូនតូច ៖

១ – «​កុំ​ប៉ិន​រករឿង​ពេក​ណា !»
​អ្នក​ចិត្ត​វិទ្យា​កុមារ​បាន​ប្រាប់​ឱ្យដឹងថា ប្រព័ន្ធ​ប្រសាទ​របស់​កុមារ​ភាគច្រើន​ប្រៀបដូចជា​ក្រដាស​ស​ស្អាត ងាយ​នឹង​ផ្តិត​ជាប់​រូបភាព​អ្វីមួយ​យ៉ាង​ងាយ ឬ និយាយបានថា ងាយ​នឹង​ទទួល​អារម្មណ៍​ប្រតិកម្ម​តប​ទៅនឹង​រឿង ឬ ហេតុការណ៍​អ្វីមួយ ដូចជា ឆាប់​ខឹង ញ៉ិ​ញ៉​ក់ ឆាប់​អន់ចិត្ត ឆាប់​សប្បាយ ។ ឪពុកម្តាយ​ច្រើនតែ​បង្កើត​កំហុស​ដោយ​មិនដឹង​ខ្លួន នៅពេល​ព្យាយាម​បំបាត់​អារម្មណ៍​បរិសុទ្ធ​របស់​ក្មេង ។ ការ​ស្តាប់ និង ទទួលយក​ពាក្យ​ទាំងនេះ យូរៗ​ទៅធ្វើ​ឱ្យ​គីមី​ខួរក្បាល​របស់​កុមារ​កាត់បន្ថយ​នូវ​សមត្ថភាព​យោគយល់ និង ការយល់​ពី​អារម្មណ៍​របស់​អ្នកដទៃ ពោលគឺ​មិន​ខុសពី​ការមិន​យល់ចិត្ត​ដែល​ឪពុកម្តាយ​ធ្វើ​ដាក់​កូន​ទេ ។ ដូចនេះ​អ្នក​ចិត្ត​វិទ្យា​ណែ​នាំឱ្យ​ឪពុកម្តាយ​ស្តាប់ និង ព្យាយាម​យល់​ពី​អារម្មណ៍​របស់​កូន ទោះជា​ញឹកញាប់​វា​មាន​ភាពមិន​សម​ហេតុផល​ក៏ដោយ ។

Image may contain: 1 person, sitting

២ – «​ជីវិត​វា​អ៊ីចឹង​ហើយ !»
​ឧទាហរណ៍ : នៅពេល​ឃើញ​កូន​មុខ​ស្រពាប់​ស្រពោន​ដោយសារ​ត្រូវ​គ្រូ​ស្តីបន្ទោស ឪពុក​ក៏​និយាយថា «​វា​អ៊ីចឹង​ហើយ !» ។ ប្រយោគ​នេះ ហាក់​មានន័យថា «​គ្រាន់តែ​រឿង​ប៉ុណ្ណឹង​គ្មានអ្វី​អស្ចារ្យ​ទេ !» ហើយ​វា​នឹងមិន​ខុស​ទេ​បើ​និយាយ​ទៅកាន់​កូន​ធំ​អាយុ ២៥ ឆ្នាំ ។ ផ្ទុយទៅវិញ​ខួរក្បាល​កុមារ​ខុសពី​មនុស្ស​ធំ ការនិយាយ​បែបនេះ​អាច​នឹងធ្វើ​ឱ្យ​កូន​មាន​អារម្មណ៍​ថា ខ្លួន​ខុស ខកចិត្ត និង ស្មុគស្មាញ ។ ជំនួស​ដោយ​ពាក្យ​ប​ន្ទុ​ច​បង្អាក់​បែបនេះ ឪពុកម្តាយ​គួរ​លើកទឹកចិត្ត​កូន ហើយ​ឱ្យ​តម្លៃ​នូវ​អ្វីដែល​កូន​បាន​ប្រឹងប្រែង ដើម្បី​ជា​កម្លាំងចិត្ត​ឱ្យ​កូន​តស៊ូ​ម្តងទៀត និង ចាប់ផ្តើម​ជាថ្មី ។

Image may contain: 1 person

៣ – «​ប្រាប់​ឱ្យធ្វើ​អី ធ្វើ​ហ្នឹង​ទៅ កុំ​តវ៉ា​ច្រើន ! »
​ឧទាហរណ៍ : កូន​ប្រកែក​មិន​ព្រម​ចូល​គេង​ម៉ោង ៨ ហើយ​សួរថា «​ម៉េច​បានកូន​ត្រូវ​ចូល​គេង​ឥឡូវ ?» ម្តាយ​ក៏​ឆ្លើយថា «​កុំ​សួរ​ច្រើន ម៉ាក់​ឱ្យ​គេង​ត្រូវតែ​គេង​» ។ ការឆ្លើយតប​បែបនេះ ពិតជា​ខុសឆ្គង​ខ្លាំងណាស់ ពីព្រោះ​ម្តាយ​ផ្តល់នូវ​បរិយាកាស​បង្ខិតបង្ខំ ដោយ​មិន​អើ​ពី​ពី​ការ​ចង់ដឹង​ចង់​យល់​របស់​កូន​។ សាក​គិត​ទៅ​មើល៍ តើ​កុមារ​នឹង​គិត​អ្វី​នៅក្នុង​ចិត្ត នៅពេល​បានឮ​ចម្លើយ​របស់​ម្តាយ ? ប្រាកដ​ណាស់ ក្មេង​នឹង​រៀន​ឆ្លើយ​សំណួរ​នេះ​ដោយ​ខ្លួនឯង ហើយ​ចម្លើយ​នោះ​គឺ​ស្តែង​ពី​ភាព​ផ្តាច់ការ​របស់​ម្តាយ ។ មួយវិញទៀត កុមារ​នឹងមាន​ការ​ខូចចិត្ត ហើយ​សួរ​ខ្លួនឯង​ថា ហេតុអ្វី​ម្តាយ​មិន​ឆ្លើយ ? ការពិត ការចូល​គេង​ពី​ក្បាល​ព្រលប់​ជា​ទម្លាប់​ល្អ ហើយ​ម្តាយ​គួរតែ​ប្រាប់​ឱ្យ​ក្មេង​បាន​យល់ ទោះជា​កូនតូច​ក្មេង​ពេក មិនអាច​យល់ ក៏​ត្រូវតែ​ព្យាយាម​ពន្យល់ តិច ឬ ច្រើន យូរៗ​ទៅ​កូន​នឹង​បាន​យល់ ហើយ​មនោសញ្ចេតនា​រវាង​ម្តាយ​-​កូន​ក៏​នឹង​កាន់តែ​ល្អ ។

៤ – «​ឈប់​និយាយ​ទៅ !»
​ឪពុកម្តាយ​ក៏​ដឹង​ច្បាស់​ដែរ​ថា ក្មេង​ពិតជា​ឆាប់​ចាប់បាន​នូវ​អ្វីដែល​ថ្មី​ខ្លាំងណាស់ ដូចគ្នា​ទេ នៅពេល​ស្រែក​ដាក់​កូន​ថា «​ឈប់​និយាយ​!» ឬ​អាក្រក់​ស្តាប់​ជាង​នេះ «បិតមាត់​ភ្លាម ​!» កូន​នឹង​ទទួល​អារម្មណ៍​អាម៉ាស់ ហើយ​រៀន​ចេះ​មើលងាយ និង​ប្រើពាក្យ​ជេរប្រមាថ​ ។ ​ការមើល​ថែកូន​តូច គួបផ្សំ​នឹង​ការបំពេញ​ការងារ​ប្រចាំថ្ងៃ ពិតជា​មាន​ភាព​នឿយហត់ និង ​ធុញទ្រាន់ ហើយ​នៅពេល​ទ្រាំ​មិនបាន​ក៏​ភ្លាត់មាត់​ម្តងម្កាល តែ​ទោះយ៉ាងណា​អ្នក​គួរប្រើ​វិធី​ផ្សេង​មក​បញ្ឈប់​កូន ដូចជា​និយាយថា «​ឈប់​ច្រៀង​ទៅបាន​ទេ ! ម៉ាក់​ហត់​ណាស់ ម៉ាក់​ចង់​នៅ​ស្ងាត់​បន្តិច !» ឬ បណ្តោយឱ្យ​កូន​ច្រៀង ឬ និយាយ​តាមចិត្ត តែ​កំណត់​ពេលណា​ឱ្យ​កូន​ឈប់​វិញ ៕ លក្ខិណា​

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច