រឿងរ៉ាវ ៧ យ៉ាងគួររក្សាជាអាថ៌កំបាំង

រឿងផ្ទាល់ខ្លួនមួយចំនួនរបស់អ្នក មិនគួររៀបរាប់ប្រាប់អ្នកដទៃទេ ទោះជាមនុស្សជិតស្និទ្ធក៏ដោយ ។ តើអ្នកយល់យ៉ាងណាដែរ ចំពោះមតិខ្លះដែលថា ការប្រាប់អាថ៌កំបាំងដល់អ្នកដទៃ អាចនឹងបង្កហេតុមិនល្អចំពោះខ្លួនឯង ?

ខាងក្រោមនេះ ជារឿងសម្ងាត់ដែលពុំគួរបង្ហើបបង្ហាញដល់ជនទីពីរឱ្យបានដឹង ៖

១ – មហិច្ឆតាជីវិត
មនុស្សគ្រប់រូបរមែងមានផែនការជីវិត ដែលខ្លួនប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីសម្រេចឱ្យបានជាលទ្ធផលផ្លែផ្កា ។ ផែនការរបស់អ្នកពុំគួរនឹងឱ្យអ្នកណាបានដឹងនោះទេ ព្រោះថាផែនការរបស់អ្នកអាចនឹងមានចន្លោះខាត ឬ ចំណុចខ្សោយដោយប្រការណាមួយ ហើយនៅពេលដែលអ្នកស្តាប់លើកឡើងពីចំណុចទាំងនេះ វាអាចបណ្តាលឱ្យទឹកចិត្តតស៊ូរបស់អ្នកថមថយ និងមិនអាចសម្រេចដល់គោលដៅ ។

២ – អំពើល្អរបស់អ្នក
ការធ្វើអំពើល្អ ឬ សប្បុរសណាមួយ ពុំចាំបាច់ប្រាប់ដល់អ្នកណាឱ្យបានដឹងទេ ។ គុណធម៌ដ៏មហិមាកម្រិតណាក៏ដោយ ក៏នឹងត្រូវឱ្យតម្លៃតូចទាប នៅពេលដែលអ្នកព្យាយាមប្រាប់ដល់អ្នកដទៃ ព្រោះថា ទង្វើល្អពិតប្រាកដ មិនទាមទារចំណាប់អារម្មពណ៍ ការទទួលស្គាល់ ឬ ការរំពឹងតបស្នងពីអ្នកណាឡើយ ។ បើបែបនេះ តើចាំបាច់អ្វីនឹងប្រាប់អ្នកដទៃ ? បើអ្នកពិតជាចង់ប្រាប់នោះ ចូរសួរខ្លួនឯងថា ទង្វើល្អរបស់អ្នក ជាទង្វើសុទ្ធចិត្ត ឬ យ៉ាងណា ?

៣ – ការរស់នៅផ្ទាល់ខ្លួន
ជីវភាពរស់នៅប្រចាំថ្ងៃ មិនថាឆើតឆាយ ស៊ីវីល័យ ទាន់សម័យ ឬ ពោរពេញដោយប្រណីតភាពយ៉ាងណាទេ ការអួតអាងសម្ញែង គ្រាន់តែជាកញ្ចក់ឆ្លុះភាពហ៊ឺហា ហើយបន្សល់នូវពាក្យអេចអូចច្រណែនឈ្នានីសនិន្ទាមកលើខ្លួនអ្នកទៅវិញទេ ។ ដូចគ្នាដែរ អ្នកក៏មិនចាំបាច់ទៅប្រាប់ពីទម្លាប់រស់នៅជោគជ័យ ដូចជា បញ្ចុះទម្ងន់ ឈប់ជក់បារី តមគ្រឿងស្រវឹង ហាត់ប្រាណ ឬ ភ្ញាក់ពីព្រឹករាល់ថ្ងៃ ដល់សង្គមឱ្យបានដឹងធ្វើអ្វី ព្រោះសេចក្តីសុខពិត គឺជាភាពស្ងប់ចិត្ត ដោយមិនត្រូវការការសរសើពីអ្នកណាម្នាក់ឡើយ ។

៤ – ការតាំងខ្លួនជាវីរបុរស
មនុស្សគ្រប់រូប គឺជាស្ថាបនិកនៃជីវិតរបស់ខ្លួន ដូចគ្នាដែរ អ្នកក៏ជាវីរបុរសនៃខ្សែជីវិតខ្លួនឯង ។ ការព្យាយាមជម្នះឧបសគ្គពីមួយថ្ងៃទៅមួយថ្ងៃ ទាំងផ្លូវចិត្ត និង ផ្លូវកាយ រហូតសម្រេចបានសមិទ្ធិផលណាមួយ កើតឡើងចំពោះមនុស្សគ្រប់រូប ហើយការសរសើ គួរតែចេញពីមាត់របស់អ្នកជុំវិញខ្លួនដោយឯកឯង មិនមែនចេញពីមាត់របស់អ្នកនោះឡើយ ។ ការនេះ មិនខុសអ្វីពីពាក្យ «អង្គុយលើចង្អេរលើកខ្លួនឯង» ។

៥ – ការតាំងខ្លួនជាអ្នកចេះដឹងពេក
មុននឹងចែករំលែកគំនិតយោបល់ផ្ទាល់ខ្លួន អ្នកគួរដាស់តឿនខ្លួនឯងថា «តើនេះគ្រាន់តែជាយល់ឃើញរបស់អ្នក ឬ យ៉ាងណា ?» ប្រសិនបើគ្រាន់តែជាការយល់ឃើញមួយនេះ សូមកុំព្យាយាមលើកឡើងហាក់ដូចជាអ្នកបានដឹងរឿងតាំងពីដើមដល់ចប់ ពីហេតុដល់ផលពីឫសគល់ដល់ចុងស្លឹក ។ ការផ្តល់គំនិត ពុំគួរជាការសន្មត់ដល់លទ្ធផលឡើយ អ្នកគួរផ្តល់ត្រឹមយោបល់ ហើយទុកឱ្យគេជាអ្នកសម្រេចចិត្ត ព្រោះគេគឺជាអ្នករ៉ាប់រងលទ្ធផលដោយខ្លួនឯង ។

៦ – បញ្ហាក្នុងគ្រួសារ
ពាក្យចាស់លោកថា «ថែភ្លើងក្នុង ថែភ្លើងក្រៅ» មានន័យថា រឿងក្នុងផ្ទះកុំនាំចេញទៅក្រៅ រឿងក្រៅផ្ទះកុំឱ្យក្តៅក្រហាយដល់ក្នុង ។ ការនិយាយពីបញ្ហាគ្រួសារទៅកាន់អ្នកដទៃ នឹងបង្កជាបញ្ហាកាន់តែធំ ដែលមិនត្រឹមតែមិនអាចដោះស្រាយបាន ទេ ថែមទាំងបង្កើតជាបញ្ហាមួយទៀត ដែលគេហៅថា «ចំណាយមាត់គេ» ។

៧ – ពាក្យអេចអូច
តិច ឬ ច្រើន អ្នកប្រាកដជាបានលឺគេនិយាយដើមគ្នា ពីចំណុចមិនល្អ ឬការសម្ងាត់របស់អ្នកដទៃ ។ ការនេះពុំគួរបន្តចេញពីមាត់របស់អ្នកឡើយ មិនដូច្នេះអ្នកក៏មិនខុសអ្វីពីមនុស្សនិយាយដើមគេដែរ ណាមួយចៀសវាងបញ្ហា «ក្អែកមួយជាក្អែកដប់» ៕   លក្ខិណា

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច