៥ យ៉ាងដែលបុរសកែប្រែនៅពេលសម្រេចចិត្តចតបេះដូង

តើអ្វីទៅជាស្នេហា ? តើស្នេហ៍ពិតជាអាចធ្វើឱ្យមនុស្សប្រែប្រួលមែនទេ ?

ស្នេហាហាក់ដូចជាអារម្មណ៍គ្មានហេតុផលដែលពុំអាចនឹងបរិយាយដោយប្រើទស្សនៈហេតុផលបាននោះទេ ។ ដោយឡែកតាមការបកស្រាយបែបវិទ្យាសាស្ត្រ ស្នេហាសំដៅទៅលើបម្រែបម្រួលអ័រម៉ូនដែលធ្វើឱ្យមនុស្សព្យាយាមរក្សាទុកមនុស្សម្នាក់ដែលខ្លួនស្រលាញ់ ។

នៅពេលពន្លកស្នេហ៍កំពុងតែលាស់ត្រួយ គូស្នេហ៍តែងមានអារម្មណ៍រំភើបស្រស់ស្រាយសប្បាយចិត្តរីករាយដូចផ្ការីកក្នុងសួន កាន់ដៃគ្នាដើរក្រោមពន្លឺឥន្ធនូក្នុងហាក់ដូចជាពិភពលោកមានតែពីរនាក់ ។ ពេលវេលាយូរៗទៅ អារម្មណ៍រំភើបបែបនេះអាចនឹងរសាយបន្តិចម្តងៗ ហើយចំណងស្នេហ៍អាចនឹងស្ថិតស្ថេរទៅបានលុះត្រាតែមានការពក្យាយាមស្វិតស្វាញជំនះឧបសគ្គនានាជាមួយគ្នា ។

សម្រាប់អ្នកខ្លួនឯងប្រាកដជាច្បាស់ចិត្តបានថាតើគិតចង់ចតចិត្តចតស្នេហ៍ត្រឹមដៃគូរបស់អ្នក ឬយ៉ាងណាហើយ ។ ផ្ទុយទៅវិញ តើធ្វើដូចម្តេចទើបដឹងថាដៃគូរបស់អ្នក មានគំនិតចង់សាងអនាគត រួមរស់យូរអង្វែងជាមួយអ្នក ហើយឈប់គិតរំពៃភ្នែករកអ្នកផ្សេងទៀតនោះ ?

ចម្លើយគឺស្ថិតត្រង់ថា បើគូស្នេហ៍ពិតជាមិនលេងសើចហើយគិតគូរម៉ត់ចត់ដល់អនាគតរវាងអ្នកទាំងពីរ អ្នកប្រាកដជាសង្កេតឃើញថា គាត់នឹងផ្លាស់ប្តូរចរិតខុសពីមុន ដូចពាក្យស្លោកបរទេសមួយបាននិយាយថា «នាងមិនអាចកែប្រែគាត់ដោយសារតែនាងស្រលាញ់គាត់ទេ តែគាត់នឹងកែប្រែខ្លួនឯងដើម្បីនាងប្រសិនបើគាត់ស្រលាញ់នាង» ។

១ – គាត់មិនទុកដាក់លើរឿងតុបតែងខ្លួនរបស់អ្នកទេ
នៅពេលមនុស្សពីរនាក់បានដាក់ចិត្តស្រឡាញ់គ្នា មានន័យថា អ្នកទាំងពីរមានចំណងចិត្តជាមួយគ្នា លើសពីការទាក់ទាញរូបរាងខាងក្រៅ ។ បើក្រឡេកមើលសង្គមសម្ភារនិយមបច្ចុប្បន្ននេះ យើងឃើញថាម្នាក់ៗព្យាយាមប្រើរបស់សម្លៀកបំពាក់ យានយន្តទំនើបៗ ដើម្បីទាក់ទងទាញការចាប់អារម្មណ៍មកលើខ្លួន ប៉ុន្តែក្តីស្រឡាញ់មិនស្ថិតលើសម្បកក្រៅនោះទេ ។ បើគាត់ពិតជាស្រឡាញ់អ្នក គាត់ប្រាកដជាសំឡឹងមើលចំណុចពិសេសរបស់អ្នក ទោះជាអ្នកមិនសូវស្អាត ក៏គាត់នៅតែអាចមើលឃើញចំណុចល្អពីខ្លួនរបស់អ្នក ហើយគេនឹងសម្គាល់បានយ៉ាងងាយ ប្រសិនបើថ្ងៃណាអ្នកស្លៀកពាក់ ឬ តុបតែងស្អាតជាងសព្វមួយដង ។

២ – មិនសូវអួត ឬ បង្ហាញគេឯងដូចមុន
នៅពេលទើបស្គាល់គ្នាថ្មីថ្មោង គាត់អាចនឹងបង្ហាញអ្នកឱ្យមិត្តភក្តិបានស្គាល់ និយាយស្រួលយល់បន្តិច គឺអួតគេឯងថាខ្លួនមានសង្សារ ។ ទោះជាយ៉ាងណា បើគាត់ចាប់ផ្តើមមានគំនិតចាស់ទុំបន្តិចហើយនោះ គាត់នឹងចាត់ទុកអ្នកជាវត្ថុមានតម្លៃ គោរពអ្នក ហើយចេះរក្សាភាពឯកជនច្រើនរវាងអ្នក និង គាត់ ។

៣ – គាត់មានអារម្មណ៍ស្និទ្ធស្នាលមិនសូវប្រកាន់ជាមួយអ្នក
អ្នកអាចប្រៀបធៀបបាន នៅពេលទើបស្គាល់គ្នា មនុស្សប្រុសតែធ្វើខ្លួនដូចជាគួរឱ្យទើសភ្នែកណាស់ ប៉ុន្តែពេលស្គាល់យូរៗទៅ ទើបសង្កេតឃើញថាចរិតប្លែកៗរបស់គេក៏បាត់ទៅតាមនោះដែរ ។ នេះមានន័យថា គាត់ចាត់ទុកអ្នកជាមនុស្សជិតស្និទ្ធ គ្មានអារម្មណ៍ភិតភ័យ ឬ មិនចាំបាច់ប្រយ័ត្នប្រយែងឬកពារជាមួយអ្នក គឺគាត់បញ្ចេញចរិតពិតរបស់គាត់ឱ្យអ្នកបានដឹង ។

៤ – គាត់ចេះសម្របខ្លួន
គូស្នេហ៍ចាប់ផ្តើមដឹងខ្លួនថា មិនអាចធ្វើតាមការសម្រេចចិត្ត ឬចំណូលចិត្តរបស់ខ្លួនរហូតទេ។ ដូចនេះ គាត់ចាប់ផ្តើមចេះប្រៀបធៀបចំណុចល្អ និង អាក្រក់ខ្លួនឯង ហើយជួនកាលគាត់ធ្វើរឿងខ្លះដល់អ្នក ដោយគាត់មិនដែលធ្វើដាក់អ្នកផ្សេងពីមុនមក ។ ឧទាហរណ៍ គាត់សុខមិនមើលបាត់ទាត់ ហើយប្តូរប៉ុស្តិ៍ឱ្យអ្នកមើលកម្មវិធីដែលអ្នកចូលចិត្ត ហើយបែរមកមើលបាត់តាមអនឡាញវិញ ។

៥ – គាត់ចាប់ផ្តើមចាប់អារម្មណ៍លើអ្វីដែលអ្នកចូលចិត្ត
នៅពេលគូស្នេហ៍ចេះសម្លឹងមើលអ្វីដែលជាផលប្រយោជន៍ទាំងសងខាង គឺជាសញ្ញាថា គេចង់រួមខ្សែជីវិតជាមួយអ្នក ។ គាត់នឹងព្យាយាមធ្វើខ្លួនជាចំណែកមួយនៃជីវិតរបស់អ្នក ដូចជា ដើរផ្សារជាមួយអ្នក ជួនកាលអាចនឹងឱ្យយោបល់លើជម្រើសការដើរផ្សាររបស់អ្នក ហាក់ដូចជា គេចូលចិត្តដើរផ្សារណាស់អញ្ចឹង ។

ប្រសិនបើអ្នកអង្កេតឃើញ ឥរិយាបថប្រហាក់ប្រហែលនេះ ក៏សូមកុំកេងចំណេញច្រើនពេក ព្រោះថាអ្នកក៏គួរតែរៀនសម្របខ្លួនតាមគេដែរ ទើបទំនាក់ទំនងអាចនឹងគង់វង្សយូរអង្វែង ៕ លក្ខិណា

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច