ហោរាសាស្ត្រសម្រាប់ថ្ងៃទី ១៦ ដល់ ៣១ ខែធ្នូ ឆ្នាំ ២០១៦

ឆ្នាំជូត
រាសីឡើងខ្ពស់ត្រដែត ការងាររកស៊ីជួញដូរនៅតែកាក់កបល្អដដែល ។ ក្នុងរយៈពេលនេះ ទោះជាលោកអ្នកប្រកបការងារអ្វីក៏ដោយត្រូវញាប់ដៃញាប់ជើងបន្តិច ព្រោះឱកាសល្អមិនមានច្រើនតទៅទៀតឡើយ ហើយក៏មិនត្រូវមានចិត្តស្ទាក់ស្ទើរផងដែរ ព្រោះបើសម្រេចចិត្តថាត្រូវធ្វើហើយគឺត្រូវធ្វើឲ្យអស់ពីកម្លាំងកាយចិត្ត ទើបមិនបង់ខាតពេលវេលាឥតអំពើ ។ ក្នុងរយៈពេលនេះដែរបើមានបងប្អូនញាតិមិត្តស្កាត់មកបបួលរកស៊ីចូលហ៊ុន ចូរកុំបដិសេធឲ្យសោះ ព្រោះជាដៃគូរកស៊ីដែលមានចិត្តត្រង់ទៅត្រង់មក តែលៃលកយ៉ាងណាត្រូវចេះបែងចែកផលចំណេញឲ្យសមចិត្តយើងចិត្តគេ ទើបការរកស៊ីចូលហ៊ុនគ្នាបានសុខយូរអង្វែង ។ ចំពោះគូស្វាមីភរិយាក្នុងរយៈពេលនេះមានភាពល្អូកល្អិនល្អណាស់ ។

ឆ្នាំឆ្លូវ
រាសីឡើងខ្ពស់ត្រដែត ការងាររកស៊ីជួញដូរ រីកចម្រើនលូតលាស់ទៅមុខជាលំដាប់ ។ ក្នុងរយៈពេលនេះទោះជាលោកអ្នកប្រកបការងារអ្វីក៏ដោយក៏អាចបានទទួល ផលសម្រេចសមតាមបំណងប្រាថ្នាទាំងអស់ ព្រមទាំងត្រូវបានបងប្អូនញាតិសន្តានជួយជ្រោមជ្រែងយ៉ាងពេញទំហឹងទៀតផង ។ ចំពោះបុគ្គលិកកម្មករដែលបម្រើការងារនៅតាមក្រសួង មន្ទីរ ក្រុមហ៊ុន ឬ រោងចក្រនានានឹងទទួលបានការកោតសរសើរ និង ជឿទុកចិត្តពីចៅហ្វាយនាយ ឬ ថៅកែ ព្រមទាំងបានប្រគល់នូវតួនាទី និង កិច្ចការងារសំខាន់ៗឲ្យលោកអ្នកកាន់កាប់ធ្វើជំនួសទៀតផង ។ ចំពោះគូស្នេហ៍ ដែលធ្លាប់ស្គាល់ចិត្តស្គាល់ថ្លើមគ្នាយូរហើយ អាចគិតគូររឿងរៀបអាពាហ៍ពិពាហ៍បានដោយពុំមានឧបសគ្គអ្វីមករាំងស្កាត់ទៀតឡើយ ។

ឆ្នាំខាល
រាសីល្អជាមធ្យម ការងាររកស៊ីជួញដូរបានកាក់កបល្អគ្រាន់បើ ។ ក្នុងរយៈពេលនេះទោះជាលោកអ្នកប្រកបការងារអ្វីក៏ដោយ ចូរកុំធ្វេសប្រហែសឲ្យសោះ ជាពិសេសចំពោះអ្នកជំនួញជួញដូរ មុនពេលប្រគល់ ឬ ទទួលនូវមុខទំនិញសព្វសារពើ ចូរចេះពិនិត្យមើលគុណភាពនិងរាប់ចំនួនឲ្យបានច្បាស់លាស់ ទើបមិនចាញ់បោកគេ ។ ក្នុងរយៈពេលនេះដែរ មុននឹងលោកអ្នករួមការងារ ឬ រកស៊ីចូលហ៊ុនជាមួយនឹងអ្នកណាម្នាក់ តោងចេះត្រិះរិះពិចារណាឲ្យបានច្បាស់លាស់ ទើបមិនចាញ់ល្បិចកលគេ នាំឲ្យបង់ខាតទ្រព្យឥតអំពើ ។ ក្រៅពីនោះ លោកអ្នកមិនត្រូវប្រគល់ការងារសំខាន់ៗឲ្យគេកាន់កាប់ជំនួសឡើយ ប្រយ័ត្ន គេកិបកេងយកផលចំណេញអស់ ។ ចំពោះគូស្វាមីភរិយា ប្រយ័ត្នមានអ្នកក្រៅនាំរឿងមកអុជអាល ។

ឆ្នាំថោះ
រាសីស្រុតចុះខ្លាំង ការងាររកស៊ីជួញដូរជួបនឹងបញ្ហាលំបាកៗច្រើន ។ ក្នុងរយៈពេលនេះ ទោះជាលោកអ្នកប្រកបការងារអ្វីក៏ដោយចូរមានស្មារតីប្រុងប្រយ័ត្នជាប់ជានិច្ច ជាពិសេស មិនត្រូវរួមការងារជាមួយនឹងមនុស្សដែលមានតែសម្តីអួតក្អេងក្អាងនោះឡើយ ប្រយ័ត្នតែលង់ខ្លួនលង់ប្រាណអាចវិនាសអន្តរាយទ្រព្យអស់រលីងពីខ្លួនជាក់ជាមិនខាន ។ ក្នុងរយៈពេលនេះដែរ មុននឹងលោកអ្នកសេពគប់ជាមួយមិត្តភក្តិ ឬ រួមការងារជាមួយអ្នកណាម្នាក់ តោងចេះសង្កេតមើលសមាសភាពមនុស្សល្អ និងអាក្រក់ឲ្យបានច្បាស់លាស់ ទើបមិននាំអំពល់ទុក្ខដាក់ខ្លួន និងអាចជាប់ពាក់ព័ន្ធក្នុងបទល្មើសផ្សេងៗទៀតផង ។ ចំពោះគូស្នេហ៍ ក្នុងរយៈពេលនេះបើមិនឆាប់បញ្ចប់រឿងរកាំរកូសទេ គឺអាចប្រេះឆាគ្នាបាន ។

ឆ្នាំរោង
រាសីឡើងខ្ពស់ត្រដែត ការងាររកស៊ីជួញដូរបានកាក់កបល្អណាស់ ។ ក្នុងរយៈពេលនេះ ឱកាសល្អៗបានមកដល់ហើយ លោកអ្នកត្រូវរវៀសរវៃញាប់ដៃញាប់ជើងបន្តិច ព្រោះពេលវេលាជាមាសប្រាក់ ធ្វើច្រើនបានច្រើន តែលៃលកយ៉ាងណាចូរកុំមានចិត្តលោភលន់ឲ្យសោះ ។ លោកអ្នកអាចបណ្តាក់ទុនរកស៊ីឬចេញទៅជួញដូរផ្លូវឆ្ងាយមិនថាផ្លូវគោក ឬ ផ្លូវទឹកឡើយ គឺសមប្រកបទាំងអស់ ។ នៅតាមផ្លូវធ្វើដំណើរចូរកុំឈ្លក់វង្វែងនឹងបនល្បែងស្រីស្រាឲ្យសោះ ។ ប្រយ័ត្នបែរជាកើតរឿងរ៉ាវអាចបង់ខាតលាភសក្ការៈវិញ ។ ក្រៅពីនោះ លោកអ្នកក៏ជាមនុស្សពូកែខាងសម្តីវោហារម្នាក់ដែរ ព្រោះបើទោះជាបាននិយាយស្តីអ្វីក៏មានគេចូលចិត្តស្តាប់ច្រើនដែរ ។ ចំពោះគូស្វាមីភរិយា មានភាពល្អូកល្អិនល្អណាស់ ។

ឆ្នាំម្សាញ់
រាសីស្រុតចុះខ្លាំង ការងាររកស៊ីជួញដូរជួបរឿងរកាំរកូសច្រើន ។ ក្នុងរយៈពេលនេះចំពោះបុគ្គលិកកម្មករដែលបម្រើការងារនៅតាមក្រសួងមន្ទីរ ក្រុមហ៊ុន ឬ រោងចក្រនានា តោងចេះរំងាប់ចិត្តឲ្យបានត្រជាក់ ។ ដាច់ខាតមិនត្រូវបង្ករឿងឈ្លោះប្រកែកជាមួយនឹងចៅហ្វាយនាយឬថៅកែឡើយ ពុំនោះទេ អាចបាត់បង់តួនាទីនិងកន្លែងធ្វើការជាក់ជាមិនខាន ។ ចំពោះ បុរសហាមបង្ករឿងឈ្លោះប្រកែកជាមួយស្ត្រីភេទ ប្រយ័ត្នប្រុសប្រកែកស្រីប្រកាន់ ។ ក្រៅពីនោះ បើលោកអ្នកមានការជួបជុំមិត្តភក្តិផឹកស៊ីសប្បាយក្អាកក្អាយ ចូរកុំសប្បាយជ្រុលភ្លេចខ្លួន ប្រយ័ត្នសប្បាយក្លាយជាទុក្ខ ។ ចំពោះគូស្នេហ៍ក្នុងរយៈពេលនេះ ទាល់តែចេះអត់ឱនឲ្យគ្នាទៅវិញទៅមកទើបចំណងស្នេហាអាចគង់វង្សបានយូរអង្វែង ។

ឆ្នាំមមី
រាសីល្អជាមធ្យម ការងាររកស៊ីជួញដូរមានការរីកចម្រើនលូតលាស់ទៅមុខដោយសន្សឹមៗ ។ ក្នុងរយៈពេលនេះ ការងារនិងការរកស៊ីជួញដូរពិតមែនតែងើបឡើងបន្តិចវិញក្តី តែប្រសិនបើបានជួបឱកាសល្អខ្លះៗគឺដាច់ខាតមិនត្រូវមានចិត្តអន្ទះអន្ទែងពេកទេ ហើយរឹតតែមិនត្រូវប្រើដើមទុនធំសម្រាប់បណ្តាក់ទុនរកស៊ីលើមុខរបរណាដែលមិនទាន់ស្គាល់ច្បាស់លាស់និងមានភាពស្រពិចស្រពិលនៅឡើយ ដើម្បីចៀសវាងការថ្លោះធ្លោយ នាំឲ្យបង់ខាតទ្រព្យឥតអំពើ ។ ក្នុងរយៈពេលនេះដែរ បើលោកអ្នកបានទៅចូលរួមនៅក្នុងពិធីបូណ្យទាន ឬ ពិធីជប់លៀងផ្សេងៗ តោងចេះរៀបប្ញកមារយាទឲ្យបានសមរម្យ និង សម្តីឲ្យបានពីរោះពិសារ ទើបមិនអាប់ឱនកិត្តិយស ។ ចំពោះ គូស្វាមីភរិយា ប្រយ័ត្នមានអ្នកក្រៅនាំរឿងមកអុជអាល ។

ឆ្នាំមមែ
រាសីស្រុតចុះខ្លាំង ការងាររកស៊ីជួញដូរមិនគ្រាន់តែជួបឧបសគ្គច្រើនប៉ុណ្ណោះទេ ព្រមទាំងជួបគូប្រជែងជើងខ្លាំងចេញមុខមកតតាំងទៀតផង ។ ដូច្នេះ លោកអ្នកត្រូវត្រៀមរៀបចំជើងព្រួលទុកសម្រាប់ទប់ទល់ជាមុនទើបមិនបរាជ័យ ។ ក្នុងរយៈពេលនេះដែរទោះជាលោកអ្នកបានប្រកបកិច្ចការងារអ្វីក៏ដោយចូរមានស្មារតីប្រុងប្រយ័ត្នជាប់ជានិច្ច ជាពិសេស ចំពោះអ្នកដែលប្រកបការងារនៅទីខ្ពស់ ចូរប្រយ័ត្នក្រែងជួបគ្រោះរបូតដៃរអិលជើងធ្លាក់ នាំឲ្យរងរបួសពិការរហូតអាចបាត់បង់អាយុសង្ខារទៀតផង ។ ក្រៅពីនោះបើលោកអ្នកមានការនិយាយស្តីអ្វី តោងចេះប្រយ័ត្នមាត់កបន្តិច ព្រោះកាលបើមានពាក្យសម្តីនិយាយជ្រុលជ្រួសប៉ះសិទ្ធិអ្នកដទៃតែបន្តិចអាចបង្កជារឿងជម្លោះ ។ ចំពោះគូស្នេហ៍ប្រយ័ត្នមានជនទីបីចូលជ្រៀតជ្រែក ។

ឆ្នាំវក
រាសីល្អជាមធ្យម ការងាររកស៊ីជួញដូរកាក់កបល្អគ្រាន់បើ ។ ក្នុងរយៈពេលនេះទោះជាលោកអ្នកប្រកបការងារអ្វីក៏ដោយចូរកុំធ្វេសប្រហែសឲ្យសោះ ជាពិសេសមុនពេលចុះហត្ថលេខាឬផ្តិតស្នាមមេដៃលើលិខិតស្នាមផ្សេងៗ តោងចេះពិនិត្យពិច័យឲ្យបានល្អិតល្អន់ ទើបមិនមានការភ្លាំងភ្លាត់និងមិនបង់ខាតផលប្រយោជន៍ឥតអំពើ ។ ក្នុងរយៈពេលនេះដែរបើមានមនុស្សសម្តីផ្អែមត្រជាក់មកធ្វើជាធ្នាក់ទាក់ទងលោកអ្នកឲ្យរួមការងារ ឬ បបួលរកស៊ីចូលហ៊ុន តោងចេះត្រិះរិះពិចារណាឲ្យបានល្អិតល្អន់ ទើបមិនធ្លាក់ចូលក្នុងល្បិចកលគេ ។ ក្រៅពីនោះចំពោះស្ត្រីភេទមិនត្រូវដើរផ្លូវឆ្ងាយឬផ្លូវស្ងាត់ដាច់សង្វែងតែម្នាក់ឯងឡើយ ប្រយ័ត្ន អាចជួបគ្រោះអាក្រក់បង់ទាងទ្រព្យ បង់ទាំកាយ ។ ចំពោះ គូស្វាមីភរិយា មានភាពសុខដុមរមនា ។

ឆ្នាំរកា
រាសីឡើងខ្ពស់ត្រដែត ការងាររកស៊ីជួញដូរមានការរីកចម្រើនលូតលាស់ទៅមុខជាលំដាប់ ។ ក្នុងរយៈពេលនេះ ទោះជាលោកអ្នកប្រកបការងារអ្វីក៏ដោយក៏អាចបានទទួល ផលសម្រេចសមតាមបំណងប្រាថ្នាទាំងអស់ ព្រមទាំងត្រូវបានបងប្អូនញាតិសន្តានជួយជ្រោមជ្រែងយ៉ាងពេញទំហឹងទៀតផង ។ ចំពោះបុគ្គលិកកម្មករដែលបម្រើការងារនៅតាមក្រសួង មន្ទីរ ក្រុមហ៊ុន ឬ រោងចក្រនានា នឹងបានទទួល ការកោតសរសើរ និង ជឿទុកចិត្តពីចៅហ្វាយនាយឬថៅកែ ព្រមទាំងបានប្រគល់នូវតួនាទីនិងកិច្ចការងារសំខាន់ៗឲ្យលោកអ្នកកាន់កាប់ជំនួសទៀតផង ។ ក្នុងរយៈពេលនេះដែរ បើលោកអ្នកបានទទួល ជោគជ័យអ្វីមួយហើយគឺមិនត្រូវមានអំនួតអួតក្អេងក្អាងឡើយ ។ ចំពោះ គូស្នេហ៍ ប្រកបតែភាពផ្អែមត្រជាក់ដូចទឹកឃ្មុំ ។

ឆ្នាំច
រាសីល្អជាមធ្យម ការងាររកស៊ីជួញដូរមានការរីកចម្រើនលូតលាស់ទៅមុខដោយសន្សឹមៗ ។ ក្នុងរយៈពេលនេះជួញជិតល្អជាងជួញឆ្ងាយ ព្រោះការចេញដើរផ្លូវឆ្ងាយ បើមិនបានជួបនឹងគ្រោះអាក្រក់ៗទេក៏នឹងបានត្រឹមតែបាតដៃទទេ និង នាំរឿងក្តៅក្រហាយត្រឡប់ចូលផ្ទះវិញប៉ុណ្ណោះ ។ ក្នុងរយៈពេលនេះដែរ ពិតមែនតែមានផលចំណូលហូរចូលច្រើនគួរសមក្តី តែមិនមានសល់អ្វីជាដុំកំភួនឡើយ ព្រោះចាយវាយខ្ជះខ្ជាយខ្លាំងពេក ហើយក៏មិនខុសពីទូកធំក្តោងធំនោះដែរ ។ ក្រៅពីនោះបើលោកអ្នកមានដំណើរចេញទៅកម្សាន្តនៅតាមមាត់សមុទ្រ ទន្លេ បឹងឲបួរ តោងប្រយ័ត្នក្រែងជួបគ្រោះលង់ទឹក ។ ចំពោះគូស្វាមីភរិយាក្នុងរយៈពេលនេះ ទាល់តែចេះអត់ឱនឲ្យគ្នាទៅវិញទៅមក ទើបនៅក្នុងគ្រួសារមានភាពសុខដុមរមនា ។

ឆ្នាំកុរ
រាសីស្រុតចុះខ្លាំង ការងាររកស៊ីជួញដូរជួបភាពស្មុគស្មាញច្រើន ។ ក្នុងរយៈពេលនេះ ទោះជាលោកអ្នកប្រកបការងារឬរកស៊ីជួញដូរអ្វីក៏ដោយគឺមិនត្រូវធ្វើដោយទ្រង់ទ្រាយធំឡើយ ហើយក៏មិនត្រូវប្រព្រឹត្តល្បែងស៊ីសងដែរ ប្រយ័ត្នតែភ្លាត់ស្នៀតអាចវិនាសអន្តរាយទ្រព្យអស់រលីងពីខ្លួន ។ ក្នុងរយៈពេលនេះដែរ ដោយសារតែមានផលចំណូលហូរចូលតិចតួចស្តួចស្តើង និង រកបានមកដោយកម្លាំងញើសឈាមនោះ ។ ដូច្នេះ កុំរកបានមកដោយតឹង តែចាយធូរឲ្យសោះ ប្រយ័ត្ន អាចជះឥទ្ធិពលអាក្រក់ដល់សេដ្ឋកិច្ចគ្រួសារ ។ ចំពោះអ្នកបើកបរយានយន្តគ្រប់ប្រភេទ ប្រយ័ត្ន គ្រោះថ្នាក់អាចកើតឡើងក្នុងការបើកបរពេលយប់ ឬ ក្រោពេលស្រវឹងជោកជាំ ។ ចំពោះគូស្នេហ៍ជួបរឿងរកាំរកូសច្រើន ៕

Loading...

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច