សញ្ញាអាសន្ន ១០ បញ្ជាក់ថាគេអស់ចិត្តអស់ស្នេហ៍ពីអ្នកហើយ

រឿងរ៉ាវស្នេហាជួបព្រាត់ប្រាស មិនអាចដឹងមុននោះឡើយ អ្វីៗគឺព្រហ្មលិខិតបានកំណត់រួចទៅហើយ ។ បើយ៉ាងនេះ តើអ្នកគួរបណ្តែតបណ្តោយអូសបន្លាយពេលវេលាទ្រាំឈឺចាប់នឹងភាពសោះអង្គើយរវាងគ្នានឹងគ្នា ឬ សម្រេចចិត្តបញ្ចប់ស្នេហ៍ហើយចាប់ផ្តើមជីវិតថ្មី ។ ជម្រើសនៅតែជាការសម្រេចចិត្តរបស់អ្នក ប៉ុន្តែយ៉ាងហោចណាស់អ្នកក៏គួរដឹងថា ដៃគូរបស់អ្នកគេនៅស្រឡាញ់អ្នកទៀត ឬ យ៉ាងណា ?

ខាងក្រោមនេះ ជាសញ្ញាងាយនឹងសម្គាល់បានថាគូស្នេហ៍របស់អ្នកអស់ចិត្តអស់និស្ស័យនឹងរូបអ្នកហើយ ឬ នៅ ៖

១ – មិនបង្ហាញកាយវិការស្រឡាញ់ដូចពីមុន
ប្រសិនបើអ្នកសម្គាល់ឃើញថា គូស្នេហ៍ប្រែជាតោះតើយមិនចាប់អារម្មណ៍ចំពោះអ្នកបន្តិចសោះ ក្នុងខណៈដែលគេបែរជាយកចិត្តទុកដាក់នឹងបុគ្គល ឬ រឿងផ្សេងទៅវិញនោះ អ្នកគួរតែត្រៀមកាត់ចិត្តគេទៅ ។

២ – គូស្នេហ៍គិតពីរឿងផ្សេង
ឥរិយាបថនេះ ងាយនឹងសម្គាល់ណាស់ ដូចនេះ ប្រសិនបើអ្នកឃើញថា គាត់មិនចាប់អារម្មណ៍ជាមួយអ្នក មិនចង់ដឹងពីទឹកចិត្តរបស់អ្នកមិនចង់ស្តាប់សម្តីអ្នកនេះ ជាសញ្ញាដែលគេចង់ប្រាប់អ្នកថាគេចង់បែកបែរ ។ បើដូច្នេះអ្នកគួរតែសម្រេចចិត្តឱ្យដាច់ស្រេច និងបែរមកយកចិត្តទុកដាក់ចំពោះខ្លួនឯងវិញ ។

៣ – គ្មានប្រធានបទលើកមកសន្ទនាជាមួយគ្នា
នៅពេលគូស្នេហ៍អស់ចិត្ត គេនឹងមិនខ្វល់ពីជីវិត និង មិនចង់និយាយ ឬ ប្រាប់អ្វីដល់អ្នកនោះឡើយ ហើយអ្នកទាំងពីរហាក់គ្មានអ្វីដូចគ្នាយកមកនិយាយសារសងដូចមុន និយាយបែបសាមញ្ញ គឺផ្លូវស្នេហ៍អ្នកទាំងពីរដើរដល់ផ្លូវបំបែកហើយ ។

៤ – គូស្នេហ៍ច្រើនមានរឿងបន្ទោសញឹកញាប់ គ្មានហេតុផល
បើអ្នកសម្គាល់ឃើញថា អ្នកធ្វើអ្វីក៏ខុស ត្រូវមាត់ញឹកញាប់ ទោះជារឿងនោះមិនទាក់ទងនឹងអ្នកក៏ដោយនោះ អ្វីដែលអ្នកគួរធ្វើបំផុតនោះ គឺចាកចេញពីគេ ទើបជាដំណោះស្រាយល្អ ។

៥ – អ្នកទាំងពីរមិនគាំទ្រគ្នាទៅវិញទៅមក
ពិតជាសំខាន់ណាស់ដែលដៃគូជីវិតត្រូវចេះជួយលើកទឹកចិត្ត និង ផ្តល់កម្លាំងចិត្តឱ្យគ្នាទៅវិញទៅមកពេលជួបនឹងបញ្ហា ដូចនេះប្រសិនបើអ្នកមានអារម្មណ៍រំខាន ឬ ត្រូវរងសម្ពាធផ្លូវចិត្តពីដៃគូ អ្នកគួរតែគិតឡើងវិញថា តើគួរនៅជាមួយគ្នា ឬ ចាកចេញទើបស្ថានការអាចនឹងប្រសើរឡើង ។

៦ – គូស្នេហ៍យកលេសមិនចង់នៅក្បែរអ្នក
តើគូស្នេហ៍របស់អ្នកតែងតែមានលេសនេះលេសនោះមិនចេះចប់ដែរឬទេ ? ដូចជា ជាប់ធ្វើការ ជាប់បេសកកម្មទៅខេត្ត ជាប់រវល់ណាត់មិត្តចាស់ ជួបជុំមិត្តប្រុសៗ ហើយមិនដែលយកអ្នកទៅចូលរួមជាមួយនោះទេ ។ បើបែបនេះមែន អ្នកគួរតែដាក់សញ្ញាសួរឱ្យខ្លួនឯងមួយ ហើយសង្កេតជាបន្តថាតើគាត់នៅស្រលាញ់អ្នក ឬ មានអ្នកថ្មីហើយ ។

៧ – គម្រោងការជីវិតរបស់ដៃគូ មិនមានរូបអ្នកទេ
សាកសួរពីទឹកចិត្តរបស់ដៃគូ ជាពិសេសនៅពេលគេផ្លាស់ប្តូរផែនការជីវិត ថាតើគម្រោងនាពេលអនាគតរបស់គេ មានវត្តមានរបស់អ្នកដែរឬទេ ? បើចម្លើយ«គ្មាន»ទេនោះ ប្រាកដចុះថាគេលែងចាប់អារម្មណ៍នឹងរួមផ្លូវជីវិតជាមួយអ្នកទៀតហើយ ។

៨ – ឥរិយាបថមិនគោរពគ្នាទៅវិញទៅមក
មានពេលខ្លះជីវិតអាចនឹងរវល់វក់វីខ្លាំង ប៉ុន្តែទោះជាយ៉ាងណា តិច ឬ ច្រើន ការគោរពគ្នាគួរតែមិនត្រូវមើលរំលង ។ ឧទាហរណ៍ តើគាត់នៅចាំថ្ងៃកំណើតរបស់អ្នកទេ ចាំថ្ងៃជួបគ្នាដំបូង ចាំអនុស្សាវរីយ៍ដែលសាងរួមគ្នាដែរទេ ? បើអត់ទេនោះ កុំចំណាយពេលផ្គុំកែវដែលបែកធ្វើអ្វី ព្រោះវានឹងមិនដូចដើមឡើយ ។

៩ – គូស្នេហ៍មិនដែលពន្យល់ហេតុផល
នៅពេលអង្កេតឃើញឥរិយាបថរបស់គាត់ប្រែប្រួល ឬ ខុសឆ្គងត្រង់ណានោះ អ្នកប្រហែលជាមានចម្ងល់ហើយសាកសួររកហេតុផល ប៉ុន្តែចម្លើយបែរជាភាពស្ងាត់ស្ងៀម ព្រហើយតោះតើយ មិនឆ្លើយហើយក៏ដើរចេញបាត់ ធ្វើហីដូចគ្មានរឿងអ្វីសោះ ។ ការនេះបញ្ជាក់ថា អ្នកគ្មានសេសសល់ភាពសំខាន់បន្តិចណាក្នុងចិត្តរបស់គេទៀតទេ ។

១០ – អ្នកស្អប់ខ្លួនឯង និង ធ្វើបាបខ្លួនឯង
តើគួរធ្វើបែបនេះទេ ? ដោយសារតែគេកុហក បោកប្រាស់ មិននិយាយជាមួយអ្នក ? ច្បាស់ណាស់គេធ្វើបាបចិត្តអ្នក ធ្វើឱ្យស្អប់ខ្លួនឯង ដោយអ្នកមិនបានធ្វើអ្វីខុសសោះ ។ ក្នុងខណៈនេះ អ្នកត្រូវចេះសម្រេចចិត្តដោយប្រើបញ្ញាជាជាងចិត្ត ដើម្បីគេចពីសម្បុកទុក្ខ ហើយស្វែងរកជីវិតថ្មីដែលកំពុងរង់ចាំអ្នកនាពេលអនាគត ៕ លក្ខិណា

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច