ពេលរលាកភ្លើង និង ឆក់ដោយអគ្គិសនី ត្រូវជួយយ៉ាងដូចម្តេច?

បញ្ហារលាកតិចតួចដោយសារភ្លើងនិងឆក់ចរន្តអគ្គិសនីនឹងធ្វើអោយស្បែកមានបញ្ហារលាកនិងរបកជាដើម ហើយវាអាចនឹងងាយជាសះស្បើយទៅវិញដោយឯកឯង ។ ចំពោះការព្យាបាលខ្លះ អ្នកអាចរកបាននៅផ្ទះដោយខ្លួនឯងគឺវាអាចជួយកាត់បន្ថយអាការៈរលាកនិងពន្លឿនការព្យាបាល ។ ប៉ុន្តែប្រសិនបើអ្នកមានអាការៈឈឺធ្ងន់ អ្នកអាចប្រើវិធីសាស្ត្រព្យាបាលបឋមជាមុន ។

ខាងក្រោមនេះជាវិធីសាស្ត្រជួយដោះស្រាយបញ្ហារលាកបាន ៖
១. បឈ្ឈប់កន្លែងដែលឆេះជាមុនដើម្បីការពារកុំអោយការឆេះកាន់តែធ្ងន់ធ្ងរ ។

  • បើមានភ្លើងឆេះ ដូចជាឆេះឆ្នាំងដាំបាយ និងចង្ក្រានអគ្គិសនី ត្រូវយកភួយទៅគ្របលើអណ្តាត ភ្លើង ដោយសាចទឹកបន្ថែមពីលើ ។ ប្រសិនបើក្រណាត់ភួយនោះឆេះ ចូរកុំរត់ចោល ត្រូវទំលាក់វាចុះ រួចរមូលវាដើម្បីបន្ថយភ្លើងកុំអោយឆេះរាលបន្ត ។
  • បើមានរលាកស្បែកដោយអាកាសធាតុត្រជាក់ខ្លាំងពេក ដូចជាត្រង់ត្រចៀក មុខ ច្រមុះ និងម្រាមដៃជាដើមនោះ ត្រូវផ្លុំខ្យល់កំដៅពីលើ ឫយកម្រាមដៃដាក់ត្រាំក្នុងទឹកក្តៅឧណ្ហៗ ។
  • ប្រសិនបើរលាកដោយវត្ថុរាវអ្វីមួយ ត្រូវប្រញាប់ទៅលាងទឹកត្រជាក់ រយៈពេល ១០ទៅ ២០នាទី ប៉ុន្តែកុំប្រើទឹកកក ។
  • រលាកដោយឆក់ភ្លើង៖ ត្រូវទាញអ្នកដែលឆក់ចេញអោយឆ្ងាយពីប្រភពភ្លើងជាមុន ពិនិត្យដង្ហើម និងចង្វាក់បេះដូង ប្រសិនបើគ្មានចង្វាក់បេះដូងទេ ត្រូវហៅទៅកាន់សេវាសង្គ្រោះបន្ទាន់ ។
  • រលាកដោយសារធាតុគីមី៖ សារធាតុគីមី និងម្ទេសមួយចំនួនក្តីអាចធ្វើអោយប៉ះពាល់ដល់ ស្បែក និងធ្វើអោយរលាកស្បែកបាន ។ បើមានបញ្ហានេះ អ្នកត្រូវទៅជួបពេទ្យជំនាញជាបន្ទាន់ ។
  • រលាកដោយជ័រប្ល៉ាស្ទីក៖ ប្រសិនបើអ្នករលាកដោយជ័រក្តៅ និងជ័រកៅស៊ូអ្វីមួយនោះ អ្នកត្រូវទៅលាងជាមួយទឹកត្រជាក់ធម្មតាចេញភ្លាម ។

២. ត្រូវពិនិត្យថាតើអ្នករងរបួសមានរងគ្រោះថ្នាក់ត្រង់ណាមួយចំនួនទៀតនៅលើរាងកាយឫក៏អត់ ។
៣. ដោះគ្រឿងអលង្ការចេញ ឫសម្លៀកបំពាក់ចេញត្រង់កន្លែងដែលរលាក ហើយប្រសិនបើក្រណាត់រលាក ជាប់ស្បែក ចូរកុំព្យាយាមទាញវាចេញ អ្នកត្រូវកាត់ជៀរជុំវិញបរិវេនដែលរលាក ព្រោះបើមិនដូច្នោះ វានឹង បណ្តាលអោយសាច់ដែលរបួសនោះហើម ។
៤. រៀបចំទៅជួបជាមួយគ្រូពេទ្យដើម្បីព្យាបាលលើស្នាមមុខរបួស តែជាដំបូងត្រូវយកក្រណាត់ស្អាតមកគ្រប ពីលើរបួសជាមុន ដើម្បីកាត់បន្ថយគ្រោះថ្នាក់នៃការឆ្លងមេរោគផ្សេងៗ ។ ចូរកុំយកថ្នាំលាបអ្វីទៅលាបត្រង់ បរិវេនស្បែកដែលរបួស ហើយក៏មិនត្រូវយកទឹកកក ឫប៊ើទៅស្អំលើកន្លែងដែលរបួសផងដែរ ព្រោះវិធីនេះ វារឹតតែធ្វើអោយប៉ះពាល់ខ្លាំងដល់មុខរបួស ។

ប្រសិនបើរងរបួសរលាកតិចតួចអ្នកត្រូវ ៖

  • យកក្រណាត់ដែលស្អាតហើយត្រជាក់ទៅស្អំលើស្បែកដែលរលាក
  • លាងទឹកត្រជាក់អោយបានញឹកញាប់
  • ប្រើឡេ ឫប្រទាលកន្ទុយក្រពើ ទៅលាបលើមុខរបួសដែលហើយមនោះ ។ ប៉ុន្តែមិនត្រូវប្រើក្រែម ឫឡេអ្វីទៅលាបស្បែកកុមារដែលមានអាយុក្រោម ២ឆ្នាំនោះទេ ត្រូវទៅពិគ្រោះជាមួយគ្រូពេទ្យជាមុន ។ទោះជាយ៉ាងណាក៏ដោយ គ្មានវិធីណាមួយជួយមិនអោយស្បែករបកនៅក្រោយពេលរលាកនោះទេ ជាទូទៅ វានឹងរបក និងជាសះស្បើយដោយខ្លួនឯង ប៉ុន្តែដើម្បីបំបាត់សន្លាកអ្នកត្រូវរកថ្នាំលាបបន្ថែម៕ សុផល

Loading...

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច