៨ ចំណុច ជួយឱ្យអ្នកឈប់បារម្ភ ពីក្រសែភ្នែកមនុស្សជុំវិញ

ជាធម្មតាការរស់នៅក្នុងសង្គម តម្រូវឱ្យយើងត្រូវសម្របខ្លួន និង គិតគូរពីការយល់ឃើញរបស់អ្នកដទៃចំពោះខ្លួន ពុំនោះសង្គមជុំវិញអាចនឹងសន្និដ្ឋានថា យើងជាមនុស្សមិនចេះសម្របខ្លួន ឬចូលចំណោមមិនចុះ ។ ទោះជាការយល់បែបនេះ ហាក់ដូចជាមានលក្ខណៈអត្តនោម័តិក្តី ក៏ការចូលចុះសម្រុងជាមួយក្រុមគ្រួសារ មិត្តភក្តិ ឬ ការងារនោះ អាចជួយបង្កើនការទុកចិត្ត និងបង្កើតការគោរពរវាងគ្នានឹងគ្នាផងដែរ ហេតុនេះហើយទើប មនុស្សភាគច្រើនតែងមានការបារម្ភពីការយល់ឃើញរបស់បុគ្គលជុំវិញខ្លួនមកលើខ្លួន ។

តើអ្នកពិតជាត្រូវគិតគូរពីកត្តានេះខ្លាំងកម្រិតណា ? តើការយល់ឃើញរបស់អ្នកដទៃពិតជាសំខាន់ជាងការយល់ឃើញរបស់អ្នកចំពោះខ្លួនឯង ឬ យ៉ាងណា ?

ប្រសិនបើពិនិត្យឡើងវិញ ការយល់ឃើញរបស់មនុស្សរវាងគ្នានឹងគ្នា ច្រើនតែកើតឡើងដោយផ្អែកលើរូបរាងខាងក្រៅ ពាក្យសម្តី ពោលគឺចំណាប់អារម្មណ៍លើកទី ១ ឧទាហរណ៍ យើងអាចនឹងមានចិត្តខឹង អន់ចិត្តតិច ឬ ច្រើន នៅពេលមនុស្សប្លែកមុខដើរកាត់តុការិយាល័យរបស់អ្នក ដោយមិននិយាយសួរនាំ ឬ ញញឹមអ្វីបន្តិចសោះ ។ បើសិនយើងជាអ្នកដំណើរនោះវិញ តើយើងពិតជាចាំបាច់ត្រូវញញឹមយកចិត្តគេ ធ្វើខ្លួនរាបសាររម្យទមគ្រប់ពេល ខិតខំធ្វើការ តែងខ្លួនដើម្បីចូលចុះសង្គម ដើម្បីឱ្យសង្គមផ្តល់តម្លៃ ក្នុងកម្រិតណាទើបអ្នកដទៃគិតថាស័ក្តិសម និងសមល្មមចិត្តអ្នកដទៃ ? ការនេះអាចនឹងរំខានចិត្តរបស់អ្នក ថាតើគួររៀបឥរិយាបថបែបណាទើបត្រូវនឹងការរំពឹងទុករបស់អ្នកដទៃ ប៉ុន្តែអ្នកប្រហែលជាធូរចិត្តបន្តិច ប្រសិនបើ អ្នកប្តូរសំណួរមកជា តើគួរធ្វើបែបណាទើបត្រូវនឹងការរំពឹងទុករបស់ខ្លួនអ្នកផ្ទាល់ !

ការព្រួយបារម្ភគិតគូរច្រើនពេកពីការយល់ឃើញរបស់អ្នកដទៃ ប្រៀបដូចជាថ្នាំពុលនៃសុភមង្គល ពីព្រោះអ្នកមិនអាចក្លាយជាបុគ្គលឥតខ្ចោះក្នុងចិត្តមនុស្សគ្រប់រូបបាននោះឡើយ ហើយផ្ទុយទៅវិញអ្នកគួរចេះកំណត់សុភមង្គលដោយខ្លួនឯង កុំសូវខ្វាយខ្វល់ពាក្យសម្តី ឬ ការយល់ឃើញរបស់អ្នកដទៃពេក ជាពិសេសគឺពាក្យមុសាតែម្តង ។

ប្រសិនបើអ្នកសម្គាល់ឃើញថាខ្លួនឯងបារម្ភខ្លាំងខ្លាចអ្នកដទៃមិនចូលចិត្ត ខ្លាចមានទំនាក់ទំនងមិនល្អជាមួយអ្នកដទៃ ជាជាងគិតពីខ្លួនឯងនោះ អ្នកគួរតែផ្លាស់ប្តូរការគិតឡើងវិញ ដូចលើកឡើងក្នុងចំណុចមួយចំនួនខាងក្រោម ៖

១ – ចាត់ទុកគ្រាន់ជាការយល់ឃើញមួយ
ភាគច្រើនអ្នកទម្លាប់ខ្លាចការយល់ឃើញរបស់អ្នកដទៃ ពិតជាមិនដឹងទេថា តាមពិតទៅម្នាក់នោះមិនបានគិតអ្វីសោះក៏ថាបាន ព្រោះអ្វី ? បុគ្គលម្នាក់ៗមានការលំបាក និងរឿងរ៉ាវត្រូវចាត់ចែងក្នុងជីវិតរៀងៗខ្លួន ដូចនេះ តើអ្នកណាទៅមានពេល វិនិច្ឆ័យអ្នកស៊ីជម្រៅគ្រប់ពេលនោះ ។

២ – សួរខ្លួនឯង
ការបារម្ភពីការគិតរបស់អ្នកដទៃអាចនឹងគ្រាន់តែជា ឬ សគល់នៃគំនិតអវិជ្ជមានរបស់អ្នកទៅវិញទេ ។ ឧទាហរណ៍អ្នកគិតមិនល្អចំពោះគេ ដូចនេះ អ្នកក៏មិនបានគិតថាគេគិតល្អចំពោះអ្នកដែរ ហើយធ្វើការសន្និដ្ឋានភ្លាមៗទាំងអវិជ្ជមានបែបនេះ។ គួរចាប់អារម្មណ៍ពីគំនិតផ្ទាល់របស់អ្នក និង សួរខ្លួនឯងថាតើហេតុអ្វីបានជាអ្នកត្រូវគិតពីការយល់ឃើញរបស់អ្នកដទៃទៅវិញ ?

៣ – ទទួលស្គាល់ថាគ្មានចំណុចឥតខ្ចោះទេ
គួរចងចាំថា ទោះជាព្យាយាមយ៉ាងណាក៏មិនអាចក្លាយជាមនុស្សល្អឥតខ្ចោះក្នុងក្រសែភ្នែកអ្នកដទៃដែរ ។ អ្នកគួរយកចិត្តទុកដាក់ធ្វើខ្លួនឱ្យត្រឹមត្រូវសមរម្យ និង ចេះគោរពអ្នកដទៃ នោះក្តីស្រឡាញ់ ការកោតសរសើរ និង ការគោរពនឹងកើតមានចំពោះអ្នកដោយឯកឯងមិនខាន ជាជាងចំណាយចិត្តទៅគិតពីអ្វីដែលយើងមិនអាចដឹងបាន ណាមួយការគិតរបស់អ្នកដទៃគឺជាបញ្ហារបស់គេ ការគិតរបស់យើងទើបជាបញ្ហារបស់យើង ។

៤ – រៀនស្គាល់ខ្លួនឯងឱ្យច្បាស់
តើអ្នកស្គាល់ពីខ្លួនឯងច្បាស់ហើយ ឬ នៅ ? តើអ្នកដឹងថាខ្លួនចង់បានអ្វីឱ្យប្រាកដ ? ការនេះជាសំណួរដែលអ្នកគួរសួរខ្លួនឯង នៅពេលសម្រេចចិត្ត ឬ ធ្វើការជ្រើសរើស ទាំងការងារ មនោសញ្ចេតនា និង រឿងអតីត ហើយចម្លើយនៃសំណួររបស់អ្នក គួរតែជាចម្លើយដែលផ្តល់ភាពរីករាយ និងមានកម្លាំងចិត្តបន្តរស់នៅដោយមិនខ្វល់ពីការគិតរបស់អ្នកដទៃ ។

៥ – ស្វែងរកមិត្តភក្តិដែលមានទំនោរចិត្តដូចគ្នា
ប្រសិនបើសង្កេតឃើញថា អ្នកកំពុងស្ថិតក្នុងចំណោមអ្នកមានទស្សនវិស័យ និងសុភវិនិច្ឆ័យផ្ទុយពីអ្នក អ្នកគួរតែស្វែងរកចង្កោមមិត្តភក្តិណាផ្សេងដែលយល់ពីតម្លៃរបស់អ្នក និង ធ្វើឱ្យការរស់នៅគ្មានភាពតានតឹង ចេះជួយជ្រោមជ្រែងគ្នាទៅវិញទៅមក។ មិត្តភក្តិដែលចង់បានតែការសម្រប និងឱ្យអ្នកបំពេញតាមតម្រូវការរបស់គេពុំមែនជាមិត្តពិតប្រាកដនោះទេ ផ្ទុយទៅវិញមិត្តភក្តិពិតប្រាកដនឹងជួយលើកទឹកចិត្ត ផ្តល់កម្លាំងចិត្ត ទទួលស្គាល់នូវចំណុចខ្វះខាត និង ជួយគ្នាសម្រេចគោលដៅជីវិតទៅវិញទៅមក ។

៦ – ហ៊ានបង្ហាញយោបល់ផ្ទាល់ខ្លួន
កិច្ចការខ្លះវាតម្រូវឱ្យយើងប្រថុយទោះជាដឹងថាមានការលំបាក និងមតិចម្រូងចម្រាសលើការសម្រេចចិត្តរបស់យើងក៏ដោយ ។ អ្នកគួរជឿជាក់លើខ្លួនឯង ហ៊ាននិយាយ ហ៊ានបង្ហាញ ហ៊ានបញ្ជាក់ ហើយហ៊ានធ្វើឱ្យអ្នកដទៃបានឃើញថាអ្នកច្បាស់ថាលទ្ធផលនឹងចេញមកប្រកបដោយផ្លែផ្កា ។

៧ – ស្វែងរកជំនួយ
ការស្វែងរកជំនួយពុំមែនជាភាពទន់ជ្រាយនោះទេ តែជាការទទួលស្គាល់ថា អ្នកព្យាយាមអស់លទ្ធភាពហើយ ឬអ្នកត្រូវការសហការ ឬជំនួយពីមនុស្សជិតស្និទ្ធ។ ឧទាហរណ៍ អ្នកមានជំងឺផ្លូវចិត្តតែមិនព្រមទទួលការព្យាបាល ឬអ្នកមានបញ្ហាការងារ តែមិនព្រមរាយការណ៍ទៅថ្នាក់លើ ទាំងនេះសុទ្ធតែជាការបង្កបញ្ហាឱ្យកើនឡើង ឬ ធ្ងន់ធ្ងរជាងមុនទៅវិញទេ ។

៨ – បង្កើតមិត្តភាពជាមួយខ្លួនឯង
ជាការពិតណាស់ បើអ្នកមិនចេះស្រលាញ់គោរពខ្លួនឯងទេ តើអ្នកណាគេនឹងមកស្រឡាញ់គោរពយើងឱ្យបានដូចយើងខ្លួនឯងនោះ ! ម្យ៉ាងទៀតនោះ យើងខ្លួនឯងត្រូវស្គាល់ខ្លួនឯងឱ្យច្បាស់ យល់ពីអ្វីដែលយើងខ្លួនឯងត្រូវការ និងចង់បាន ស្គាល់កំហុស ចំណុចខ្វះខាត រៀនសូត្រពីជីវិតខ្លួនឯង ហើយដែលសំខាន់ត្រូវចេះស្រលាញ់ខ្លួនឯង និងអត់ទោសឱ្យខ្លួនឯង ទើបយើងអាចរស់នៅដោយចិត្តស្ងប់បាន ៕   លក្ខិណា

Loading...

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច