សញ្ញា ៨ យ៉ាង បញ្ជាក់ពីការងប់ងុលនឹងគ្រឿងស្រវឹងជ្រុល

ការងប់ងុលនឹងគ្រឿងស្រវឹង ដែលភាសាសាមញ្ញហៅថា«ប្រមឹក»នោះ អាចជាហេតុផលបណ្តាលឱ្យបាត់បង់មិត្តភក្តិ ក្រុមគ្រួសារ ការងារ និង ការគោរពពីមនុស្សជុំវិញខ្លួន ។ ការយកសុរាដាក់មុខប្រៀបដូចជាជំងឺប្រចាំកាយ ដែលអ្នកផឹកខ្លួនឯងយកសុរាដាក់មុខ ហើយបែរជាគិតថាជាវិធីដោះស្រាយបញ្ហាទៅវិញ ។

អ្នកញៀនមួយចំនួនទៀតនោះ មានទម្លាប់ផឹកជាប្រចាំ តែអាចព្យាយាមបិតបាំងការញៀននឹងផឹករបស់ខ្លួនបាន ដោយមិនបណ្តាលឱ្យប៉ះពាល់ដល់ការងារ ពេលវេលាសម្រាប់គ្រួសារ និង ជីវភាពប្រចាំថ្ងៃរបស់ខ្លួនឡើយ ។ អ្នកញៀនសុរាជំពូកនេះ ទោះជាមើលពីសម្បកក្រៅទៅ ហាក់ដូចជាពុំមានចោទជាបញ្ហាអ្វីក៏ពិតមែន ប៉ុន្តែលទ្ធផលនៃសុខភាពទៅអនាគត នៅតែគេចមិនរួចពីបញ្ហា ថែមទាំងធ្ងន់ធ្ងរទៀតផង ។ អ្នកអាចនឹងមិនច្បាស់ថា ខ្លួនអ្នកផ្ទាល់ អ្នកជុំវិញខ្លួន ឬ បុគ្គលជិតស្និទ្ធណាមួយឈានដល់ដំណាក់កាលញៀនសុរា ឬ យ៉ាងណានោះ ដោយអង្កេតមើលសញ្ញាខាងក្រោមនេះ ៖

១ – ញ៉ាំសុរាជំនួសអាហារ
អ្នកញៀននឹងគ្រឿងស្រវឹងច្រើនតែមិនសូវញ៉ាំអាហារ ហើយញ៉ាំគ្រឿងស្រវឹងជំនួសវិញ ដែលទម្លាប់នេះហាក់ដូចជាបាត់បង់ចំណង់អាហារ ខ្លះទៀតប្រើពេលញ៉ាំបាយជាលេសផឹកសុរាទៅវិញ ។

២ – ញ៉ាំសុរាមិនចេះស្រវឹង
ការញ៉ាំភេសជ្ជៈជាតិអាល់កុលជាប្រចាំយូរៗទៅ នឹងធ្វើឱ្យអ្នកញ៉ាំអត់មិនបាន មានន័យថា មិនផឹកមិនបាន វាហាក់ដូចជាសុរាបានជ្រាបចូលសព្វឈាមអស់ទៅហើយ ។ កត្តានេះធ្វើឱ្យអ្នកញៀនសុរាមិនចេះស្រវឹង ឬ មានអាការឈឺក្បាលវិលមុខអ្វីឡើយ ទោះជាញ៉ាំលើសកម្រិតយ៉ាងណាក៏ដោយ ។

៣ – ខឹងមួម៉ៅពេលមិនបានញ៉ាំសុរា
ប្រសិនបើអ្នកញៀនសុរាទៅណាមិនបានដាក់សុរាតាមខ្លួន ឬ ជាប់រវល់មិនបានផឹកនោះ គេប្រាកដជាមានអាការខឹងសម្បារ អារម្មណ៍ប្រែប្រួល មិនស្រួលខ្លួន ឬ នៅមិនសុខ ។ រាងកាយរបស់គេបញ្ចេញនូវសកម្មភាពអវិជ្ជមានដែលនេះគេហៅថា ប្រតិកម្មតបនឹងការផ្តាច់សុរាមានដូចជា បែកញើស ញ័រអវយវៈ ចង្វាក់បេះដូងញាប់ៗ និង មានកង្វល់ ។

៤ – ញ៉ាំ ១ ឬ ២ កែវ ពុំគ្រប់គ្រាន់ទេ
អ្នកអាចសង្កេតដឹងយ៉ាងងាយ នៅពេលមានពិធីជប់លៀង ឬ ជួបជុំញាតិមិត្ត បងប្អូន ប្រសិនបើអ្នកញៀនសុរានោះ គេប្រាកដជាញ៉ាំច្រើន មិនមែន ១ ឬ ២ កែវឈប់នោះទេ ហើយចាំស្តាប់ពីហេតុផលចាក់ធារ នាំគេនាំឯងជល់មួយកែវជាពីរកែវមិនឈប់មិនឈរសោះ ។

៥ – ការចងចាំខ្សោយ ឬ ភ្លេចភ្លាំងច្រើន
អ្នកញៀនសុរាជាច្រើន ទទួលស្គាល់ថា ខ្លួនភ្លេចច្រើន ហើយជួនកាលមិនទាំងដឹងខ្លួនថាបានធ្វើពីមុនមកផង ទោះជាមានអ្នកចាំប្រាប់ ឬ រំលឹកក៏ដោយ ។ ឧទាហរណ៍ ភ្ញាក់ពីគេងព្រឹកឡើង ដោយមិនដឹង ឬ ព្យាយាមរកនឹកហើយនៅតែនឹកមិនឃើញថា កាលពីយប់បានធ្វើអ្វីខ្លះ ហើយមកដល់ផ្ទះដោយរបៀបណា !

៦ – បដិសេធនឹងបញ្ហាញៀនសុរារបស់ខ្លួន
នៅពេលមានអ្នកជួយណែនាំ ឬ ព្រួយបារម្ភ ដោយប្រាប់ពីផលប៉ះពាល់សុខភាព ឬ ឱ្យផ្តាច់សុរា អ្នកញៀនសុរាតែងតែខឹងសម្បារ និង មិនគិតថា ការញ៉ាំសុរារបស់ខ្លួនវាចោទជាបញ្ហាអ្វីនោះទេ និយាយបែបសាមញ្ញ គឺមិនចង់និយាយ ឬ ចាប់អារម្មណ៍នឹងការលើកឡើងពីបញ្ហានេះរបស់អ្នកដទៃតែម្តង ។

៧ – មានលេសជានិច្ច
អ្នកញៀនសុរាភាគច្រើន មានភាពប៉ិនប្រសប់នឹងរកលេសនេះនោះ ដើម្បីជាហេតុផលនាំគ្នាទៅជប់លៀង ដូចជា ចុងសប្តាហ៍ ស្ត្រេសនឹងការងារពេក ចង់ជួបជុំគ្នាម្តង ។ល។ គឺហេតុផលមិនចេះអស់ ។

៨ – ចេះលួចលាក់សុរា
អ្នកញៀនសុរា ចូលចិត្តញ៉ាំទោះជាគ្មានអ្នកកំដរក៏ដោយ ហេតុនេះហើយ គេប្រាកដជាមានលាក់ឬទុកស្រាក្នុងឡានក្បាលដំណេក តុធ្វើការគឺកន្លែងដែលគេចំណាយពេលយូរ ឬ កន្លែងដែលចូលចិត្តញ៉ាំ ។ ជារួមទៅការលួចលាក់នេះ គឺដោយសារគេមិនចង់ឱ្យអ្នកណាម្នាក់ដឹងថាគេញៀន ៕    លក្ខិណា

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច