៨ វិធី​ សម្អាត​សម្ភារ​ប្រចាំថ្ងៃ​

១ – ស្នាមប្រឡាក់លើពែង និង ប៉ាន់តែ

ជាការពិតណាស់ទឹក«តែ»ក្តៅឧណ្ហៗពិតជាមានក្លិនឈ្ងុយនិងមានរសជាតិឆ្ងាញ់តែបើអ្នកភ្លេចលាងសម្អាតហើយទុកពែងចោលតែ ២ ទៅ ៣ ថ្ងៃ នោះអ្នកនឹងចាប់អារម្មណ៍ឃើញថាពែង«តែ»ចាប់ផ្តើមមានស្នាមប្រឡាក់កាន់ពណ៌របស់ទឹក«តែ» ។ សូមយកម្សៅបេកឃីងសូដាលាយទឹកបន្តិចកូរឱ្យរលាយរួចយកទៅដុសសម្អាតស្នាមប្រឡាក់ដែលជាប់លើពែងតែ ។

២ – កញ្ចក់ទូរទស្សន៍


អ្នកគិតថាកញ្ចក់ទូរទស្សន៍គ្រាន់តែយកអំបោសរោមសត្វបោសឱ្យអស់ធូលីរួចជាការស្រេចប៉ុន្តែអ្នកសាកល្បងប្តូរការសម្អាតដោយយក្រដាសចម្រោះកាហ្វេនោះអ្នកនឹងទទួលបានកញ្ចក់ទូរទស្សន៍ដែលគ្មានធូលីនិងគ្មានស្នាមប្រឡាក់ផ្សេងៗនៅពីលើទៀតនោះទេហើយក៏អាចយកទៅជូតសម្អាតជាមួយកញ្ចក់កុំព្យូទ័របានដូចគ្នា ។

៣ – អេប៉ុងលាងចាន


បន្ទាប់ពីប្រើអេប៉ុងជ្រលក់លាងជាមួយសាប៊ូហើយអ្នកមិនគួរទុកផ្អាប់ជាមួយទឹកទេព្រោះនាំឱ្យធុំក្លិននិងបង្កជាជម្រករបស់បាក់តេរីគឺត្រូវទុកនៅកន្លែងស្ងួតបន្ទាប់ពីប្រើហើយដោយគ្រាន់តែយកប្រដាប់កៀបក្រដាស(BinderClip)កៀបអេប៉ុង លាងចានសើមហើយភ្ជួរហាលឱ្យស្ងួត ។

៤ – ឆ្នាំងអ៊ុត


ពេលប្រើយូរបន្តិចឆ្នាំងអ៊ុតប្រាកដជាមានស្នាមប្រឡាក់ធ្វើឱ្យអ៊ុតខោអាវមិនសូវស្រួល ។ ដើម្បីដោះស្រាយបញ្ហានេះគឺមិនពិបាកនោះទេអ្នកគ្រាន់តែផ្តេកវាយ៉ាងម៉េចក៏បានតែត្រូវឱ្យផ្ទៃសម្រាប់អ៊ុតបែរបញ្ច្រាសឡើងលើហើយដោតខ្សែភ្លើង បើកឱ្យក្តៅសឹមយកអំបិលមករោយពីលើរង់ចាំឱ្យអំបិលរលាយអស់ទើបដកភ្លើងទុកឱ្យត្រជាក់ហើយខាត់ស្នាមប្រឡាក់នោះចេញ ។

៥ – សម្អាតស្នាមប្រឡាក់ជាមួយជ័ររុក្ខជាតិ


ប្រសិនបើសម្ភារណាមួយត្រូវជាប់ប្រឡាក់ជ័ររុក្ខជាតិអ្នកអាចយកសាច់កំណាត់ជ្រលក់ផ្តិតប្រេងអូលីវរួចយកមកត្រដុសជូតកន្លែងដែលប្រឡាក់ ។

៦ – ក្លិនទូទឹកកក


ប្រសិនជាបន្លែឬផ្លែឈើដែលដាក់ក្នុងទូទឹកកកមានធុំក្លិនរបស់ទូទឹកកកអ្នកអាចសាកល្បងបំបាត់ក្លិននោះដោយយកក្រដាសកាសែតមកក្រាលពីក្រោមបន្ទាប់ពីដកចេញពីទូទឹកកករួចទុកចោលមួយសន្ទុះដើម្បីឱ្យវាស្រូបក្លិន ។

៧ – ស្នាមក្រេមបបូរមាត់


បើសម្លៀកបំពាក់របស់អ្នកត្រូវប្រឡាក់ដោយស្នាមក្រែមនោះអ្នកគ្រាន់តែយកស្ប្រ៉ៃបាញ់សក់បាញ់ត្រង់កន្លែងដែលប្រឡាក់រួចទុកប្រហែល ១០ នាទីសឹមយកអេប៉ុងទន់ៗមកត្រដុសកន្លែងដែលប្រឡាក់ហើយបោកគក់ដូចធម្មតា ។

៨ – ប៉ូលាកង់រថយន្ត
ប្រេងលាបរបស់ទារកមិនត្រឹមតែធ្វើស្បែកទន់រលោងគួរឱ្យចង់ស្ទាបអង្អែលប៉ុណ្ណោះទេវាក៏អាចយកមកប៉ូលាកង់រថយន្តឱ្យភ្លឺរលោងផងដែរ ។ លាងសម្អាតកង់រថយន្តឱ្យស្អាតអស់ដី សឹមយកសាច់កំណាត់ចាស់ៗបន្តក់ប្រេងលាបខ្លួនរបស់ទារករួចជូតខាត់កង់រថយន្តតាមនោះក្រោយ ៕

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច