ហោរាសាស្ត្រសម្រាប់ថ្ងៃទី ១ ដល់ ១៥ ខែធ្នូ ឆ្នាំ ២០១៦

ឆ្នាំជូត
រាសីឡើងខ្ពស់ត្រដែត ការងាររកស៊ីជួញដូរកាក់កបល្អណាស់ ។ ក្នុងរយៈពេលនេះឱកាសល្អៗបានមកដល់ហើយ លោកអ្នកត្រូវរវៀសរវៃញាប់ដៃញាប់ជើងបន្តិច ព្រោះពេលវេលាជាមាសប្រាក់ ធ្វើច្រើនបានច្រើន តែលៃលកយ៉ាងណាចូរកុំមានចិត្តលោភលន់ឲ្យសោះ ។ លោកអ្នកអាចបណ្តាក់ទុនរកស៊ី ឬ ចេញទៅជួញដូរផ្លូវឆ្ងាយមិនថាផ្លូវគោក ឬ ផ្លូវទឹកឡើយគឺសមប្រកបទាំងអស់ ។ នៅតាមផ្លូវធ្វើដំណើរចូរកុំឈ្លក់វង្វែងនឹងបនល្បែងស្រីស្រាឲ្យសោះ ប្រយ័ត្នកើតរឿងរ៉ាវអាចបង់ខាតលាភសក្ការៈវិញ ។ ក្រៅពីនោះលោកអ្នកក៏ជាមនុស្សពូកែខាងសម្តីវោហារម្នាក់ដែរ បើទោះជាបាននិយាយស្តីអ្វីក៏មានគេចូលចិត្តស្តាប់ច្រើនដែរ ។ ចំពោះគូស្នេហ៍ប្រកបតែភាពផ្អែមត្រជាក់ដូចទឹកឃ្មុំ ។

ឆ្នាំឆ្លូវ
រាសីល្អជាមធ្យម ការងាររកស៊ីជួញដូរកាក់កបល្អគ្រាន់បើ ។ ក្នុងរយៈពេលនេះទោះជាលោកអ្នកប្រកបការងារអ្វីក៏ដោយចូរកុំធ្វេសប្រហែសឲ្យសោះ ជាពិសេសមុនពេលចុះហត្ថលេខា ឬ ផ្តិតស្នាមមេដៃលើលិខិតស្នាមផ្សេងៗ តោងចេះពិនិត្យពិច័យឲ្យបានល្អិតល្អន់ ទើបមិន ភ្លាំងភ្លាត់ និង មិនបង់ខាតផលប្រយោជន៍ឥតអំពើ ។ ក្នុងរយៈពេលនេះដែរ ពិតមែនតែមានផលចំណូលហូរចូលច្រើនគួរសមក្តី ។ តែមិនមានសល់អ្វីជាដុំកំភួនឡើយ ព្រោះចាយវាយខ្ជះខ្ជាយខ្លាំងពេកមិនខុសពីទូកធំក្តោងធំនោះដែរ ។ ក្រៅពីនោះ លោកអ្នកមិនត្រូវប្រគល់កិច្ចការសំខាន់ៗឲ្យគេកាន់កាប់ជំនួសឡើយ ប្រយ័ត្នគេកិបកេងយកផលចំណេញអស់ ។ ចំពោះគូស្វាមីភរិយាប្រយ័ត្នមានអ្នកក្រៅនាំរឿងមកអុជអាល ។

ឆ្នាំខាល
រាសីឡើងខ្ពស់ត្រដែត ការងាររកស៊ីជួញដូរមានការរីកចម្រើនលូតលាស់ទៅមុខជាលំដាប់ ។ ក្នុងរយៈពេលនេះទោះជាលោកអ្នកប្រកបការងារអ្វីក៏ដោយគឺត្រូវញាប់ដៃញាប់ជើងបន្តិច ទើបផលចំណូលមិនបោលហួសធ្លាក់ដល់ដៃអ្នកដទៃ ។ ក្នុងរយៈពេលនេះដែរបើមានបងប្អូនញាតិមិត្តមកបបួលរកស៊ីចូលហ៊ុនចូរកុំបដិសេធឲ្យសោះ ព្រោះជាដៃគូរកស៊ីដែលមានចិត្តត្រង់ទៅត្រង់មក តែលៃលកយ៉ាងណាត្រូវចេះបែងចែកផលចំណេញឲ្យសមចិត្តយើងចិត្តគេ ទើបការរកស៊ីចូលហ៊ុនគ្នាបានសុខយូរអង្វែង ។ ចំពោះគូស្នែហ៍ ដែលធ្លាប់ស្គាល់ចិត្តស្គាល់ថ្លើមគ្នាយូរហើយ ក្នុងរយៈពេលនេះ អាចគិតគូរឿងរៀបអាពាហ៍ពិពាហ៍បាន ដោយពុំមានឧបសគ្គអ្វីមករាំងស្កាត់ទៀតឡើយ ។

ឆ្នាំថោះ
រាសីស្រុតចុះខ្លាំង ការងាររកស៊ីជួញដូរជួបភាពស្មុគស្មាញច្រើន ។ ក្នុងរយៈពេលនេះទោះជាលោកអ្នកប្រកបការងារ ឬ រកស៊ីជួញដូរអ្វីក៏ដោយគឺមិនត្រូវធ្វើដោយទ្រង់ទ្រាយធំឡើយ ហើយក៏មិនត្រូវប្រព្រឹត្តល្បែងស៊ីសងដែរ ប្រយ័ត្នតែភ្លាត់ស្នៀតវិនាសអន្តរាយទ្រព្យអស់រលីងពីខ្លួន ។ ក្នុងរយៈពេលនេះដែរទោះជាលោកអ្នកប្រកបការងារអ្វីក៏ដោយចូរមានស្មារតីប្រុងប្រយ័ត្នជាប់ជានិច្ច ជាពិសេស ចំពោះអ្នកដែលប្រកបការងារនៅទីខ្ពស់ ចូរប្រយ័ត្នក្រែងជួបគ្រោះរបូតដៃរអិលជើងធ្លាក់ នាំឲ្យរងរបួសពិការហូតអាចបាត់បង់អាយុសង្ខារទៀតផង ។ ចំពោះ អ្នកបើកបរយានយន្តគ្រប់ប្រភេទ ប្រយ័ត្ន គ្រោះថ្នាក់អាចកើតឡើងក្នុងការបើកបរពេលយប់ ឬ ក្រោយពេលស្រវឹងជោកជាំ ។ ចំពោះគូស្វាមីភរិយា ជួបរឿងរកាំរកូសច្រើន ។

ឆ្នាំរោង
រាសីល្អជាមធ្យម ការងាររកស៊ីជួញដូរ រីកចម្រើនលូតលាស់ទៅមុខដោយសន្សឹមៗ ។ ក្នុងរយៈពេលនេះ ការងារ និង ការរកស៊ីជួញដូរពិតមែនតែងើបឡើងបន្តិចវិញក្តី តែប្រសិនបើបានជួបឱកាសល្អខ្លះៗដាច់ខាតមិនត្រូវមានចិត្តអន្ទះអន្ទែងពេកទេ ហើយរឹតតែមិនត្រូវប្រើដើមទុនធំ បណ្តាក់ទុនរកស៊ីលើមុខរបរណាដែលមិនទាន់ស្គាល់ច្បាស់លាស់ និង មានភាពស្រពិចស្រពិលនៅឡើយ ដើម្បីចៀសវាងការថ្លោះធ្លោយ នាំឲ្យបង់ខាតទ្រព្យឥតអំពើ ។ ក្នុងរយៈពេលនេះដែរ បើលោកអ្នកមានដំណើរទៅណាមកណាត្រូវយកចិត្តទុកដាក់ចំពោះសុវត្ថិភាពផ្ទាល់ខ្លួន ជាពិសេសចំពោះស្ត្រីភេទ មិនត្រូវដើរផ្លូវឆ្ងាយឬផ្លូវស្ងាត់ដាច់សង្វែងតែម្នាក់ឯងឡើយ ។ ចំពោះ គូស្នេហ៍មានភាពស្និទ្ធស្នាលដូចប្រក្រតី ។

ឆ្នាំម្សាញ់
រាសីល្អជាមធ្យម ការងាររកស៊ីជួញដូរកាក់កបល្អគ្រាន់បើ ។ ក្នុងរយៈពេលនេះទោះជាលោកអ្នកបានប្រកបការងារអ្វីក៏ដោយ ចូរកុំធ្វេសប្រហែសឲ្យសោះ ជាពិសេសចំពោះអ្នកជំនួញជួញដូរ មុនពេលប្រគល់ឬទទួលនូវមុខទំនិញសព្វសារពើ ចូរចេះពិនិត្យមើលគុណភាពនិងរាប់ចំនួនឲ្យបានច្បាស់លាស់ ទើបមិនចាញ់បោកគេ ។ ក្នុងរយៈពេលនេះដែរ បើមានមនុស្សសម្តីផ្អែមត្រជាក់មកធ្វើជាធ្នាក់ទាក់ទងលោកអ្នកឲ្យរួមការងារ ឬ បបួលរកស៊ីចូលហ៊ុន តោងចេះត្រិះរិះពិចារណាឲ្យបានល្អិតល្អន់ ទើបមិនធ្លាក់ចូលក្នុងល្បិចកលគេ ។ ក្រៅពីនោះបើលោកអ្នកមានដំណើរចេញទៅកម្សាន្តនៅតាមមាត់សមុទ្រទន្លេបឹងបួរ តោងប្រយ័ត្នក្រែងជួបគ្រោះលង់ទឹក ។ ចំពោះគូស្វាមីភរិយាមានភាពសុខដុមរមនា ។

ឆ្នាំមមី
រាសីស្រុតចុះខ្លាំង ការងាររកស៊ីជួញដូរមិនគ្រាន់តែបានជួបនឹងឧបស័គ្គច្រើនប៉ុណ្ណោះទេ ព្រមទាំងបានជួបគូប្រជែងជើងខ្លាំងចេញមុខមកតតាំងទៀតផង ។ លោកអ្នកត្រូវត្រៀមរៀបចំជើងព្រួលទុកសម្រាប់ទប់ទល់ជាមុន ទើបមិនបរាជ័យ ។ ក្នុងរយៈពេលនេះដែរ មុននឹងលោកអ្នកសេពគប់ជាមួយមិត្តភក្តិ ឬ រួមការងារជាមួយអ្នកណាម្នាក់ តោងចេះសង្កេតមើលសមាសភាពមនុស្សល្អ និងអាក្រក់ឲ្យបានច្បាស់លាស់ ទើបមិននាំអំពល់ទុក្ខដាក់ខ្លួន និងជាប់ពាក់ព័ន្ធក្នុងបទល្មើសផ្សេងៗ ។ ក្រៅពីនោះ បើលោកអ្នកមានការជួបជុំមិត្តភក្តិផឹកស៊ីសប្បាយក្អាកក្អាយ ចូរកុំសប្បាយជ្រុលភ្លេចខ្លួន ។ ប្រយ័ត្នសប្បាយក្លាយជាទុក្ខ ។ ចំពោះគូស្នេហ៍ក្នុងរយៈពេលនេះបើមិនឆាប់បញ្ចប់រឿងរកាំរកូសទេ គឺអាចប្រេះឆាគ្នា ។

ឆ្នាំមមែ
រាសីស្រុតចុះខ្លាំង ការងាររកស៊ីជួញដូរជួបរឿងរកាំរកូសច្រើន ។ ក្នុងរយៈពេលនេះ ចំពោះបុគ្គលិកកម្មករដែលបម្រើការងារនៅតាមក្រសួងមន្ទីរ ក្រុមហ៊ុនឬរោងចក្រនានា តោងចេះរំងាប់ចិត្តឲ្យត្រជាក់ ។ ដាច់ខាតមិនត្រូវបង្ករឿងឈ្លោះប្រកែកជាមួយចៅហ្វាយនាយឬថៅកែឡើយ ។ ពុំនោះទេ អាចបាត់បង់តួនាទីនិងកន្លែងធ្វើការជាក់ជាមិនខាន ។ ចំពោះបុរសហាមបង្ករឿងឈ្លោះប្រកែកជាមួយស្ត្រីភេទ ប្រយ័ត្នប្រុសប្រកែកស្រីប្រកាន់ ។ ក្នុងរយៈពេលនេះដែរ បើលោកអ្នកមានការនិយាយស្តីអ្វី តោងចេះប្រយ័ត្នមាត់កបន្តិច ព្រោះកាលបើមានពាក្យសម្តីនិយាយជ្រុលជ្រួសប៉ះសិទ្ធិអ្នកដទៃតែបន្តិច អាចបង្កជាជម្លោះចៀសមិនផុតឡើយ ។ ចំពោះគូស្វាមីភរិយាប្រយ័ត្នមានអ្នកក្រៅនាំរឿងមកអុជអាល ។

ឆ្នាំវក
រាសីឡើងខ្ពស់ត្រដែត ការងាររកស៊ីជួញដូររីកចម្រើនលូតលាស់ទៅមុខជាលំដាប់ ។ ក្នុងរយៈពេលនេះ ទោះជាលោកអ្នកប្រកបការងារអ្វីក៏ដោយក៏អាចបានទទួល ផលសម្រេចសមតាមបំណងប្រាថ្នាទាំងអស់ ព្រមទាំងត្រូវបានបងប្អូនញាតិសន្តានជួយជ្រោមជ្រែងយ៉ាងពេញទំហឹងទៀតផង ។ ចំពោះបុគ្គលិកកម្មករដែលបម្រើការងារនៅតាមក្រសួងមន្ទីរ ក្រុមហ៊ុនឬរោងចក្រនានានឹងបានទទួលការកោតសរសើរ និង ជឿទុកចិត្តពីចៅហ្វាយនាយ ឬ ថៅកែ ព្រមទាំងបានប្រគល់នូវតួនាទីនិងកិច្ចការសំខាន់ៗឲ្យលោកអ្នកកាន់កាប់ធ្វើជំនួសទៀតផង ។ ក្រៅពីនោះពិតមែនតែមានសុខភាពល្អជាក្តី តែកុំល្មោភស៊ីល្មោភផឹកឲ្យសោះ ទើបមិនអន្តរាយដល់ក្រពះនិងពោះវៀន ។ ចំពោះគូស្នេហ៍មានភាពល្អូកល្អិនល្អណាស់ ។

ឆ្នាំរកា
រាសីល្អជាមធ្យម ការងាររកស៊ីជួញដូរ រីកចម្រើនលូតលាស់ទៅមុខដោយសន្សឹមៗ ។ ក្នុងរយៈពេលនេះ ជួញជិតល្អជាងជួញឆ្ងាយ ព្រោះការចេញដើរផ្លូវឆ្ងាយ បើមិនបានជួបនឹងគ្រោះអាក្រក់ៗទេក៏នឹងបានត្រឹមតែបាតដៃទទេ និងនាំរឿងក្តៅក្រហាយត្រឡប់ចូលផ្ទះវិញប៉ុណ្ណោះ ។ ក្នុងរយៈពេលនេះដែរ មុននឹងលោកអ្នករួមការងារឬរកស៊ីចូលហ៊ុនជាមួយនឹងអ្នកណាម្នាក់ តោងចេះត្រិះរិះពិចារណាឲ្យបានច្បាស់លាស់ ទើបមិនចាញ់ល្បិចកលគេ នាំឲ្យបង់ខាតទ្រព្យឥតអំពើ ។ ក្រៅពីនោះ បើលោកអ្នកបានទៅចូលរួមនៅក្នុងពិធីបូណ្យទាន ឬ ពិធីជប់លៀងផ្សេងៗតោងចេះរៀបរឹកមារយាទឲ្យបានសមរម្យ និងសម្តីសំដៅឲ្យបានពីរោះពិសា ទើបមិនអាប់ឱនកិត្តិយស ។ ចំពោះគូស្វាមីភរិយា ប្រយ័ត្នមានអ្នកក្រៅនាំរឿងមកអុជអាល ។

ឆ្នាំច
រាសីស្រុតចុះខ្លាំង ការងាររកស៊ីជួញដូរជួបបញ្ហាលំបាកៗច្រើន ។ ក្នុងរយៈពេលនេះទោះជាលោកអ្នកប្រកបការងារអ្វីក៏ដោយចូរមានស្មារតីប្រុងប្រយ័ត្នជាប់ជានិច្ច ជាពិសេសមិនត្រូវរួមការងារជាមួយមនុស្សដែលមានតែសម្តីអួតក្អេងក្អាងនោះឡើយ ប្រយ័ត្នតែលង់ខ្លួនលង់ប្រាណវិនាសអន្តរាយទ្រព្យអស់រលីងពីខ្លួនជាក់ជាមិនខាន ។ ក្នុងរយៈពេលនេះដែរ ដោយសារតែមានផលចំណូលហូរចូលតិចតួចស្តួចស្តើង និង រកបានមកដោយកម្លាំងញើសឈាមនោះ កុំរកបានមកដោយតឹង តែចាយធូរឲ្យសោះ ប្រយ័ត្នអាចជះឥទ្ធិពលអាក្រក់ដល់សេដ្ឋកិច្ចគ្រួសារ ចំពោះគូស្នេហ៍ក្នុងរយៈពេលនេះ ប្រយ័ត្នមានជនទី៣ចូលជ្រៀតជ្រែក អាចធ្វើឲ្យចំណងស្នេហារង្គោះរង្គើ ។

ឆ្នាំកុរ
រាសីឡើងខ្ពស់ត្រដែតការងាររកស៊ីជួញដូរនៅតែកាក់កបល្អដដែល ។ ក្នុងរយៈពេលនេះទោះជាលោកអ្នកប្រកបការងារអ្វីក៏ដោយគឺត្រូវញាប់ដៃញាប់ជើងបន្តិច ព្រោះឱកាសល្អមិនមានច្រើនតទៅទៀតឡើយ ហើយក៏មិនត្រូវមានចិត្តស្ទាក់ស្ទើរដែរ ព្រោះបើសម្រេចចិត្តថាត្រូវធ្វើហើយ គឺត្រូវធ្វើឲ្យអស់ពីកម្លាំងកាយចិត្ត ទើបមិនបង់ខាតពេលវេលាឥតអំពើ ។ ក្នុងរយៈពេលនេះដែរ បើលោកអ្នកទទួលបានជោគជ័យអ្វីមួយហើយ គឺមិនត្រូវមានអំនួតអួតក្អេងក្អាងឡើយ ប្រយ័ត្នកើតរឿងរ៉ាវ អាចកាត់បន្ថយមិត្ត និង បង្កើនសត្រូវ ។ ក្រៅពីនោះបើលោកអ្នកមានដំណើរទៅណាមកណា គឺប្រកបតែសេចក្តីសុខក្សេមក្សាន្តទាំងពេលទៅ និង ត្រឡប់ ។ ចំពោះគូស្វាមីភរិយាមានភាពល្អូកល្អិនល្អណាស់ ៕

Loading...

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច