ធារី ចន្ថាប៊ិន និយាយអ្វីខ្លះ ខណៈកុងត្រាជាមួយក្លឹបភ្នំពេញក្រោនត្រូវបានបញ្ចប់?

កីឡាករបាល់ទាត់ខ្សែបម្រើដ៏ឆ្នើម ធារី ចន្ថាប៊ិន បានបញ្ចប់កុងត្រាជាមួយក្លឹបភ្នំពេញក្រោនហើយក្រោយពីលោកជ្រកកោនក្នុងក្លឹបមួយនេះអស់រយៈពេលជាង ៤ឆ្នាំ។ ក្រោយពីកុងត្រាត្រូវបានបញ្ចប់ជាមួយក្លឹបបាល់ទាត់មួយនេះហើយ តើ ធារី ចន្ថាប៊ិន និយាយអ្វីខ្លះទៅកាន់អ្នកគាំទ្រ ក៏ដូចជាមិត្តរួមក្រុមដែលនៅក្នុងក្លឹបជាមួយគ្នាអស់រយៈពេលជាង ៤ឆ្នាំមកនេះ?

ខាងក្រោមនេះជាសាររៀបរាប់របស់កីឡាករបាល់ទាត់ខ្សែបម្រើ ធារី ចន្ថាប៊ិន ដែលបានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកកាលពីយប់មិញនេះដូចតទៅ ៖

«ជូនចំពោះបងប្អូនអ្នកគាំទ្រទាំងអស់គ្នា៖

ខ្ញុំបាទសូមប្រកាសនូវការបញ្ចប់កុងត្រារបស់ខ្ញុំជាមួយនិង Phnom Penh Crown FC។ ក្នុងរយៈពេលជាង ៤ឆ្នាំ មកនេះ ខ្ញុំពិតជាមានភាពសប្បាយរីករាយ ដែលខ្ញុំបានរួមការងារជាមួយពួកគាត់  បណ្តុះបណ្តាលជំនាញ និង សម្រេចនូវបំណងប្រាថ្នាជាច្រើន។ ខ្ញុំមានមោទកភាពណាស់ដែលបានចុះកុងត្រាជាមួយក្លឹបមួយដែលឱ្យតម្លៃទៅលើវិស័យបាល់ទាត់ ការបណ្តុះបណ្តាលកីឡាករនីមួយៗ ការលើកស្ទួយវិស័យកីឡានៃប្រទេសជាតិ ហើយនិងមិត្តរួមក្រុមដែលតែងតែសម្លឹងទៅកាន់អនាគតកាលជានិច្ច។

ប៉ុន្តែគួរឱ្យសោកស្តាយ ខ្ញុំនិងក្លឹបបានសម្រេចចិត្តថានឹងបន្តទៅមុខទៀតក្នុងទិសដៅផ្សេងគ្នា ចាប់ពីពេលនេះតទៅ។ ហើយខ្ញុំនឹងត្រៀមខ្លួនជាស្រេច សម្រាប់លេងបន្តជាមួយក្រុមជម្រើសជាតិកម្ពុជា និងពុះពារគ្រប់ឱកាស និង ឧបសគ្គដែលរង់ចាំខ្ញុំក្នុងឆ្នាំ២០១៧!

ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្ររបស់ទាំងអស់គ្នា ហើយខ្ញុំនឹងមិនភ្លេចឡើយនូវកម្លាំងចិត្តដែលទាំងអស់គ្នាផ្តល់ឱ្យខ្ញុំ។ ខ្ញុំសង្ឃឹមថាទាំងអស់គ្នានឹងបន្តដំណើរជាមួយខ្ញុំដើម្បីសម្រេចនូវការជោគជ័យ នៃវិស័យកីឡាបាល់ទាត់របស់មាតុភូមិយើង!» BeeBe

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច