៣ វិធី ដើម្បីចំណងស្នេហ៍គង់វង្សយូរអង្វែង

ស្នេហាថ្មីថ្មោងប្រាកដជាមានភាពផ្អែមល្ហែមរ៉ូមែនទិក សប្បាយចិត្ត រីករាយ និង ភ័យអរៗ ពោលគឺគ្រប់រសជាតិតែម្តង ។ ក៏ប៉ុន្តែ តើទំនាក់ទំនងនេះនឹងស្ថិតនៅយូរអង្វែង ឬ យ៉ាងណានោះ វាទាមទារឱ្យគូរស្នេហ៍ចេះរក្សាចំណងស្នេហ៍ ចេះគោរពគ្នា ផ្តល់តម្លៃឱ្យគ្នា គាំទ្រគ្នា លើកទឹកចិត្តដល់គ្នាទៅវិញទៅមក ។

យើងសូមផ្តល់នូវគំនិតមួយចំនួនសម្រាប់គូស្នេហ៍ ដើម្បីរក្សាទំនាក់ទំនងបានស្អិតរមួត ទោះជាយូរឆ្នាំហើយក៏ដោយ ៖

១ – ផ្តល់តម្លៃដល់គូស្នេហ៍

  • ស្វែងយល់ពីចំណុចល្អរបស់គូស្នេហ៍ ជាជាងរំពៃមើលតែកំហុសឆ្គងរបស់គ្នាទៅវិញទៅមក តួយ៉ាងអ្នកអាចធុញនឹងទម្លាប់យឺតយ៉ាវរបស់ដៃគូ ប៉ុន្តែអ្នកគួរប្រាប់ខ្លួនឯងថា ប្រហែលជាគាត់មានហេតុផលសមស្រប ឬ យកចំណុចល្អផ្សេងទៀតរបស់ដៃគូមកប៉ះប៉ូវវិញ ។
  • មានចិត្តមេត្តាចំពោះគ្នា ដូចជា សួរនាំបង្ហាញការបារម្ភនៅពេលគូស្នេហ៍មិនសប្បាយចិត្ត ជួយរំលែកការងារផ្ទះ ឬ ផ្ញើសារស្នេហាជាការភ្ញាក់ផ្អើលដល់គូស្នេហ៍ ។

  • កុំមើលរំលងកិច្ចការតូចតាច ដូចជា ជួយបើកទ្វារឱ្យនាង ឬ និយាយពាក្យអរុណសួស្តីនៅពេលព្រឹកព្រលឹម ជាដើម ។
  • រក្សាភាពស្និទ្ធស្នាល ដូចជា ឱប ឬ ថើបនាង នៅពេលចេញទៅធ្វើការ និង ឬ មកពីធ្វើការ ។

២ – ចេះដោះស្រាយទំនាស់ជាមួយគ្នា

  • កុំទម្លាប់ធ្វើរឿងឈឺចិត្តធ្ងន់ធ្ងរដាក់គូស្នេហ៍ ដូចជា រិះគន់ បន្តុះបង្អាប់ បំបាក់មុខ និង ព្រងើយកន្តើយ ។ អ្នកអាចមិនសប្បាយចិត្តមួយគ្រា តែទោះជាយ៉ាងណាកុំលើកពាក្យលែងលះមកនិយាយ មិនត្រូវស្រែកគំហក និយាយយកត្រូវតែខ្លួនឯង ឬ មិនស្តាប់ការបកស្រាយរបស់ដៃគូឡើយ ។ ជាការល្អ អ្នកគួរបង្ហាញពីអារម្មណ៍អន់ចិត្តរបស់អ្នក ឬ សម្រុះសម្រួលយកផ្លូវកណ្តាល ដោយប្រើពាក្យពេចន៍ពន្យល់ណែនាំ លួងលោម បញ្ចុះបញ្ចូល ជាជាងការស្តីបន្ទោស ។

  • ចាត់ទុកបញ្ហាជារួម ដោយមិនទម្លាក់ដាក់ថាជាកំហុសម្ខាងៗ និង ស្វែងរកដំណោះស្រាយជាមួយគ្នា ។
  • តាំងចិត្តឱ្យទូលាយ ទទួលយកចំណុចខ្វះខាតដែលមិនអាចកែបាន ពីព្រោះគ្មាននរណាម្នាក់ល្អគ្រប់ដប់ត្រូវចិត្តយើងនោះទេ សូម្បីយើងខ្លួនឯងក៏នឹងមិនត្រូវចិត្តខ្លួនឯងម្តងម្កាលដែរ ។ ក្នុងករណីមានបញ្ហាមិនចុះសម្រុងបែបនេះ គួរចេះអង្គុយចុះនិយាយគ្នា ពិភាក្សារកចំណុចរួម ជាជាងប្រកាន់ ឬ កឈប់និយាយរកគ្នា ។
  • ចេះវិធីក្នុងការលើកឡើងពីបញ្ហា ដោយមិនឱ្យដៃគូអាក់អន់ចិត្ត ដូចជា ប្រើពាក្យទន់ភ្លន់ ក្រើនរំលឹក និង កាយវិការយកចិត្តទុកដាក់ ចៀសវាងធ្វើតាមអារម្មណ៍ខឹងទាំងកំរោល ។
  • រៀនសម្រុះសម្រួលគ្នាលើចំណុចដែលមិនអាចត្រូវគ្នា ឧទាហរណ៍ លើកនេះអ្នកជាអ្នកសម្រេចចិត្ត លើកក្រោយទុកឱកាសឱ្យដៃគូមានសិទ្ធសម្រេចចិត្តម្តង។

  • ចេះទទួលកំហុស និង សុំអភ័យទោសដោយចេញពីទឹកចិត្ត កុំនិយាយតែមាត់ ហើយលើកក្រោយធ្វើខុសតែរឿងដដែលៗ ។

៣ – លៃលកពេលវេលាសម្រាប់គូស្នេហ៍

  • រកពេលណាត់ជួបរ៉ូមែនទិកជាមួយគូស្នេហ៍តែពីរនាក់ ដើម្បីរំលឹកអនុស្សាវរីយ៍ចាស់ៗ ដូចជា ញ៉ាំអាហារពេលល្ងាច មើលកុន ដើរកម្សាន្តចុងសប្តាហ៍ ឬ ហាត់ប្រាណជាមួយគ្នា ។

  • សរសើរគួស្នេហ៍ជារឿយៗ ឧទាហរណ៍ សរសើរការតុបតែង និង ការស្លៀកពាក់ ប្រាប់នាង , គួរថា អ្នកពិតជាសប្បាយចិត្តដែលបាននៅក្បែរគ្នា ប្រាប់នាង , គួរថា អ្នកប្រាកដជាមិនអាចឆ្លងកាត់ការលំបាកបានទេ បើគ្មាននាង , គាត់ចាំជួយលើកទឹកចិត្ត ។ល។

  • កុំភ្លេចនិយាយពាក្យថា «ស្រឡាញ់ !» ហើយត្រូវនិយាយឱ្យសមស្របពេលវេលាផង កុំប្រើពាក្យស្រឡាញ់មកដោះសារពីកំហុស ឬ ការខកខានការណាត់ជួបរបស់អ្នក ។

  • ចែករំលែងរឿងល្អៗ និង សើចក្អាកក្អាយជាមួយគ្នា ។
  • ចូលរួមសកម្មភាព ឬ ព្រឹត្តការណ៍សង្គមជាមួយគ្នា ដូចជា ទៅវត្ត ចែកទាន ឬ អំណោយដល់ចាស់ៗ កុមារក្រីក្រ រៀនច្រៀង រាំជាមួយគ្នា ដើរកម្សាន្តថ្មើរជើង ឬ មើលថ្ងៃលិចជាមួយគ្នា ៕ លក្ខិណា

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច