ហោរាសាស្ត្រសម្រាប់ថ្ងៃទី ១៦ ដល់ ៣០ ខែវិច្ឆិកា ឆ្នាំ ២០១៦

ឆ្នាំជូត
រាសីល្អជាមធ្យម ការងាររកស៊ីជួញដូរកាក់កបល្អគ្រាន់បើ ។ ក្នុងរយៈពេលនេះទោះជាលោក អ្នកប្រកបការងារអ្វីក៏ដោយ ចូរកុំធ្វេសប្រហែសឲ្យសោះ ជាពិសេសចំពោះអ្នកជំនួញជួញដូរ មុនពេលប្រគល់ ឬ ទទួលមុខទំនិញសព្វសារពើ ចូរចេះពិនិត្យមើលគុណភាព និង រាប់ចំនួនឲ្យបានច្បាស់លាស់ ទើបមិនចាញ់បោកគេ ។ ក្នុងរយៈពេលនេះដែរមុននឹងលោកអ្នករួមការងារ ឬ រកស៊ីចូលហ៊ុនជាមួយអ្នកណាម្នាក់ តោងចេះត្រិះរិះពិចារណាឲ្យបានច្បាស់លាស់ ទើបមិនចាញ់ល្បិចកលគេ នាំឲ្យបង់ខាតទ្រព្យឥតអំពើ ។ ក្រៅពីនោះបើលោកអ្នកមានដំណើរចេញទៅកម្សាន្តនៅតាមមាត់សមុទ្រ ទន្លេ បឹងបួ តោងប្រយ័ត្នក្រែងជួបគ្រោះលង់ទឹក ។ ចំពោះគូស្វាមីភរិយាប្រយ័ត្នមានអ្នកក្រៅនាំរឿងមកអុជអាល ។

ឆ្នាំឆ្លូវ
រាសីស្រុតចុះខ្លាំង ការងាររកស៊ីជួញដូរជួបរឿងរកាំរកូសច្រើន ។ ក្នុងរយៈពេលនេះចំពោះបុគ្គលិកកម្មករដែលបម្រើការងារនៅតាមក្រសួងមន្ទីរ ក្រុមហ៊ុន ឬ រោងចក្រនានា តោងចេះរំងាប់ចិត្តឲ្យបានត្រជាក់ ដាច់ខាតមិនត្រូវបង្ករឿងឈ្លោះប្រកែកជាមួយនឹងចៅហ្វាយនាយ ឬ ថៅកែឡើយ ។ ពុំនោះទេអាចបាត់បង់តួនាទីនិងកន្លែងធ្វើការជាក់ជាមិនខាន ។ ចំពោះបុរសហាមបង្ករឿងឈ្លោះប្រកែកជាមួយស្ត្រីភេទ ប្រយ័ត្នប្រុសប្រកែកស្រីប្រកាន់ ។ ក្នុងរយៈពេលនេះដែរមុននឹងលោកអ្នកសេពគប់ជាមួយមិត្តភក្តិ ឬ រួមការងារជាមួយអ្នកណាម្នាក់ តោងចេះសង្កេតមើលសមាសភាពមនុស្សល្អ និង អាក្រក់ឲ្យបានច្បាស់លាស់ ទើបមិននាំអំពល់ទុក្ខដាក់ខ្លួនចំពោះគូរស្នេហ៍ ជួបរឿងរកាំរកូសច្រើន ។

ឆ្នាំខាល
រាសីល្អជាមធ្យម ការងាររកស៊ីជួញដូរ រីកចម្រើនលូតលាស់ទៅមុខដោយសន្សឹមៗ ។ ក្នុងរយៈពេលនេះ ការងារនិង ការរកស៊ីជួញដូរពិតមែនតែងើបឡើងបន្តិចវិញក្តី តែប្រសិនបើបានជួបឱកាសល្អខ្លះៗគឺដាច់ខាតមិនត្រូវមានចិត្តអន្ទះអន្ទែងពេកទេ ហើយរឹតតែមិនត្រូវប្រើដើមទុនធំសម្រាប់យកទៅបណ្តាក់ទុនរកស៊ីលើមុខរបរណាដែលមិនទាន់ស្គាល់ច្បាស់លាស់ និង មានភាពស្រពិចស្រពិលនៅឡើយ ដើម្បីចៀសវាងការថ្លោះធ្លោយ នាំឲ្យបង់ខាតទ្រព្យឥតអំពើ ។ ក្នុងរយៈពេលនេះដែរ លោកអ្នកមិនត្រូវប្រគល់កិច្ចការសំខាន់ៗឲ្យគេកាន់កាប់ជំនួសឡើយ ប្រយ័ត្នគេកិបកេងយកផលចំណេញអស់ ។ ចំពោះគូស្វាមីភរិយា ក្នុងរយៈពេលនេះ ប្រយ័ត្នមានអ្នកក្រៅនាំរឿងមកអុជអាល អាចធ្វើឲ្យគ្រួសារបែកបាក់ ។

ឆ្នាំថោះ
រាសីឡើងខ្ពស់ត្រដែត ការងាររកស៊ីជួញដូរនៅតែកាក់កបល្អដដែល ។ ក្នុងរយៈពេលនេះទោះជាលោកអ្នកប្រកបការងារអ្វីក៏ដោយគឺត្រូវញាប់ដៃញាប់ជើងបន្តិចព្រោះឱកាសល្អមិនមាននតទៅទៀតឡើយ ហើយក៏មិនត្រូវមានចិត្តស្ទាក់ស្ទើរផងដែរ ។ ម្យ៉ាងទៀតបើសម្រេចចិត្តថាធ្វើហើយគឺត្រូវធ្វើឲ្យអស់ពីកម្លាំងកាយចិត្ត ទើបមិនបង់ខាតពេលវេលាឥតអំពើ ។ ក្នុងរយៈពេលនេះដែរ បើលោកអ្នកបានទទួល ជោគជ័យអ្វីមួយហើយ ចូរកុំមានអំនួតអួតក្អេងក្អាងឲ្យសោះ ។ ប្រយ័ត្ន កើតជារឿងរ៉ាវ អាចកាត់បន្ថយមិត្ត និង បង្កើនសត្រូវចៀសមិនផុតឡើយ ។ ចំពោះគូស្នែហ៍ដែលធ្លាប់ស្គាល់ចិត្តស្គាល់ថ្លើមគ្នាយូរហើយ ក្នុងរយៈពេលនេះអាចគិតគូរឿងរៀបអាពាហ៍ពិពាហ៍បាន ដោយពុំមានឧបសគ្គអ្វីមករាំងស្កាត់ឡើយ ។

ឆ្នាំរោង
រាសីស្រុតចុះខ្លាំង ការងាររកស៊ីជួញដូរមិនគ្រាន់តែបានជួបនឹងឧបស័គ្គច្រើនប៉ុណ្ណោះទេ ព្រមទាំងជួបគូប្រជែងជើងខ្លាំងចេញមុខមកតតាំងទៀតផង ។ ដូច្នេះលោកអ្នកត្រូវត្រៀមរៀបចំជើងព្រួលទុកសម្រាប់ទប់ទល់ជាមុន ទើបមិនបរាជ័យ ។ ក្នុងរយៈពេលនេះដែរបើលោកអ្នកមានដំណើរទៅណាមកណាត្រូវយកចិត្តទុកដាក់ចំពោះសុវត្ថិភាពផ្ទាល់ខ្លួន ជាពិសេស ចំពោះស្ត្រីភេទ មិនត្រូវដើរផ្លូវឆ្ងាយឬផ្លូវស្ងាត់ដាច់សង្វែងតែម្នាក់ឯងឡើយ ។ ប្រយ័ត្នអាចជួបគ្រោះអាក្រក់ បង់ទាំទ្រព្យ បង់ទាំងកាយ ។ ក្រៅពីនោះ បើលោកអ្នកមានការជួបជុំមិត្តភក្តិផឹកស៊ីសប្បាយក្អាកក្អាយ ចូរកុំសប្បាយជ្រុលភ្លេចខ្លួន ប្រយ័ត្នសប្បាយក្លាយជាទុក្ខ ។ ចំពោះគូស្វាមីភរិយា ក្នុងរយៈពេលនេះ បើមិនឆាប់បញ្ចប់រឿងរកាំរកូសទេ គឺអាចប្រេះឆាគ្នាបាន ។

ឆ្នាំម្សាញ់
រាសីឡើងខ្ពស់ត្រដែត ការងាររកស៊ីជួញដូរបានកាក់កបល្អណាស់ ។ ក្នុងរយៈពេលនេះឱកាសល្អៗបានមកដល់ហើយ ដូច្នេះ លោកអ្នកត្រូវរវៀសរវៃញាប់ដៃញាប់ជើងបន្តិចព្រោះពេលវេលាជាមាសប្រាក់ ធ្វើច្រើនបានច្រើន ។ តែលៃលកយ៉ាងណាចូរកុំមានចិត្តលោភលន់ឲ្យសោះ ។ លោកអ្នកអាចបណ្តាក់ទុនរកស៊ី ឬ ចេញទៅជួញដូរផ្លូវឆ្ងាយមិនថាផ្លូវគោក ឬ ផ្លូវទឹកឡើយគឺសមប្រកបទាំងអស់ ។ តែនៅតាមផ្លូវធ្វើដំណើរចូរកុំឈ្លក់វង្វេងនឹងបនល្បែងស្រីស្រាឲ្យសោះ ប្រយ័ត្នបែរជាកើតរឿងរ៉ាវអាចបង់ខាតលាភសក្ករៈវិញ ។ ក្នុងរយៈពេលនេះដែរ ពិតមែនតែមានសុខភាពល្អជាក្តីតែកុំល្មោភស៊ីល្មោភផឹកឲ្យសោះ ទើបមិនអន្តរាយដល់ក្រពះ និង ពោះវៀន ។ ចំពោះគូស្នេហ៍ ប្រកបតែភាពផ្អែមត្រជាក់ដូចទឹកឃ្មុំ ។

ឆ្នាំមមី
រាសីស្រុតចុះខ្លាំង ការងាររកស៊ីជួញដូរជួបនឹងបញ្ហាលំបាកៗច្រើន ។ ក្នុងរយៈពេលនេះដោយសារតែមានផលចំណូលហូរចូលតិចតួចស្តួចស្តើង និងរកបានមកដោយកម្លាំងញើសឈាមនោះ កុំរកបានមកដោយតឹង តែចាយធូរឲ្យសោះ ប្រយ័ត្នអាចជះឥទ្ធិពលអាក្រក់ដល់សេដ្ឋកិច្ចគ្រួសារ ។ ក្នុងរយៈពេលនេះដែរ ទោះជាលោកអ្នកប្រកបការងារអ្វីក៏ដោយ ចូរមានស្មារតីប្រុងប្រយ័ត្នជាប់ជានិច្ច ជាពិសេសចំពោះ អ្នកដែលប្រកបកាងារនៅទីខ្ពស់ ចូរប្រយ័ត្នក្រែងជួបគ្រោះរបូតដៃរអិលជើងធ្លាក់ នាំឲ្យរងរបួសពិការហូតអាចបាត់បង់អាយុសង្ខារទៀតផង ។ ចំពោះអ្នកបើកបរយានយន្តគ្រប់ប្រភេទ តោងមានស្មារតីប្រុងប្រយ័ត្នជាប់ជានិច្ច ។ ចំពោះគូស្វាមីភរិយា ជួបរឿងរកាំរកូសច្រើន ។

ឆ្នាំមមែ
រាសីឡើងខ្ពស់ត្រដែត ការងាររកស៊ីជួញដូរមានការរីកចម្រើនលូតលាស់ទៅមុខជាលំដាប់ ។ ក្នុងរយៈពេលនេះទោះជាលោកអ្នកប្រកបការងារអ្វីក៏ដោយក៏អាចបានទទួល ផលសម្រេចសមតាមបំណងប្រាថ្នាទាំងអស់ ព្រមទាំងត្រូវបានបងប្អូនញាតិសន្តានជួយជ្រោមជ្រែងយ៉ាងពេញទំហឹងទៀតផង ។ ចំពោះបុគ្គលិកកម្មករដែលបម្រើការងារនៅតាមក្រសួងមន្ទីរ ក្រុមហ៊ុនឬរោងចក្រនានានឹងបានទទួល ការកោតសរសើរ និង ជឿទុកចិត្តពីចៅហ្វាយនាយឬថៅកែ ព្រមទាំងបានប្រគល់នូវតួនាទីនិងកិច្ចការងារសំខាន់ៗឲ្យលោកអ្នកកាន់កាប់ជំនួសទៀតផង ។ ក្រៅពីនោះបើលោកអ្នកមានដំណើរទៅណាមកណាគឺប្រកបតែសេចក្តីសុខក្សេមក្សាន្តទាំងពេលទៅនិងត្រឡប់ ។ ចំពោះគូស្នេហ៍ មានភាពល្អូកល្អិនល្អណាស់ ។

ឆ្នាំវក
រាសីល្អជាមធ្យម ការងាររកស៊ីជួញដូរកាក់កបល្អគ្រាន់បើ ។ ក្នុងរយៈពេលនេះទោះជាលោកអ្នកប្រកបការងារអ្វីក៏ដោយចូរកុំធ្វេសប្រហែសឲ្យសោះ ជាពិសេសមុនពេលចុះហត្ថលេខា ឬ ផ្តិតស្នាមមេដៃលើលិខិតស្នាមផ្សេងៗ តោងចេះពិនិត្យពិច័យឲ្យបានល្អិតល្អន់ ទើបមិនមានការភ្លាំងភ្លាត់និងមិនបង់ខាតផលប្រយោជន៍ឥតអំពើ ។ ក្នុងរយៈពេលនេះដែរ បើមានមនុស្សសម្តីផ្អែមត្រជាក់មកធ្វើជាធ្នាក់ទាក់ទងលោកអ្នកឲ្យរួមការងារឬបបួលរកស៊ីចូលហ៊ុន តោងចេះត្រិះរិះពិចារណាឲ្យបានល្អិតល្អន់ ទើបមិនធ្លាក់ចូលក្នុងល្បិចកលគេ ។ ក្រៅពីនោះ លោកអ្នកមិនត្រូវមានចិត្តលោភលន់ដោយចង់មានចង់បានឲ្យហួសប្រមាណពេកទេ ប្រយ័ត្នបែរជាកើតរឿងរ៉ាវ ។ ចំពោះ គូស្វាមីភរិយា មានភាពសុខដុមរមនា ។

ឆ្នាំរកា
រាសីស្រុតចុះខ្លាំង ការងាររកស៊ីជួញដូរជួបភាពស្មុគស្មាញច្រើន ។ ក្នុងរយៈពេលនេះ ទោះជាលោកអ្នកប្រកបការងារឬរកស៊ីជួញដូរអ្វីក៏ដោយ គឺមិនត្រូវធ្វើដោយទ្រង់ទ្រាយធំឡើយ ហើយក៏មិនត្រូវប្រព្រឹត្តល្បែងស៊ីសងដែរ ប្រយ័ត្នតែភ្លាត់ស្នៀតវិនាសអន្តរាយទ្រព្យអស់រលីងពីខ្លួន ។ ក្នុងរយៈពេលនេះដែរ បើលោកអ្នកមានការនិយាយស្តីអ្វី តោងប្រយ័ត្នមាត់កបន្តិច ព្រោះកាលបើមានពាក្យសម្តីនិយាយជ្រុលជ្រួសប៉ះសិទ្ធិអ្នកដទៃតែបន្តិច អាចបង្កជារឿងជម្លោះចៀសមិនផុតឡើយ ។ ក្រៅពីនោះលោកអ្នកមិនត្រូវយកខ្លួនទៅធានារឿងរបស់អ្នកដទៃឡើយ ប្រយ័ត្នធ្វើគុណបានទោស និង អាចនាំអំពល់ទុក្ខដាក់ខ្លួនទៀតផង ។ ចំពោះគូស្នេហ៍ប្រយ័ត្នមានជនទីបីចូលជ្រៀតជ្រែក ។

ឆ្នាំច
រាសីល្អជាមធ្យម ការងាររកស៊ីជួញដូរមានការរីកចម្រើនលូតលាស់ទៅមុខដោយសន្សឹមៗ ។ ក្នុងរយៈពេលនេះជួញជិតល្អជាងជួញឆ្ងាយ ព្រោះការចេញដើរផ្លូវឆ្ងាយ បើមិនបានជួបនឹងគ្រោះអាក្រក់ៗទេក៏នឹងបានត្រឹមតែបាតដៃទទេ និងនាំរឿងក្តៅក្រហាយត្រឡប់ចូលផ្ទះវិញប៉ុណ្ណោះ ។ ក្នុងរយៈពេលនេះដែរ បើលោកអ្នកបានទៅចូលរួមនៅក្នុងពិធីបូណ្យទាន ឬ ពិធីជប់លៀងផ្សេងៗតោងចេះរៀបប្ញកមារយាទឲ្យបានសមរម្យ និង ស ម្តីសំដៅឲ្យបានពីរោះពិសារ ទើបមិនអាប់ឱនកិត្តិយស ។ ក្រៅពីនោះ តមែនតែមានផលចំណូលហូរចូលច្រើនគួរសមក្តី ។ តែមិនមានសល់អ្វីជាដុំកំភួនឡើយ ព្រោះចាយវាយខ្ជះខ្ជាយខ្លាំងពេក ហើយក៏មិនខុសពីទូកធំក្តោងធំនោះដែរ ។ ចំពោះគូស្វាមីភរិយា ប្រយ័ត្នមានអ្នកក្រៅនាំរឿងមកអុជអាល ។

ឆ្នាំកុរ
រាសីឡើងខ្ពស់ត្រដែត ការងាររកស៊ីជួញដូរមានការរីកចម្រើនលូតលាស់ទៅមុខជាលំដាប់ ។ ក្នុងរយៈពេលនេះទោះជាលោកអ្នកប្រកបកិច្ចការងារអ្វីក៏ដោយ គឺត្រូវញាប់ដៃញាប់ជើងបន្តិច ទើបផលចំណូលមិនបោលហួសធ្លាក់ដល់ដៃអ្នកដទៃ ។ ក្នុងរយៈពេលនេះដែរបើមានបងប្អូនញាតិមិត្តស្កាត់មកបបួលរកស៊ីចូលហ៊ុនជាមួយ ចូរកុំបដិសេធឲ្យសោះ ព្រោះជាដៃគូរកស៊ីដែលមានចិត្តត្រង់ទៅត្រង់មក តែលៃលកយ៉ាងណាត្រូវចេះបែងចែកផលចំណេញ ឲ្យសមចិត្តយើងចិត្តគេ ទើបការរកស៊ីចូលហ៊ុនគ្នាបានសុខយូរអង្វែង ។ ក្រៅពីនោះលោកអ្នកក៏ជាមនុស្សពូកែខាងសម្តីវោហារម្នាក់ដែរព្រោះបើទោះជាបាននិយាយស្តីអ្វីក៏មានគេចូលចិត្តស្តាប់ច្រើនដែរ ។ ចំពោះគូស្វាមីភរិយាមានភាពល្អូកល្អិនល្អណាស់ ៕

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច