គន្លឹះ ៣ យ៉ាង រៀបចំហុងស៊ុយបន្ទប់គេងជួយលើករាសី

១- ទីតាំងគ្រែគេង
ក្បាលដំណេកគ្រែគេងមិនត្រូវដាក់តាំងចំមាត់ទ្វារបន្ទប់អនាម័យ មាត់ទ្វារបន្ទប់គេង មាត់បង្អួចចំពីមុខ ផ្ទាំងកញ្ចក់ឆ្លុះមុខ ហើយក្បាលដំណេកគ្រែគេងត្រូវតែដាក់អែបជាប់នឹងជញ្ជាំង ។ គ្រែគេងមិនត្រូវដាក់នៅចំក ណ្តាលបន្ទប់គេង មិនត្រូវដាក់នៅចំពីក្រោមអំពូលភ្លើង និងនៅចំពីក្រោមធ្នឹមផ្ទះឡើយ ។ ពុំនោះទេអាចជះឥទ្ធិពលអាក្រក់ដល់ជោគសុខភាព និងជោគអាពាហ៍ពិពារហ៍ជាក់ជាមិនខាន ។ ក្រៅពីនោះនៅក្នុងបន្ទប់គេងមិនត្រូវ ប្រើពណ៌ស្រស់ឆើតឆាយពេកទេ ព្រោះអាចជះឥទ្ធិពលអាក្រក់ដល់ជោគរាសីរបស់មនុស្សប្រុស ។ ដូចជាងាយនឹង លួចមានស្នេហាក្រៅផ្ទះ ឬ អាចបំផ្លាញទ្រព្យធន ។

ម្យ៉ាងទៀតចំពោះមនុស្សដែលចំណុះធាតុឈើ និង ធាតុភ្លើង គួរប្រើគ្រែគេងធ្វើពីឈើ ដោយក្បាលដំណេ កត្រូវបែរចំទិសខាងកើត ឬ ខាងត្បូង ។ រីឯគ្រឿងសម្ភារៈប្រើប្រាស់នៅលើគ្រែគេង គួរប្រើពណ៌បៃតង និង ក្រហម ។ ចំពោះមនុស្សដែលចំណុះធាតុមាស និង ធាតុទឹក គួរប្រើគ្រែគេងធ្វើពីលោហធាតុ ដោយក្បាលដំណេក ត្រូវបែរចំទិសខាងលិច និង ខាងជើង ។ គ្រឿងសម្ភារៈប្រើប្រាស់នៅលើគ្រែគេង គួរប្រើពណ៌ស ខ្មៅ និង ខៀវ ។ ចំពោះមនុស្សដែលចំណុះធាតុដីស្ងួត គួរប្រើគ្រែគេងធ្វើពីឈើ ដោយក្បាលដំណេកត្រូវបែរចំទិសនីរតីពាយ័ព្យ និងទិសខាត្បូង ។ គ្រឿងសម្ភារៈប្រើប្រាស់នៅលើគ្រែគេង គួរប្រើពណ៌លឿងទឹកក្រូច ។ ចំពោះមនុស្សដែលចំណុះធាតុដីសើម គួរប្រើគ្រែគេងធ្វើពីឈើ ដោយក្បាលដំណេកត្រូវបែរចំទិស អគ្នេយ៍ឥសាន ឬ ទិសខាងជើង ។ រីឯគ្រឿងសម្ភារៈប្រើប្រាស់នៅលើគ្រែគេង គួរប្រើពណ៌ខ្មៅ ខៀវ ឬ ពណ៌ណា ដែលមិនសូវស្រស់ឆើតឆាយពេក ។

២- ពណ៌សម្រាប់តុបតែងបន្ទប់គេង
ចំពោះពណ៌សម្រាប់តុបតែងនៅក្នុងបន្ទប់គេងក៏ជាកត្តាដ៏សំខាន់ដែរក្នុងការជួយលើកតម្កើងជោគរាសីរបស់មនុស្សគ្រប់រូប ដោយអាស្រ័យទៅតាមធាតុផ្សេងៗពីគ្នា ដែលក្នុងនោះរួមមានពណ៌សម្រាប់គ្រឿងសម្ភារៈ ប្រើប្រាស់នៅលើគ្រែ ពណ៌ឥដ្ឋការ៉ូ ពណ៌ជញ្ជាំង ពណ៌ពិដាន ពណ៌វាំងននទ្វារ ឬ បង្អួច ពណ៌អំពូលភ្លើង និង ពណ៌គ្រឿងសម្ភារៈប្រើប្រាស់ផ្សេងៗ ។

ចំពោះអ្នកចំណុះធាតុឈើ និង ធាតុភ្លើង គួរប្រើពណ៌បៃតង ក្រហម និងពណ៌លឿងទឹកក្រូច ។ ចំពោះ អ្នកមានធាតុមាស និង ធាតុទឹក គួរប្រើពណ៌ទឹកមាសខ្ចី ពណ៌ប្រាក់ ពណ៌ស ខ្មៅ ខៀវ និង ពណ៌ប្រផេះ ។ ចំពោះ អ្នកចំណុះធាតុដីស្ងួត គួរប្រើពណ៌បៃតង ក្រហម និងពណ៌លឿងទឹកក្រូច ។ ចំពោះអ្នកចំណុះធាតុដីសើម គួរប្រើ ពណ៌ទឹកមាសខ្ចី ពណ៌ប្រាក់ ពណ៌ស ខ្មៅ ខៀវ ប្រផេះ និង ពណ៌ដីឥដ្ឋ ។

៣- ការដាក់តាំងលម្អគ្រឿងសម្ភារៈនៅក្នុងបន្ទប់គេង
បើតាមក្បួនហុងស៊ុយ នៅក្នុងបន្ទប់គេងត្រូវការភាពស្ងប់ស្ងាត់ល្អ ។ ដូច្នេះមិនគួរដាក់តាំងលម្អគ្រឿង សម្ភារៈ ឬ ព្យួររូបភាពរណែងរណោងច្រើនពេកទេ ជាពិសេស មិនគួរដាក់តាំងក្បាលពពែ ក្បាលខ្លា ស្នែងគោ ស្នែងក្របី ភ្លុកដំរី គ្រោងឆ្អឹងសត្វ ឬគ្រោងឆ្អឹងមនុស្សឡើយ ជាពិសេសមិនត្រូវដាក់តាំងឧបករណ៍មុខស្រួចដូចជា កាំបិតពូថៅ ដាវរំពែង ឬ គ្រៀងសព្វាងវុធសម្រាប់ប្រល័យលោកនោះទេ ព្រោះវត្ថុអស់ទាំងនេះ គឺជាវត្ថុអពមង្គលដែលអាចជះឥទ្ធិពលអាក្រក់ដល់ជោគសុខភាព ជោគអាពាហ៍ពិពាហ៍ ឬ ជោគការងារផ្សេងៗទៀតផង ។

ប៉ុន្តែប្រសិនបើលោកអ្នកចង់ដាក់តាំងវត្ថុផ្សេងៗនៅក្នុងបន្ទប់គេងស្របទៅតាមក្បួនហុងស៊ុយនោះ គឺអាស្រ័យទៅតាមចំណុះធាតុរបស់មនុស្សម្នាក់ៗ ។ តួយ៉ាងដូចជាចំណុះធាតុទឹក និង ធាតុឈើ អាចព្យួរគំនូរូបត្រី នៅក្នុងនៅក្នុងអាងចិញ្ចឹមត្រី រូបចម្លាក់ពីឈើ ឬ រូបគំនូផ្សេងៗដែលគូរលើក្រណាត់ ។ ចំពោះអ្នកចំណុះធាតុឈើ និង ធាតុភ្លើង អាចដាក់តាំងដើមរុក្ខជាតិ ឬ ថូផ្កា ។ អ្នកចំណុះធាតុមាស និង ធាតុទឹក អាចព្យួររូបគំនូរត្រីកន្ទុយ ៣ ។ ចំពោះអ្នកចំណុះធាតុភ្លើង និង អាតុដី គឺអាចដាក់តាំងឧបករណ៍ដែលផលលិតចេញពីថ្មម៉ាប ៕ គ ឡេង

Loading...

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច