ហួសចិត្ត ! ព្រោះចង់ធ្វើអត្តឃាត តារាម៉ូដែលថៃស្រស់ស្អាតប្រើប្រាស់វិធីបែបនេះ

កាលពីពេលថ្មីៗនេះ តារាម៉ូដែលថៃល្បីឈ្មោះ Namzom Zomy ឬ គេច្រើនស្គាល់ថា Kritada Tubimphol មានចេតនាបានបើករថយន្តម៉ាក BMW របស់ខ្លួនទៅបុកនឹងរថយន្ត ៨ គ្រឿងផ្សេងទៀត ដែលបណ្តាលឲ្យមនុស្សពីរនាក់រងរបួស ឯចំណែកហេតុផលវិញគឺគួរឲ្យហួសចិត្ត ។

យោងតាមសារព័ត៌មានបានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងទីក្រុងបាងកក ហើយដំបូងឡើង តារាម៉ូដែលវ័យ ២៨ ឆ្នាំរូបនេះ បានបើករថយន្តខ្លួនទៅបុកនឹងរថយន្តម៉ាក Honda Civic រួចក៏រេចង្កូតទៅបុកនឹងតាក់ស៊ីមួយគ្រឿង ហើយបន្តបុករះដល់រថយន្តជាច្រើនគ្រឿងផ្សេងទៀត ដែលសរុបទៅគឺ ៨ រថយន្ត ។ សាក្សីផ្ទាល់ភ្នែកបានប្រាប់ឲ្យដឹងថា ក្រោយកើតហេតុ តារាស្រីរូបនេះបានចុះពីលើរថយន្តខ្លួន ហើយស្រែកថាខ្លួនចង់ស្លាប់ និង ថែមទាំងចង់ឲ្យអ្នកដំណើរទាំងអស់នៅទីនោះវាយនាងមក បើពួកគេចង់ ។ មិនត្រឹមតែប៉ុណ្ណោះ នាងថែមទាំងហាមាត់ខ្ចីកាំភ្លើងរបស់ប៉ូលីស ដោយចង់យកវាមកបាញ់សម្លាប់ខ្លួនឯងទៀតផង ។

ក្រុមប៉ូលីសបានឲ្យដឹងថា នាងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ Paolo Memorial ក្រោយពីនាងសន្លប់ និង រកឃើញថ្នាំជំនួយសរសៃប្រសាទក្នុងកាបូបនាង ។ ក្រុមគ្រួសារនាងបានឲ្យដឹងដែរថា សព្វថ្ងៃ នាងកំពុងរងគ្រោះពីជំងឺសរសៃប្រសាទ និង កំពុងស្ថិតក្រោមការព្យាបាល ។ គួរបញ្ជាក់ដែរថា តារាស្រីរូបនេះត្រូវបានគេផាកពិន័យពីបទបើកបរធ្វេសប្រហែស និង សេពគ្រឿងញៀន ក្រោយពីធ្វើតេស្តរកឃើញមានសារជាតិញៀន ៕

រិទ្ធី (ប្រភព ៖ ឡបលីផប)

ចូលចិត្តអត្ថបទថ្មីៗទាក់ទងនឹងតារាសូមចុច